ភ្នំពេញៈ ក្នុងឱកាសយាងជាព្រះរាជាធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារវះកាត់បេះដូងទី ២ នៃ «អគារគន្ធបុប្ផាសីហមុនី មុនិនាថ» ក្នុងមន្ទីរពេទ្យគន្ធបុប្ផាទី ១ រាជធានីភ្នំពេញ ម្សិលមិញ ព្រះមហាក្សត្រនរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១ លាន ២ សែនដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ចូលរួមកសាងអគារវះកាត់។
ជាមួយនឹងការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏សន្ធឹកនេះ ព្រះអង្គក៏បានគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដែល «អគារគន្ធបុប្ផា សីហមុនី មុនិនាថ» សម្រាប់វះកាត់បេះដូង ត្រូវចំណាយថវិកាអស់ប្រមាណ ៨ លានដុល្លារអាមេរិក។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងចូលរួមជាព្រះរាជាធិបតីក្នុងកម្មវិធី ដែរនោះ ព្រះអង្គមានព្រះរាជបន្ទូលថា កាលពីឆ្នាំ ២០១៨ សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ និងព្រះអង្គ បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ១ លានដុល្លារអាមេរិក សម្រាប់ចូលរួមកសាងអគារវះកាត់ដែលរៀបចំសម្ពោធនាពេលនេះ។ ជាមួយគ្នានេះ សម្តេចម៉ែ និងព្រះអង្គ ក៏បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យបន្ថែមទៀតចំនួន ២ សែនដុល្លារអាមេរិក ចំពោះមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ព្រះអង្គបានកោតសរសើរចំពោះសប្បុរសជន និងលោកគ្រូ អ្នកគ្រូពេទ្យ បានយកចិត្តទុកដាក់ខ្ពស់ខិតខំបំពេញការងារបានល្អប្រសើរ។ ជួយសង្គ្រោះកុមារកម្ពុជាច្រើនលាននាក់ និងស្ត្រីមួយចំនួនឲ្យរួចផុតពីជំងឺផ្សេងៗ ដែលជាកត្កាជំរុញការអភិវឌ្ឍវិស័យសុខាភិបាល និងធនធានមនុស្សសម្រាប់កសាងសង្គមជាតិ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងអង្គពិធីនោះថា បន្ទប់វះកាត់បេះដូងលើកដំបូងនៅរាជធានីភ្នំពេញនៃអគារគន្ធបុប្ផាសីហមុនី មុនិនាថ ថ្មីៗនេះនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៩ តទៅ។ ក្នុង ១ ឆ្នាំៗនឹងអាចបង្កើនការវះកាត់បានចំនួនប្រមាណ ១ ០០០ នាក់ រួមគ្នាជាមួយមជ្ឈមណ្ឌលវះកាត់បេះដូងទី ១ ដែលបានធ្វើប្រតិបត្តិការនៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ក្នុងខេត្តសៀមរាប តាំងពីឆ្នាំ ២០១១ កន្លងមក។
លោកបន្តថា ការបើកប្រតិបត្តិការនេះ ជាមួយក្រុមគ្រូពេទ្យឯកទេសកម្ពុជាដែលមានបទពិសោធ ៨ ឆ្នាំមកហើយ លោកសង្ឃឹមថា មជ្ឈមណ្ឌលបេះដូងទី ២ នេះ នឹងអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដើម្បីព្យាបាលកុមារតូចៗដែលមានបញ្ហាបេះដូងពីកំណើតជាង ៤ ០០០ នាក់ ដែលកំពុងរង់ចាំទទួលការវះកាត់កែតម្រូវជារៀងរាល់ឆ្នាំ។
លោកបញ្ជាក់ថា៖ «អ្វីដែលសំខាន់ជាងនេះ កុមារ ៨០ ភាគរយ នៃករណីទាំងនេះ ពួកគេនឹងអាចមានជីវិតរស់នៅដូចកុមារធម្មតា ក្រោយការវះកាត់ទទួលបានជោគជ័យ»។
លោក Peter Studer ប្រធានមូលនិធិគន្ធបុប្ផាបានថ្លែងថា អគារ «គន្ធបុប្ផាសីហមុនី មុនិនាថ» នៃមន្ទីរពេទ្យគន្ធបុប្ផាគឺ ជាអគារវះកាត់បេះដូង មានទទឹង ៤០ ម៉ែត្រ បណ្តាយ ៥០ ម៉ែត្រ កម្ពស់ ៣ ជាន់។
ក្នុងទិសដៅជួយសង្គ្រោះដល់អាយុជីវិតកុមារមកពីគ្រប់ទិសទីដែលមានបញ្ហាបេះដូងនិងប្រព័ន្ធប្រសាទ។ អគារថ្មីនេះមានបន្ទប់ចំនួន៦ និងអាចដាក់គ្រែបានចំនួន ២០០ និងចំណាយថវិកាអស់ប្រមាណ ៨ លានដុល្លារ ហើយថវិកាទាំងអស់បានមកពីមូលនិធិគន្ធបុប្ផាស្វ៊ីស មូលនិធិគន្ធបុប្ផាកម្ពុជា និងបានមកពីការព្រះរាជទាន ១ លាន ដុល្លារពីព្រះមហាក្សត្រកម្ពុជា និងសម្ដេច ម៉ែ ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារ។
លោកបន្តថា កន្លងមកទារកខ្លះកើតមកភ្លាមមានបញ្ហាប្រហោងបេះដូងចាំចាច់ត្រូវបញ្ជូនទៅព្យាបាលនៅសៀមរាប ប៉ុន្តែចាប់ពីខែក្រោយទៅមិនចាំបាច់បញ្ជូនទៅសៀមរាបទៀតទេ គឺធ្វើការវះកាត់នៅភ្នំពេញតែម្ដង។ ក្នុង ១ ឆ្នាំៗមានកុមាររាប់ពាន់នាក់ដែលត្រូវវះកាត់។ បើរង់ចាំយូរធ្វើឲ្យកុមារកាន់តែធំ បេះដូងកាន់តែរីក សរសៃឈាមសួតកាន់តែក្រិន នោះអាចបង្កឲ្យមានការលំបាកក្នុងការវះកាត់។
លោក Peter Studer បញ្ជាក់ថា៖ «អគារថ្មីនេះក៏មានការវះកាត់ប្រព័ន្ធប្រសាទ វះកាត់ផ្នែកឆ្អឹង និងការសង្គ្រោះបន្ទាន់ទារក និងអាចមានបើកផ្នែកផ្សេងបន្ថែមទៀតទៅថ្ងៃខាងមុខ។ ប៉ុន្តែជាជំហានដំបូងគឺវះកាត់បេះដូងកុមារដោយមានក្រុមគ្រូពេទ្យឯកទេសមកជួយបង្រៀនពីខេត្តសៀមរាប ខណៈការវះកាត់គឺអាចវះបានកុមារម្នាក់ក្នុង ១ ថ្ងៃ»។
លោកស្រី ប៉ាស្កាល់ បារីស្វីល (Pascale Baeriswyl) រដ្ឋលេខាធិការក្រសួងការបរទេសនៃសហព័ន្ធស្វ៊ីសថ្លែងថា លោកស្រីគាំទ្រការផ្ដល់ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វ៊ីសសម្រាប់មន្ទីរពេទ្យគន្ធបុប្ផានេះ។ ថែមទាំងចូលរួមចំណែកបន្ថែមទៀតលើអគារវះកាត់បេះដូងកុមារនេះ ដើម្បីគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឆ្ន័រ (Beat Richner) ដែលស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។
លោកស្រីបញ្ជាក់ថា៖ «ចក្ខុវិស័យរបស់យើង គឺបង្កើតសេវាសុខភាពប្រកបដោយគុណភាពសម្រាប់កុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើជាចំណុចស្នូលនៃភាពជោគជ័យរបស់មន្ទីរពេទ្យនេះ។ កម្មវិធីសម្ពោធថ្ងៃនេះ គឺជាការប្តេជ្ញាចិត្ត របស់លោកវេជ្ជបណ្ឌិត Richner ដែលបាន តស៊ូបង្កើតមន្ទីរពេទ្យគន្ធបុប្ផានេះ»៕