ភ្នំពេញៈ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានតែងតាំងលោក Fergal Gaynor ដែលជាជនជាតិអៀរឡង់ ឲ្យធ្វើជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងថ្មីនៃសាលាក្តីខ្មែរក្រហម (ECCC) ក្រោយពីមានការស្នើតែងតាំងពីលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមានការអនុម័តយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
បើតាមអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាសាលាក្តីខ្មែរក្រហមបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៣ ខែមីនា គឺលោក Gaynor បានបំពេញការងារជាមេធាវីជំនុំជម្រះ (Trial Attorney) ក្នុងការិយាល័យរដ្ឋអាជ្ញានៅតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេស រ្វ៉ាន់ដា (ICTR) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ សម្រាប់អតីតប្រទេស យូហ្គោស្លាវី (ICTY) ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៣ មុនពេលលោកបំពេញការងារជាជំនួយការជាន់ខ្ពស់សហព្រះរាជអាជ្ញានៅសាលាក្ដីពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា លោក Gaynor ធ្លាប់បំពេញការងារជាមេធាវីនាំមុខតំណាងជនរងគ្រោះនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងសំណុំរឿងប្រឆាំងនឹងប្រធានាធិបតីកេនយ៉ា Uhuru Kenyatta ចាប់ពីឆ្នាំ ២០១២ មក និងជា តំណាងជនរងគ្រោះ ១ ក្រុមនៅក្នុងស្ថានភាពនៅប្រទេស អាហ្វហ្គានីស្ថាន ចាប់ពីឆ្នាំ ២០១៩ មក។ បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោក Gaynor ទទួលបានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រពីមហាវិទ្យាល័យ Trinity Dublin និងសញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជាពីសាកលវិទ្យាល័យ Cambridge។ លោកគឺជាសមាជិកគណៈមេធាវីអៀរឡង់ និងជាសមាជិកគណៈកម្មាធិការនិពន្ធនាយកនៃព្រឹត្តបត្រ Journal of International Criminal Justice៕