ភ្នំពេញៈ ព្រះមហាក្សត្រ​ចេញ​រាជសារ​អបអរ​ខួប​ទី​ ៧១ ​ឆ្នាំ​ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បានបញ្ជាក់​ជាថ្មី​ថា កម្ពុជា​នឹង​បន្ត​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​។ អ្នកវិភាគ​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​បែបនេះ​គឺ​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង​កម្រិត​ខ្ពស់បំផុត​រវាង​កម្ពុជា និង​ចិន​។

នៅក្នុង​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ចេញផ្សាយ​ពី​ម្សិលមិញ​ផ្ញើ​ទៅកាន់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧១ ​ឆ្នាំ​ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នោះ ព្រះអង្គ​បាន​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ចិន​ដើម្បី​ប្រឆាំង​ជំងឺ​កូវីដ​១៩ និង​ការ​កាត់បន្ថយ​ភាពក្រីក្រ រួមទាំង​គាំទ្រ​គោលនយោបាយ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​។

ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន ចំពោះ​ការចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​នៅ​ក្រៅ​ប្រទេស និង​ការធានា​របស់​ឯកឧត្ដម​ [​ស៊ី ជីនភីង​] ថា​នៅពេល​ដែល​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​១៩ ត្រូវ​បាន​បង្កើត​ដោយ​ប្រទេស​ចិន វ៉ាក់សាំងទាំងនោះ​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រីករាលដាល​ជា​សកល ហើយ​នឹង​ត្រូវបាន​ផ្តល់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃទៀត ដោយ​ឈរលើ​មូលដ្ឋាន​អាទិភាព​»​។

ព្រះអង្គ​បន្តថា ប្រទេស​ចិន​ បាន​ទទួល​ជោគជ័យ​ក្នុង​ការលុបបំបាត់ ភាពក្រីក្រ​នៅតាម​ទីជនបទ​ទាំងអស់​ឱ្យ​ស្ថិត​នៅ​លើ​បន្ទាត់​ក្រីក្រ និង​បាន​កសាង​សង្គម​ដែលមាន​ភាពជឿនលឿន​កម្រិត​មធ្យម​គួរឱ្យ​សរសើរ ហើយ​កម្ពុជា​នឹង​បន្ត​ឈរ​នៅ​ជាមួយ​ប្រទេស​ចិន និង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ​។

ក្នុង​ព្រះរាជសារ​ដដែល​បន្ថែម​ថា កម្ពុជា​នៅតែ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ក៏ដូចជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​កសាង​សហគមន៍​មួយ​ដែលមាន​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​។

ជាមួយ​គ្នា​នោះ​ព្រះអង្គ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រធានាធិបតី​ចិន​ដែល​តែងតែ​ស្វាគមន៍​ព្រះអង្គ និង​សម្ដេចម៉ែ​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព និង​សម្រាកលម្ហែ​នៅ​ប្រទេស​ចិន​គ្រប់ពេល​ផងដែរ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើកឡើង​ថា ដោយសារ​កត្តា​សំខាន់​ចំនួន​ ៥ ដូចជា ប្រវត្តិសាស្ដ្រ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​ទំនាក់ទំនង​រវាង​បុគ្គល​អ្នកដឹកនាំ​ដែលមាន​តាំងពី​សម័យ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច នរោត្តម សីហនុ បាន​ធ្វើឱ្យ​កម្ពុជា​ និង​ចិន​បាន​ឈានដល់​ទំនាក់ទំនង​កម្រិត​ខ្ពស់បំផុត និង​មាន​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​។

អ្នកវិភាគ​រូបនេះ​បាន​ថ្លែង​ថា​៖ «​កាលពី​ថ្ងៃទី​ ៥ កុម្ភៈ យើង​បានឃើញ​សម្ដេច​ [​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​] ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប៉េកាំង​ក៏​ទៅ​ជាមួយ​ឯកឧត្តម​ ហ៊ុន ម៉ាណែត ដែល​គេ​រំពឹងថា ជា​អនាគត​នៃ​មេដឹកនាំ​កម្ពុជា ហើយ​យើង​ឃើញ​ថា​នេះ​គឺជា​ [​ការបន្ត​] ​មរតក​មួយ​ទៀត​។ ឈរលើ​មូលដ្ឋាន​សសរស្ដម្ភ​ ៥ ​ហ្នឹង ដែល​ទំនាក់ទំនង​កម្ពុជា និង​ចិន​បាន​រឹងមាំ​មក​ដល់​បច្ចុប្បន្ន ហើយ​ព្រះរាជសារ​របស់​ព្រះអង្គ គឺ​ឆ្លុះបញ្ចាំង​លើ​អ្វីដែល​មាន​នៅក្នុង​សសរស្ដម្ភ​ហ្នឹងឯង​»៕