ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ ២០២១ បានចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ និង​តែងតាំង​មុខតំណែង​ប្រធាន អនុប្រធាន និង​ចៅក្រម ចំនួន ៨៩ រូប។

ទន្ទឹមនឹង​នេះដែរ ព្រះមហាក្សត្រ​ក៏បាន​ចេញ​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក​មួយទៀត ដោយ​ត្រាស់បង្គាប់ ផ្ទេរ និង​តែងតាំង​មុខតំណែង ព្រះរាជអាជ្ញា​ចំនួន ៤៧ រូប​ផងដែរ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៤ ខែ​ឧសភា​នេះ​ថា ការតែងតាំង និង​ការផ្ទេរ​មន្ត្រី​នៅ​ស្ថាប័ន​តុលាការ គឺជា​វិធាន និង​បែបបទ​រដ្ឋបាល​ដែល​ធ្លាប់បាន​ធ្វើជា​ហូរហែ​នាពេល​កន្លងមក ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​របស់​ស្ថាប័ន​តុលាការ ។

លោក​បញ្ជាក់ថា៖ «ទី ១ អ្នកខ្លះ​ត្រូវ​ដល់ពេល​ចូលនិវត្តន៍​ចឹង​ត្រូវមាន​ការតែងតាំង​អ្នកថ្មី​មក​ជំនួស​កន្លែង ហើយ​ទី ២ អ្នកខ្លះ​ដល់ពេល​ដែល​ត្រូវ​ផ្ទេរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដោយ​យើង​ធ្វើ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ម្តង​ដែរ ត្រូវ​ចល័ត​ចៅក្រម​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ធានា​ប្រសិទ្ធភាព​របស់​ស្ថាប័ន តម្លាភាព និង​គណនេយ្យភាព​នៅក្នុង​ស្ថាប័ន​តុលាការ»។

ក្នុង​ព្រះរាជក្រឹត្យ បានឱ្យ​ដឹងថា ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហត្ថលេខា​តទៅ៕

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ ២០២១ បានចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ និង​តែងតាំង​មុខតំណែង​ប្រធាន អនុប្រធាន និង​ចៅក្រម ចំនួន ៨៩ រូប។