ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ ទី​ ១២ ឧសភា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្ដិធម៌​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

ក្នុង​ព្រះរាជក្រឹត្យ​ដដែល ព្រះមហាក្សត្រ​ក៏បាន​បញ្ចប់​មុខ​តំណែង​លោក អង្គ វង្សវឌ្ឍានា ពី​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផងដែរ បន្ទាប់ពី​លោក​ត្រូវ​បាន​តែងតាំង​កាលពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩​។

តាម​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជំពូក​ ២ មាត្រា​ ៤ ​បាន​ចែងថា ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ស្ថិតក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ និង​រួមមាន​សមាសភាព​ដូចជា​រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​, ប្រធាន​តុលាការ​កំពូល និង​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ជា​សមាជិក​។ សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទាំងអស់​នេះ​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​។ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​លើក​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ថ្វាយ​ព្រះមហាក្សត្រ​ចំពោះ​កិច្ចការ​នេះ​។

លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុមប្រឹក្សា​ជំនួយ​ផ្នែក​ច្បាប់​បានលើក​ឡើង​កាលពី​ម្សិលមិញ​ថា ការតែងតាំង​លោក កើត រិទ្ធ ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ ព្រោះ​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​ថ្មី​ត្រូវ​ឡើង​កាន់​តំណែង​នេះ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​។

ក៏ប៉ុន្តែ​លោក​មិនអាច​បង្ហាញ​ពី​ការ​អនុវត្ដ​តួនាទី​ភារកិច្ច​របស់​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ទេ ដោយ​លោក​បញ្ជាក់​ថា កន្លងមក​ក្រុម​ការងារ​នេះ​មិនបាន​បង្ហាញ​ជា​សាធារណៈ​។

លោក​ថា​៖ «​ទាក់ទង​នឹង​ការងារ​របស់​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នេះ​មាន​តម្លាភាព​បែបណា​នោះ​ទាល់តែ​ឲ្យ​គេ​ដឹង បើ​គេ​មិន​ដឹងផង​ធ្វើ​ម៉េច​នឹង​ឲ្យ​បង្ហាញ​ពី​តម្លាភាព​កើត​។ ​ចំពោះ​ការពង្រឹង​ឯករាជភាព​ផ្នែក​ច្បាប់​តាមរយៈ​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក៏​យើង​មិនអាច​ដឹង​ដែរ ព្រោះ​យោងតាម​ច្បាប់​នៃ​ការរៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម សមាជិក​ថ្មី​គឺ​មាន​អ្នកនយោបាយ​ក្នុង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ​»​។

លោក សុក សំអឿន បន្ត​ថា​៖ «​ធម្មតា​ឲ្យ​តែមាន​អ្នក​នយោបាយ​ចូល​រឿង​អី ភាគច្រើន​លាយ​គ្នា​ហើយ​។ លាយ​ទាំង​នយោបាយ​លាយ​ទាំង​ច្បាប់​ហើយ​។ ស្ថាប័ន​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជា​ស្ថាប័ន​បច្ចេកទេស យក​ល្អ​ឲ្យ​មាន​អ្នកបច្ចេកទេស​ច្រើន​ទើប​អាច​បាន​ទៅរួច បើ​មាន​អ្នកនយោបាយ​ច្រើន វា​គ្រប់គ្រង​តាម​នយោបាយ​ហើយ​»​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​បានបញ្ជាក់​បន្ថែម​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការតែងតាំង​លោក កើត រិទ្ធ ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ​ជា​ការប្រព្រឹត្ដ​ទៅ​តាមច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការផ្លាស់ប្ដូរ​តួនាទី​នេះ​គឺជា​បែបបទ​រដ្ឋបាល​ទូទៅ​ទេ ដើម្បី​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់​តែ​ប៉ុណ្ណោះ ព្រោះ​ច្បាប់​បាន​ចែង​ថា រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ ដូច្នេះ​អ្នកណា​ក៏ដោយ​ឲ្យ​តែ​ឡើង​មកជា​រដ្ឋមន្ត្រី​ក្រសួង​យុត្ដិធម៌​គឺ​ត្រូវ​តែងតាំង​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​»៕