ភ្នំពេញៈ ព្រះករុណា​ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ចៅក្រម​ចំនួន​ ១៨ ​រូប​នៃ​សាលាឧទ្ធរណ៍​តំបន់​ចំនួន ៣ ក្នុង​នោះ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ចំនួន ៦ រូប បាត់ដំបង​ចំនួន ៦ រូប និង​​ព្រះសីហនុ ចំនួន ៦ រូប​។

យោងតាម​ព្រះរាជក្រឹត្យ​ដែល​ត្រូវបាន​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០ បាន​ត្រាស់បង្គាប់​តែងតាំង​លោក ទី សំណាង វរចៅក្រម​ថ្នាក់​ទី​ ១ និង​លោក រៀល សុភិន វរព្រះរាជអាជ្ញា​ថ្នាក់​ទី​ ១ រួម​នឹង​វរចៅក្រម​ថ្នាក់​លេខ​ ៣-៤ ចំនួន​ ៤ រូប​ទៀត​ជា​ចៅក្រម​សាលាឧទ្ធរណ៍​ខេត្ដ​ត្បូងឃ្មុំ​។ ចំណែក​លោក អ៊ី ឃាង ​និង​លោក​ ម៉ុង មុនីសោភា វរចៅក្រម​ថ្នាក់​លេខ​ ៣ រួម​នឹង​វរចៅក្រម​ថ្នាក់​លេខ ៣-៤ និង​វរព្រះរាជអាជ្ញា​ថ្នាក់​លេខ ២-៤ ចំនួន​ ៤ រូប​ទៀត​ជា​ចៅក្រម​សាលា​ឧទ្ធរណ៍​ខេត្ដ​បាត់ដំបង​។

រីឯ​លោក សួន សំណាង ឧត្តមចៅក្រម​ថ្នាក់​លេខ​ ៥ និង​លោក យាប់ មេត្តា ឧត្ដមចៅក្រម ថ្នាក់​លេខ​ ៦ រួម​នឹង​វរចៅក្រម​ថ្នាក់​លេខ ១-៣-៤ និង​វរព្រះរាជអាជ្ញា​ថ្នាក់​លេខ​ ៤ ចំនួន ៤ រូប​ទៀត​ជា​ចៅក្រម​សាលាឧទ្ធរណ៍​ខេត្ដ​ព្រះសីហនុ​។ សាលាឧទ្ធរណ៍​ភ្នំពេញ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ សាលាឧទ្ធរណ៍​បាត់ដំបង និង​សាលាឧទ្ធរណ៍​ព្រះសីហនុ​ត្រូវបាន​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​ឡើង​កាលពី​ថ្ងៃទី​ ១៧ ខែសីហា ឆ្នាំ​ ២០១៩ ដើម្បី​សម្រួល​ដល់​ការកាត់ក្ដី​សំណុំរឿង​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ដ​។

ដោយឡែក​កាលពី​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ ឡាយព្រះហស្តលេខា ត្រាស់បង្គាប់​តែងតាំង​លោក ម៉ុង មុនីចរិយា ដែល​ជា​ឧត្តមចៅក្រម​ថ្នាក់​លេខ ១ ជា​ប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ និង​ព្រះរាជអាជ្ញា វ៉េង ប៊ុនធឿន ជា​អនុប្រធាន​សាលា​ឧទ្ធរណ៍​នេះ​។ ចំណែក​ចៅក្រម សម ប៊ុនថុន ​ត្រូវបាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង និង​លោក ធូ មណី ជា​អនុប្រធាន​សាលាឧទ្ធរណ៍​នេះ​។ រីឯ​លោក ប៉ាកច័ន្ទ សំបូរ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ ខណៈ​ដែល​តំណែង​ប្រធាន​នៅ​ទំនេរ​នៅឡើយ​។

តាម​ព្រះរាជក្រឹត្យ​ដដែល​ក្រៅពី​ការតែងតាំង​តំណែង​ប្រធាន​ និង​អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់​ទាំង​ ៣ ​ព្រះមហាក្សត្រ​ក៏បាន​តែងតាំង​អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និង​ព្រះរាជអាជ្ញា​ចំនួន ១២ រូប​សម្រាប់​សាលាឧទ្ធរណ៍​តំបន់​ថ្មី​ទាំង​ ៣ ​នេះ​ផងដែរ​។ ជាមួយ​គ្នា​នេះ​អនុប្រធាន និង​ចៅក្រម​ចំនួន ៣២ រូប និង​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង ១៥ រូប​ក៏​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្ទេរ​ និង​តែងតាំង​នៅតាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ទី​ ២៣ ខែកុម្ភៈ​ថា សាលាឧទ្ធរណ៍​តំបន់​ទាំង​ ៣ នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​មេសា​ខាងមុខ​តទៅ​។

លោក​ថ្លែងថា​៖ «​ការតែងតាំង​មន្ត្រី​គឺ​គេ​ពិចារណា​ទៅលើ​គុណវុឌ្ឍិ​ច្បាស់លាស់​ណាស់ គឺ​រួមមាន​បទពិសោធ​សមត្ថភាព កម្រិត​សញ្ញាបត្រ​រួមមាន​ក្របខ័ណ្ឌ​ឋានន្តរស័ក្ដិ​របស់​មន្ត្រី​នីមួយៗ ដើម្បី​ឲ្យ​ត្រូវ​ទៅតាម​តួនាទី និង​ភារកិច្ច​។ ការសម្រេច​តែងតាំង​នេះ​គឺ​សម្រេច​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​មាន​ការពិភាក្សា​គ្នា​ការសិក្សា​ពិនិត្យ​ច្បាស់លាស់​រួមមាន​ទាំង​កេរ្តិ៍ឈ្មោះ និង​សមត្ថភាព​»​។

លោក​បាន​ឱ្យ​ដឹងថា ការបង្កើត​សាលាឧទ្ធរណ៍​តំបន់​ទាំង​ ៣ ​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ និង​ការបន្ត​នីតិវិធី​នៃ​ការប្ដឹងតវ៉ា ព្រោះ​កាលពី​មុនពេល​ពលរដ្ឋ​ចង់​ប្ដឹង​ឧទ្ធរណ៍​គឺ​ត្រូវ​ឡើង​មក​រាជធានី​ភ្នំពេញ​ដែល​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​រស់នៅ​ខេត្ដ​ឆ្ងាយ​៕