កណ្តាលៈ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​តែងតាំង​លោក គង់ សោភ័ណ្ឌ អភិបាលរង​ខេត្តកណ្តាល​ឲ្យ​ឡើង​កាន់​តំណែង​ជា​អភិបាលខេត្ត​នេះ​ជំនួស​លោក ​ម៉ៅ ភិរុណ ដែល​នឹងត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​នៅ​ខែ​មីនា​ខាង​មុខ​នេះ ក្រោយពី​បាន​កាន់​តួនាទី​ជា​មេដឹកនាំ​ខេត្ត​នេះ​អស់​រយៈពេល​ ៥ ​ឆ្នាំ​។

លោក​ ម៉ៅ ភិរុណ បាន​លើកឡើង​ថា លោក​នឹង​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​នៅ​ខែ​មីនា ​ឆ្នាំ​ ២០២០ ខាងមុខ​នេះ បន្ទាប់ពី​បាន​បំពេញ​ជា​មន្ត្រី​មុខងារ​សាធារណៈ​អស់​រយៈពេល​​ ៤០ ​ឆ្នាំ​។ លោក​ ម៉ៅ ភិរុណ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការប្រកាស​ចូលកាន់​តំណែង​ថ្មី​របស់​លោក​ គង់ សោភ័ណ្ឌ ដែល​ជា​អភិបាលខេត្ត​កណ្ដាល​ជំនួស​រូបលោក​នោះ​នឹង​អាច​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ ក្រោយពី​លោក​ឡើង​កាន់​តំណែង​នេះ​អស់​រយៈពេល​ ៥ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​ ក្នុង​រយៈពេល​ ១ ​អាណត្តិ​មកនេះ​គឺ​លោក​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កណ្ដាល​។ ជាពិសេស​គឺ​ការប្រឹងប្រែង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដើម្បី​ឱ្យ​ខេត្ត​នេះ​មាន​ការវិវត្ត​មុខមាត់​ថ្មី​។

លោក​ ម៉ៅ ភិរុណ ថ្លែងថា​៖ «​ខ្ញុំ​បានទទួល​តំណែង​ជា​អភិបាលខេត្ត​ហ្នឹង​តាំងពី​ថ្ងៃទី​ ៣០ ខែ ​ធ្នូ ឆ្នាំ​ ២០១៤​។ ក្នុងនាម​ជា​អភិបាល​ខេត្ត​ គឺ​ខិតខំ​អនុវត្ត​តាម​លិខិតបទដ្ឋាន ការអនុវត្ត​គោលនយោបាយ និង​កម្មវិធី​ជាតិ​នានាៗ​របស់​រដ្ឋាភិបាល​»​។

អភិបាលខេត្ត​រូបនេះ​បន្ថែម​ថា​៖ «​យើង​បាន​ខិតខំ​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន​តាមរយៈ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់ សន្ដិសុខ​សាធារណៈ ការផ្ដល់​សេវាសាធារណៈ​ដល់​ពលរដ្ឋ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ធ្វើឱ្យ​ជីវភាព​ប្រជាជន​កាន់តែ​ល្អប្រសើរ​ឡើង និង​មាន​វិវឌ្ឍនភាព​នៅលើ​គ្រប់ផ្នែក​ និង​គ្រប់​វិស័យ ដើម្បី​ឱ្យ​ខេត្តកណ្ដាល​មាន​ការវិវត្ត​មុខមាត់​ថ្មី​»​។

លោក​ឲ្យ​ដឹងថា លោក​មាន​ស្នាដៃ​ជាច្រើន ហើយ​មិនអាច​រៀបរាប់​អស់​ក្នុង​រយៈពេល​ខ្លី​បាន​ទេ ប៉ុន្តែ​ការងារ​ដែល​ពេញចិត្ត​ជាងគេ​គឺ​ការផ្ដល់​សេវា​​ និង​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​។ លោក​បញ្ជាក់​ថា មុខងារសាធារណៈ​របស់​លោក​គឺ​ត្រូវ​បញ្ចប់​ទៅតាម​ច្បាប់​ ប៉ុន្តែ​លោក​នៅតែ​មាន​តួនាទី ជា​ប្រធាន​គណបក្ស​ប្រជាជន​ខេត្តកណ្ដាល​ដដែល​។

លោក​ ម៉ៅ ភិរុណ រៀបរាប់​ថា​ការបំពេញ​មុខងារ​ជា​មន្ត្រី​សាធារណៈ​ដំបូង​របស់លោក​ផ្ដើម​ចេញពី​ការចូល​បម្រើ​ការងារ​ក្នុង​កងទ័ព​ពី​ឆ្នាំ​ ១៩៧៩ ​ដល់​ឆ្នាំ​ ១៩៨៩ និង​ពី​ឆ្នាំ​ ១៩៨៩-២០០៥ បាន​ធ្វើ​ជា​អភិបាលរង​ខេត្ត​កំពង់ចាម​។ ពី​ឆ្នាំ​ ២០០៥-២០០៩ លោក​ក៏បាន​ផ្លាស់ប្ដូរ​មក​ធ្វើជា​អភិបាលរង​ខេត្តកណ្ដាល​។ ពី​ឆ្នាំ​ ២០០៩ ​ដល់​ចុង​ឆ្នាំ​ ២០១៤ លោក​បាន​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល បន្ទាប់មក​លោក​ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​កណ្ដាល​រហូត​មក​។

កាលពី​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ ព្រះមហាក្សត្រ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​លោក​ គង់ សោភ័ណ្ឌ ឡើង​ធ្វើជា​អភិបាលខេត្ត​កណ្ដាល​តាម​ការទូលថ្វាយ ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​ គង់ សោភ័ណ្ឌ បញ្ជាក់​ខ្លី​ថា​លោក​ធ្លាប់បាន​ធ្វើជា​អភិបាល​ស្រុក​ខ្សាច់កណ្ដាល និង​អភិបាលស្រុក​ល្វាឯម​។ ក្រោយមក​លោក​ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្តកណ្ដាល​ជាង​ ២ ​ឆ្នាំ​មុនពេល​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្ត​នៅពេល​នេះ​។

លោក​ថា​៖ «​ជាពិសេស​ [​ការតែងតាំង​នេះ​] ​គឺជា​ការខិតខំ​បម្រើ​ប្រជាជន​ និង​រាជរដ្ឋាភិបាល​អនុវត្ត​ឱ្យ​បាន​ល្អ​បំផុត​នូវ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​»​។

កាលពី​ខែ​មករា​ខេត្ត​កណ្ដាល​ក៏​មាន​ការផ្លាស់ប្ដូរ​តួនាទី​លោក​ អ៊ាវ ចំរើន ពី​ស្នងការ​ខេត្ត​មក​ធ្វើ​ជា​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​បាន​តែងតាំង​លោក ឈឿន សុចិត្ត ស្នងការរង​ខេត្ត​ធ្វើ​ជា​ស្នងការ​ជំនួស​វិញ​៕