ភ្នំពេញៈ សមាជិក​នៃ​ស្ថាប័ន​ព្រឹទ្ធសភា និង​រដ្ឋសភា មន្ត្រី​រាជរដ្ឋាភិបាល កងយោធពល​ខេមរភូមិន្ទ មន្ត្រី​ទូត និង​សិស្សានុសិស្ស​ជាច្រើន​រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជុំវិញ​វិមាន​ឯករាជ្យ​កាលពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតី​នៃ​ព្រះមហាក្សត្រ​បាន​ប្រារព្ធ និង​អបអរ​ខួបអនុស្សាវរីយ៍​លើក​ទី​ ៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​អតីតព្រះមហាក្សត្រ​ទាមទារ​បាន​ពី​អាណានិគមនិយម​បារាំង​នៅ​ថ្ងៃទី​ ៩ ខែ​​ វិច្ឆិកា ឆ្នាំ​ ១៩៥៣​។

ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ក្នុង​ព្រះរាជពិធី​ប្រទាន​ភ្លើង​ជ័យ​នៃ​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​ ៦៧ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​ ២០២០ និង​ទិវា​កំណើត​នៃ​​កងយោធពល​ខេមរភូមិន្ទ​នៅ​វិមាន​ឯករាជ្យ​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ខកខាន​មិន​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នេះ​ទេ ដោយ​លោក​ស្ថិត​នៅក្នុង​ពេលវេលា​នៃ​ការធ្វើ​ចត្តាឡីស័ក ក្រោយពី​លោក​បាន​ទទួល​ជួប​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ដែល​ត្រូវ​បាន​គេ​រកឃើញ​ថា មាន​វិជ្ជមាន​កូវីដ​ ១៩ ក្រោយ​ចាកចេញ​ពី​កម្ពុជា​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ក៏​លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​នៅក្នុង​ទិវា​នេះ​ថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​ បាន​រំឭក​ឱ្យឃើញ​ពី​ព្រះរាជបេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះបរមរតនកោដ្ឋដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏ពិតប្រាកដ​នៅ​កម្ពុជា​។

សារ​របស់​លោក​បានឱ្យ​ដឹងថា​៖ «​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​ស្រប​ជាមួយ​នឹង​ខួប​ ៦៧ ​ឆ្នាំ​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​»​។

ទន្ទឹម​គ្នា​នេះដែរ លោក កឹម សុខា អតីត​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​កំពុង​ស្ថិត​នៅក្នុង​បម្រាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​បាន​សរសេរ​សារ​អបអរសាទរ​ទិវា​បុណ្យ​នេះដែរ ប៉ុន្តែ​នៅក្នុង​សារ​នោះបាន​បង្កប់​នូវ​ន័យ​បញ្ឆិតបញ្ឆៀង​ដូច​ចង់​បង្ហាញថា កម្ពុជា​មិនទាន់​មាន​ឯករាជ្យ​ជាតិ ព្រោះតែ​មិនទាន់​មាន​សាមគ្គី​ជាតិ​។

ដោយយោង​ទៅ​តាម​ព្រះរាជសារ​របស់​ព្រះបរមរតនកោដ្ឋ​កាលពី​ថ្ងៃទី​ ៩ ខែ វិច្ឆិកា ឆ្នាំ​ ១៩៦២ លោក កឹម សុខា បាន​សរសេរ​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា ដើម្បី​ការពារ​ឯករាជ្យ​ជាតិ លុះត្រាតែ​រក្សា​សាមគ្គីភាព​ជាតិ​ឱ្យបាន​រឹងមាំ​។ រក្សា​សាមគ្គី​ភាពរឹងមាំ​បាន​លុះត្រាតែ​កាត់បន្ថយ​មហិច្ឆតា​ផ្ទាល់ខ្លួន មិន​គុំកួន​សងសឹក ងាក​មករក​ការអត់ឱន​ឱ្យ​គ្នា ចាប់​យក​ការសន្ទនា បោះបង់​ចោលការ​ប្រមាថ ឈប់​បង្កជម្លោះ​មិន​លស់​ពេល​។ ប៉ុន្តែ​សូម្បីតែ​រក្សា​ភាពអត់ធ្មត់​ស្ងប់ស្ងាត់ មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង ក៏​ដាក់​កំហុស ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ដូចជា​ប្រឆាំង​នឹង​ជំងឺឆ្លង​កូវីដ​ ១៩ ដែល​រាលដាល​ពេញ​ពិភពលោក និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​​រងគ្រោះ​ដោយ​ទឹកជំនន់​ក៏​នៅតែ​ដាក់​កំហុស​នោះ​មិនអាច​កើត​មាន​សាមគ្គីភាព​ជាតិ​បានទេ ហើយ​ក៏​មិន​អាចមាន​ឈ្មោះ​ថា​ជា​អ្នក​ទាមទារ រក្សា ការពារ «​ឯករាជ្យ​ជាតិ​» ពិត​ឡើយ​។ ខ្ញុំ​សូម​បួងសួង​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​ជាតិ​ពិត​ និង​ឋិតថេរ​ជា​រៀងរហូត​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការបង្ហាញ​សារ​អបអរ​របស់​អ្នក​នយោបាយ​ទាំងអស់​ទាំង​មាន​និន្នាការ​ប្រឆាំង ឬ​មិន​ប្រឆាំង​គឺ​ត្រូវ​បង្ហាញ​ភាព​ជា​គំរូ​ដែល​ត្រូវតែ​ឈរលើ​ស្មារតី​រួបរួម ឯកភាព​ជាតិ ហើយ​រួមគ្នា​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​ទាំងអស់​គ្នា​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ការពញ្ញាក់​ស្មារតី​នូវ​ការចងចាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​តម្លៃ និង​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ព្រោះ​ប្រទេសជាតិ​មួយៗ បើ​គ្មាន​ឯកជ្យ​ជាតិ​របស់ខ្លួន​ទេ គឺ​ហាក់​ដូចជា​ជាតិ​ដែល​ស្លាប់​។ នៅពេល​ដែលមាន​បញ្ហា​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​គឺ​គួរតែ​នាំគ្នា ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង មិនគួរ​ទៅ​ពឹង​បរទេស​ឱ្យមក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ខ្លួនឯង ហើយ​ស្រែកថា ស្រឡាញ់​ឯករាជ្យ​នោះទេ​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហា​សង្គម​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា បុណ្យ​ឯករាជ្យ​គឺជា​ទិវា​មួយ​ពិសេស​សម្រាប់​ជនជាតិខ្មែរ​ដែល​បាន​ប្រមូល​ផ្តុំគ្នា​រស់នៅ​ជា​ជាតិ​មួយ​ក្នុង​រង្វង់​ទឹកដី​មួយ​ដែលជា​ប្រទេស​ដាច់​ដោយ​ឡែក ឯករាជ្យ មាន​អធិបតេយ្យភាព​ក្នុង​ការរៀបចំ​សង្គម​ និង​រដ្ឋ និង​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​ប្រទេស​។

លោក​បញ្ជាក់ថា កម្ពុជា​ធ្លាប់​បាត់បង់​ឯករាជ្យ អធិបតេយ្យភាព ទឹកដី និង​រងទុក្ខវេទនា ច្រើន​លើក​ច្រើនសា​តាំងពី​សៀម​ច្បាំង​លុកលុយ​ចុង​សតវត្សរ៍​ទី​ ១៦ ​មក​ហើយ​ក៏​ធ្លាប់​ត្រូវ​សៀម អាណ្ណាម បារាំង ជប៉ុន វៀតណាម ដែល​បាន​ត្រួតត្រា​លើ​ខ្មែរ​។

លោក​ ឡៅ ម៉ុងហៃ ក៏បាន​អះអាង​ផងដែរ​ថា មាន​គេ​ធ្លាប់​ហៅ​ខ្មែរ​ជា​រដ្ឋ​អាយ៉ង របស់​ជប៉ុន​កាលពី​អំឡុង​ខែមីនា ដល់​ខែ​តុលា ឆ្នាំ ១៩៤៥ ហើយ​ខ្មែរ​ក៏​ត្រូវ​បាន​គេ​ហៅថា ជា​រដ្ឋ​អាយ៉ង​របស់​វៀតណាម​កាលពី​អំឡុង​ខែ​មករា ១៩៧៩ ដល់​ខែតុលា ឆ្នាំ​ ១៩៩១​។ ខ្មែរ​ធ្លាប់​ត្រូវបាន​គេ​ចែកគ្នា​ត្រួតត្រា​ដោយ​សៀម និង​អាណ្ណាម និង​ត្រួត​ឌុប​ពីលើ​គ្នា​ដោយ​ជប៉ុន​ត្រួត​បារាំង បារាំង​ត្រួត​ខ្មែរ ក្នុងអំឡុង​ឆ្នាំ​ ១៩៤១-១៩៤៥ ទៀត​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​បាន​យល់ដឹង​អំពី​ការបាត់បង់​ឯករាជ្យ​ជាតិ​ និង​សោកនាដកម្ម​ជាតិ​ខ្មែរ​យើង​គួរ​ប្តេជ្ញា​ប្រឹងប្រែង​រួមគ្នា​មិនឱ្យ​បាត់បង់​ឯករាជ្យ​ដូច​មុនៗ​ទៀត​។ យើង​ប្តេជ្ញា​ថា​យើង​ជា​ខ្មែរ​ដូចគ្នា អត់​ចាត់ទុក​ខ្មែរ​ណា​ជា​ខ្មាំង​សត្រូវ ទោះបីជា​ប្រកួតប្រជែង​គ្នា​ដណ្តើម​យក​អំណាច​ក៏ដោយ​។ ការប្តេជ្ញា​រួមគ្នា​បែប​នេះ​គឺ​ពង្រឹង​ឯកភាព​ជាតិ ហើយ​ឯកភាព​ជាតិ​នេះ​វា​នឹង​ពង្រឹង​ឯករាជ្យ​ជាតិ​ជាមិនខាន​»​។

លោកស្រី ចក់ សុភាព នាយិកា​អង្គការ CCHR ថ្លែងថា កម្ពុជា​គួរ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការបង្កើត​ឱ្យ​មាន​កិច្ចសន្ទនា​ជាតិ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ភាព​អត់ឱន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​។

លោកស្រី​ថ្លែង​ថា​៖ «​អ្នកនយោបាយ​គួរតែ​ធ្វើ​រឿង​ល្អ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​បើកឱកាស​ឱ្យ​ពលរដ្ឋ​គ្រប់​កម្រិត​អាច​ចូលរួម​រីករាយ​នៅ​តាម​ដងផ្លូវ តាម​បណ្តា​ទូត និង​នៅតាម​គេហដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដូច​ប្រទេស​ផ្សេងៗ​គេ​បាន​ប្រារព្ធ​ឡើង ដោយ​មិន​មាន​ការភ័យខ្លាច​ ឬ​រងការគំរាមកំហែង​ឡើយ​»៕