ភ្នំពេញៈ ចៅក្រមថ្មី ៣៩ រូប និងព្រះរាជអាជ្ញាថ្មីចំនួន ១៥ រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងស៊ប់ និងចាត់ចែងឲ្យទៅបំពេញការងារ នៅតាមតុលាការទូទាំងប្រទេស ខណៈចៅក្រម និងព្រះរាជអាជ្ញាមានបទពិសោធមួយចំនួនទៀតត្រូវបានប្ដូរតួនាទី និងប្រគល់ការងារនៅកន្លែងថ្មី។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី ១៨ ខែកក្កដាបានប្រកាសតែងតាំងចៅក្រមថ្មីចំនួន ៣៩ រូប ដើម្បីបំពេញការងារនៅតាមសាលាដំបូងខេត្តចំនួន ២០ និងព្រះរាជអាជ្ញាចំនួន ១៥ រូប ដើម្បីទៅបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្តចំនួន ១៤។
ទាំងចៅក្រម និងព្រះរាជអាជ្ញាថ្មីទាំងអស់មានសិទ្ធិទទួលប្រាក់បៀវត្សរ៍មូលដ្ឋាន និងប្រាក់ឧបត្ថម្ភផ្សេងទៀតតាមច្បាប់កំណត់។ ពួកគាត់ក៏នឹងទទួលបាននូវសិទ្ធិទទួលប្រាក់ឧបត្ថម្ភផ្សេងៗ និងសិទ្ធិឡើងឋានន្តរស័ក្តិ ឬឡើងឋានៈដោយត្រូវបានគិតចាប់ពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០។
ស្របពេលជាមួយគ្នានេះព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង និងប្ដូរតួនាទីចៅក្រមព្រះរាជអាជ្ញានៅសាលាឧទ្ធរណ៍តំបន់ និងនៅតាមសាលាដំបូងមួយចំនួន។ ព្រះរាជក្រឹត្យដាច់ដោយឡែកចុះថ្ងៃទី ១៨ ខែកក្កដា បានបញ្ជាក់ថាលោក នួន សាន ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងលោក សុខ កល្យាណ ត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ និងលោកស្រី អ៊ិន ម៉ានិត្យ ត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។
ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់តែងតាំងលោក កែ សាខន ជាប្រធានសាលាដំបូងខេត្តព្រៃវែងលោក កោ វណ្ឌី ជាប្រធានសាលាដំបូងខេត្តព្រះសីហនុនិង លោក តុប ឈុន ហេង ជាប្រធានសាលាដំបូងខេត្តក្រចេះ។ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមត្រូវបានផ្ទេរមកកាន់តំណែង ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក វង្ស ប៊ុនវិសុទ្ធ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងលោក គឺ ប៊ុណ្ណារ៉ា ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ស្របពេលជាមួយគ្នានេះចៅក្រម ២ រូបត្រូវបានផ្ទេរមុខងារពីការបំពេញការងារនៅតុលាការមកបម្រើការជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។ ចៅក្រមទាំង ២ រូបនេះរួមមានលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លី សុផាណា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
លោក សំ ប្រជាមានិត អ្នកនាំពាក្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្លែងពីម្សិលមិញថា ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ទូទាំងប្រទេសមានចំនួន ៤៨៤ នាក់ក្នុងនោះចៅក្រមមានចំនួន ៣០៥ នាក់ព្រះរាជអាជ្ញាមានចំនួន ១៧៩ នាក់។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រខេត្តតាកែវនៃអតីតគណបក្សសង្គ្រោះជាតិថ្លែងថា លោកសង្កេតឃើញមានការផ្លាស់ប្ដូរជាបន្តបន្ទាប់ ប៉ុន្តែហាក់ដូចជាមិនមានប្រសិទ្ធភាពក្នុងការផ្ដល់យុត្តិធម៌ដល់ពលរដ្ឋ។
លោកថ្លែងថា៖ «តាមត្រង់ទៅ មិនសំខាន់ទៅលើការផ្លាស់ប្ដូរ មិនសំខាន់ទៅលើចំនួនមន្ត្រីចៅក្រមនោះទេ សំខាន់មែនទែនគឺកិច្ចការមានប្រសិទ្ធភាព ហើយដើម្បីឲ្យមានប្រសិទ្ធភាពក្នុងប្រព័ន្ធយុត្តិធម៌ ទាល់តែពិនិត្យមើលលើអំពើពុករលួយឲ្យខ្លាំងមែនទែន។ ខ្ញុំនៅតែគ្មានជំនឿថា អាចនឹងមានប្រសិទ្ធភាពទេ បើសិនជាការអនុវត្តច្បាប់ពុករលួយក្ដី អីក្ដី នៅតែធូររលុង បណ្ដែតបណ្ដោយ ជាពិសេសប្រព័ន្ធតុលាការដែលជាអ្នកមានអំណាចមែនទែននោះ បែរជាប្រព្រឹត្តអំពើពុករលួយខ្លួនឯង។ នេះធ្វើឲ្យកិច្ចការនេះមិនមានប្រសិទ្ធភាពទេ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថាថា៖ «ជាទូទៅយើងនៅត្រូវការចៅក្រមបន្ថែមទៀតដោយផ្អែកលើទិន្នន័យសំណុំរឿង ក៏ដូចជាតម្រូវការជាក់ស្ដែងពាក់ព័ន្ធនឹងការកើនឡើងនៃសំណុំរឿងតាមតុលាការ»។
លោកបន្តថា៖ «ការតែងតាំង ការផ្លាស់ប្ដូរចៅក្រមព្រះរាជអាជ្ញា គឺជាដំណើរការប្រព្រឹត្តទៅជាប្រក្រតីទេក្នុងការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងរដ្ឋបាលគ្រប់គ្រងស្ថាប័នដែលអនុញ្ញាតដោយច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញាក៏ដូចជាច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»៕