ភ្នំពេញ៖ សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​ព្រះមហាក្សត្រ​នៃ​កម្ពុជា ​បានចេញ​ព្រះរាជក្រឹត្យ ​ផ្តល់​នីតិសម្បទា​នយោបាយ​ដល់ ​លោក​ ប៉ុល ហំម​ និង​លោក ​ផាន់ ច័ន្ទសាក់ ​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ នេះបើ​យោង​តាម​ព្រះរាជ​ក្រឹត្យ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ២០​ ខែ ឧសភា​ ឆ្នាំ ២០២១ នេះ។

លោក​ ប៉ុល ហំម ​និង​លោក ផាន់ ច័ន្ទសាក់ ​បានដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី ១៧ ​ខែឧសភា ​ដើម្បី​ស្នើ​សុំ​នីតិសម្បទា​នយោបាយ​ឡើង​វិញ​ បន្ទាប់ពី​ត្រូវបាន​ហាម​ធ្វើ​នយោបាយ​រយៈពេល ​៥ ឆ្នាំ ​តាម​អំណាច​សាលដី​កា​លេខ​ ៣៤០ ​ចុះ​ថ្ងៃទី ១៦​ ខែ វិច្ឆិកា​ ឆ្នាំ ២០១៧ ​របស់​តុលាការ​កំពូល​របស់​កម្ពុជា។

លោក ឈឹម កាន​ អគ្គនាយករងនៃអគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃបានឱ្យ​ដឹងថា ​គិតត្រឹម​ថ្ងៃទី ២០ ​ខែឧសភានេះ​ មានអតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ ចំនួន​ ២៤ រូប​ហើយ ​ដែលត្រូវ​បាន​ព្រះមហាក្សត្រផ្តល់​នីតិសម្បទា​នយោបាយ​ឡើង​វិញ។

ភ្នំពេញ ​ប៉ុស្តិ៍ ​មិនអាច​ទាក់ទង​លោក ​ប៉ុល ហំម​ សុំ​ធ្វើ​អត្ថាធិប្បា​បានទេ ​នៅថ្ងៃ​ទី ២០ ​ខែឧសភានេះ ​ប៉ុន្តែ ​លោក ផាន់ ច័ន្ទសាក់ ​ឱ្យដឹង​កាលពី​ថ្ងៃទី ១៨​ ខែឧសភាថា ​ការដាក់​ពាក្យ​ស្នើសុំ​នីតិសម្បទា​នយោបាយ​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​ ក្រោយពី​សិទ្ធិ​នយោបាយ​របស់​លោក​ត្រូវបាន​ព្យួរអស់រយៈ​ពេល ​៣ ឆ្នាំ​កន្លះ​មក​នេះ។

លោក ​ផាន់ ច័ន្ទសាក់ ​បន្តថា ​នៅពេល​ដែល​ទទួលបាន​នីតិសម្បទា​នយោបាយ​ឡើងវិញ​នេះ ​រូបលោក​នឹងទៅ​ចូលរួម​អាជីព​នយោបាយ​ជា​មួយ​​លោក ​អ៊ូ ចាន់រ័ត្ន ​ដែលបាន​បង្កើត​គណបក្ស​ថ្មី​រួច​ហើយ ​គឺ​គណបក្ស​កែទម្រង់​កម្ពុជា ​និង​បានចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ​ដែរ​នោះ។

លោក ​អ៊ូ ច័ន្ទរ័ត្ន ​អតីត​មន្ត្រី​ជាន់ខ្ពស់ ​គណបក្ស​សង្គ្រោះជាតិ​ និងជា​ស្ថាបនិក​ គណបក្ស​កែទម្រង់​កម្ពុជា​ យល់​ឃើញ​ថា ​រហូត​មក​ដល់​ពេល​នេះ​ មិនមាន​អ្វី​ដែល ​ធ្វើឱ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​រង់ចាំ​ដំណោះស្រាយ​បន្ត​ទៀត​នោះ​ទេ។

លោក ​អ៊ូ ចាន់រ័ត្ន ​ថ្លែងថា​៖ «ដូច្នេះ ​អ្នក​នយោបាយ​យល់ថា ​មិនអាច​រង់ចាំ​តទៅ​មុខ​ទៀត​ទេហើយ ​ក៏មិន​មាន​ច្រក​អ្វី​ចេញ​ក្រៅតែ​អំពី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ឡើង​វិញ​ទេ»។

ទោះជា​យ៉ាងណា ​លោក ​អ៊ូ ច័ន្ទរិទ្ធិ ​អតីត​ថ្នាក់​ដឹនាំ​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ដែរ​នោះ ​បានសរសេរ​នៅលើ​បណ្តាញ​សង្គមហ្វេស​ប៊ុក​នៅ​ថ្ងៃទី ២០ ​ឧសភានេះ​ថា ​លោកបាន​សម្តែង​ការសោក​ស្តាយ​ចំពោះ​ការដាក់​សំណើសុំ​នីតិសម្បទា​នយោបាយ​ឡើងវិញ​របស់​ លោក​ ប៉ុល ហំម​ ប៉ុន្តែ​លោក ​បាន​គោរព​នូវ​ការសម្រេច​ចិត្ត​នេះ៕

វីដេអូ៖