ភ្នំពេញៈ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ បានយាងចេញទៅទីក្រុងប៉េកាំង នៃប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលជាទម្លាប់តែងតែធ្វើឡើងជារាងរាល់ ៦ខែ ម្ដង ក្នុង ១ឆ្នាំ។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃនេះ មានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើន ព្រមទាំងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភាលោក សាយ ឈុំ និងប្រធានរដ្ឋសភាលោក ហេង សំរិន អមព្រះរាជដំណើរ មុនពេលយន្តហោះចេញដំណើរ។
លោក អ៊ុំ ដារ៉ាវុធ នាយកព្រះរាជខុទ្ធកាល័យហ្លួងម៉ែ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ព្រះអង្គលោកយាងទៅតាមការកំណត់របស់ក្រុមពេទ្យចិនដោយមានការណាត់ជួបក្នុងរវាង ៦ខែ ម្ដងក្នុង ១ឆ្នាំ។ បើថាតាមទម្លាប់គ្មានបព្ហាព្រះរាជសុខភាព ព្រះអង្គទ្រង់យាងចេញតែ ១ខែ។ ព្រះអង្គទ្រង់នឹងយាងមកវិញមុនចូលឆ្នាំខ្មែរ។ អត់មានការប៉ះពាល់ដល់ការបោះឆ្នោតព្រឹទ្ធសភាទេព្រោះយើងបោះឆ្នាតមិនមែនជាទូទៅ មិនដូចបោះឆ្នោតសកលដូចជា ឃុំ-សង្កាត់ និង រដ្ឋសភាទេ។ ព្រះអង្គទ្រង់នឹងយាងមកវិញមុនចូលឆ្នាំខ្មែរ»។
ការយាងរបស់ព្រះអង្គបានធ្វើឡើងមុនការបោះឆ្នោតព្រឹទ្ធសភាតែ ២ថ្ងៃ ប៉ុណ្ណោះ ដែលការបោះឆ្នោតអសកលនេះធ្វើឡើង១ថ្ងៃ នៅថ្ងៃទី ២៥ កុម្ភៈនេះ។
ទោះជាយ៉ាងណាក៍ដោយព្រះមហាក្សត្របានឡាយព្រះហត្ថលេខានៅថ្ងៃទី ១៩ ខែកុម្ភៈ ត្រាស់បង្គាប់តែងតាំងសមាជិកព្រឹទ្ធសភា ២ រូប ជាតំណាងឲ្យព្រះមហាក្សត្រ នៅក្នុងព្រឹទ្ធសភា មានសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកស្រី អ៊ុំ សុម៉ានិន៕