ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

ព្រះមហាក្សត្រ​នៃ​កម្ពុជា​ដែល​យាង​ជា​ព្រះរាជអធិបតី​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ «​ធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស​» ​ខណៈ​ដែល​លោក​ សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ជិត​ ៤០ ​ឆ្នាំ​មក​ហើយ​នេះ​ត្រូវ​បាន​បោះឆ្នោត​ដោយ​សំឡេង​ឯកច្ឆ័ន្ទ ឲ្យ​លោក​បន្ត​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​សាជាថ្មី​ទៀត​។

ក្នុង​ឱកាស​នោះ​ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​អាន​ព្រះរាជសារ​របស់​ព្រះអង្គ​សម្ដែង​នូវ​ក្ដី​អំណរ​សាទរ​ជូន​សមាជិក សមាជិកា​ព្រឹទ្ធសភា​ថ្មី និង​អំពាវនាវ​ឲ្យ​ «​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​» ​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ដែនដី​។

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា​៖ «​តាមរយៈ​ស្ថាប័ន​ព្រឹទ្ធសភា ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ប្រជាពលរដ្ឋ គណបក្ស​នយោបាយ ប្រព័ន្ធ​ព័ត៌មាន និង​សង្គម​ស៊ីវិល​មាន​ឱកាស​កាន់តែ​ច្រើន​ឡើង​ដើម្បី​សម្ដែង និង​ឆ្លុះបញ្ចាំង​យ៉ាង​ទូលំ​ទូលាយ​នូវ​ទស្សនៈ ជំហរ​នយោបាយ ឬ​បំណង​ប្រាថ្នា​របស់​ខ្លួន​ដែល​ញ៉ាំង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​របស់​យើង​ឲ្យ​កាន់​តែ​មាន​ជំហាន​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ថែម​ទៀត​»​។

ព្រះអង្គ​សង្កត់​ធ្ងន់​ថា​៖ «​ជាមួយ​គ្នា​នេះ​ដែរ​ព្រឹទ្ធសភា​ត្រូវ​ធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិមនុស្ស ដើម្បី​បង្កើត​ឡើង​នូវ​សុខដុមរមនា​យូរអង្វែង​ក្នុង​សង្គម​ជាតិ​យើង​»​។

ដោយ​រំឭក​ពី​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​យើង​ធ្លាប់​ជា​ប្រជាជាតិ​មួយ​ដែល​មាន​អរិយធម៌​ដ៏ថ្លៃថ្លា​ថ្កុំថ្កើង​រុងរឿង ព្រះមហាក្សត្រ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ទាំងអស់​គ្នា​ជា​កូនចៅ​ជំនាន់​ក្រោយ​ចាំបាច់​ត្រូវតែ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ធានា​ការពារ​ឯករាជភាព​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ឲ្យ​ឈាន​ឡើង​ដោយ​ឆាប់​រហ័ស និង​ដើរ​ទាន់​ប្រទេស​នានា​នៅ​លើ​សកលលោក​»​។

សមាជិក​ព្រឹទ្ធសភា​មាន​ ៦២ ​រូប​ដែល ៥៨ រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ២ រូប​ជ្រើស​តាំង​ដោយ​ព្រះមហាក្សត្រ​ និង​ ២ ​រូប​ផ្សេង​ទៀត ជ្រើស​តាំង​ដោយ​រដ្ឋសភា​ជាតិ​។ ខណៈ​លោក​ សាយ ឈុំ ជាប់​ជា​ប្រធាន​ព្រឹទ្ធសភា​សាជាថ្មី លោក​ នៃ ប៉េណា និង​លោក ​ទេព ងន ដែល​ជា​អតីត​អនុប្រធាន​ទី​ ១ និង​ទី​ ២ ​នៃ​ព្រឹទ្ធសភា​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង​ ៦២ ​លើ​ ៦២ ​សំឡេង​។

លោក​ សាយ ឈុំ ថ្លែង​ថា​៖ «​ខ្ញុំ​ក៏​ដូចជា​ឯកឧត្តម អនុប្រធាន​ទី​ ១ និង​អនុប្រធាន​ទី​ ២ សូម​សង្ឃឹម​ជឿជាក់​ថា​ព្រឹទ្ធសភា​យើង​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​កសាង​កម្ពុជា​ជា​នីតិរដ្ឋ​ក្នុង​បរិយាកាស​សាមគ្គី​ភាតរភាព យោគយល់​អធ្យាស្រ័យ និង​សហការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ស្មោះស្ម័គ្រ​ដើម្បី​រួម​ចំណែក​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​ក្នុង​ការជំរុញ​អភិវឌ្ឍន៍​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​»​។

លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ព្រឹទ្ធសភា​នីតិកាល​ថ្មី​នេះ ដោយ​លោក​ចាត់​ទុក​ជា​ «​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

លោក​ថ្លែង​ថា​៖ «​ការបង្កើត​ព្រឹទ្ធសភា​ថ្មី គឺ​គ្រាន់​តែ​ជា​ផ្នែក​នៃ​ការបំផ្លិច​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រទេស​នេះ​កំពុង​វិល​ទៅ​រក​ការដឹកនាំ​តាម​បែប​ប្រព័ន្ធ​ឯកបក្ស​ប៉ុណ្ណោះ​»​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច និង​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​បាន​ច្រាន​ចោល​ការរិះគន់​នេះ​ដោយ​លោក​ថា​ «​ឆ្កែ​ចេះ​តែ​ព្រុស មនុស្ស​ចេះ​តែ​ដើរ​» ​ហើយ​ថា​ការរិះគន់​នេះ​ «​គ្មាន​ប្រយោជន៍​» ​ឬ​មាន​ «​ឥទ្ធិពល​»​ មក​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ​ទេ​។

លោក​ថ្លែង​៖ «​វា​ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​សាមគ្គី​ឯកភាពគ្នា​ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ ដូច្នេះ​គ្មាន​សំរាម​អី មក​រាំង​ស្ទះ​ដល់​ដំណើរការ​ជាតិ​យើង​ទៀត​ទេ​»​។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ថ្លែងថា​៖ «​ការពិត​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រឹទ្ធសភា​បាន​ក្លាយ​ជា​ឆាក​កំប្លែង នីតិប្បញ្ញត្តិ និង​ពោរពេញ​ទៅ​ដោយ​អ្នក​នយោបាយ​ដែល​អាច​ពឹង​ផ្អែក​បាន​ដើម្បី​បោះឆ្នោត​ទៅ​តាម​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន និង​ទទួល​បាន​នូវ​ងារ​កិត្តិយស និង​ប្រាក់ខែ​ច្រើន​ហើយ​ធ្វើ​ការងារ​តិច​ ឬ​គ្មាន​ការងារ​ធ្វើ​។ នរណា​ដែល​ចង់​បាន​យុត្តិធម៌​ និង​សិទ្ធិមនុស្ស​ពី​ព្រឹទ្ធសភា​នេះ​នឹង​ខកចិត្ត​ទាំងស្រុង ហើយ​អ្វី​ដែល​ពិបាក​យល់​ជាពិសេស​គឺ​ទំនង​ជា​រដ្ឋសភា​ដែល​នឹង​បើក​សម័យប្រជុំ​ បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​គួរ​ឲ្យ​អាម៉ាស់​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឡើង​ក្នុង​ខែ​កក្កដា​»៕