ភ្នំពេញ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​ចំពោះ​លោក ​Nguyen Phu Trong ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​សាជាថ្មី ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​អាណត្តិ​ទី១។

ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី ១ ខែកុម្ភៈ មាន​ខ្លឹមសារ​ថា៖ «ក្នុង​នាម​ប្រជារាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ និង​សូម​អបអរសាទរ​ចំពោះ​ឯកឧត្តម Nguyen Phu Trong ដែល​ត្រូវ​បាន​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​វៀតណាម​លើក​ទី១៣ បោះឆ្នោត​ជ្រើស​តាំង​បន្ត​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​សម្រាប់​អាណត្តិ​ទី១៣ កាល​ពី​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១»។

ព្រះរាជសារ​បន្ត​ថា៖ «ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម​នឹង​មាន​ការ​អភិវឌ្ឍ​រីកចម្រើន ជឿនលឿន​លើ​គ្រប់​វិស័យ និង​រក្សា​បាន​នូវ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ​និង​នៅ​ក្នុង​ពិភពលោក។ ខ្ញុំ​សង្ឃឹម​ថា ប្រជាជាតិ​ទាំង ២ កម្ពុជា-វៀតណាម​នឹង​កាន់​តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ ហើយ​បន្ត​រក្សា​នូវ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ជាតិ​បាន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត»។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ជឿជាក់​យ៉ាង​មុតមាំ​ថា ស្ថិត​នៅ​ក្រោម​ភាព​ជា​រដ្ឋបុរស និង​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​លោក Nguyen Phu Trong បក្ស​កុម្មុយនីស្ត​វៀតណាម​នឹង​អនុវត្ត​នូវ​រាល់​គោល​មាគ៌ា​នយោបាយ និង​សេចក្តី​សម្រេច​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​វៀតណាម​លើក​ទី១៣ ដោយ​ជោគជ័យ ដើម្បី​ប្រែក្លាយ​វៀតណាម​ទៅជា​ប្រជាជាតិ​ដ៏​ខ្លាំង​មួយ ប្រកប​ដោយ​សមធម៌ ប្រជាធិបតេយ្យ និង​អារ្យធម៌។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ខ្លឹមសារ​កិច្ច​សន្ទនា​រវាង​ថ្នាក់​ដឹកនាំ​ទាំង ២ ដែល​បាន​ចុះ​ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១។

លោក ​ហ៊ុន សែន សង្កត់​ធ្ងន់​ថា ក្រោម​ទស្សនវិស័យ​ដ៏​ត្រឹមត្រូវ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​ជោគជ័យ និង​ការ​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព។

តាមរយៈ​ការ​សន្ទនា​តាម​ទូរស័ព្ទ រវាង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ​ហ៊ុន សែន និង​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​យូរ​អង្វែង។

លោក​បាន​កត់​សម្គាល់ ដោយ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​រីក​ចម្រើន​កាន់​តែ​រឹងមាំ​នៃ​ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​គណបក្ស​កំពុង​ដឹកនាំ ក៏​ដូចជា​រវាង​ប្រទេស​ទាំង ២ នៅ​លើ​គ្រប់​វិស័យ។ ភាព​ជា​ដៃគូ​នេះ​នាំមក​នូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​កាន់​តែ​ច្រើន​ថែម​ទៀត​ជូន​ប្រជាជន​កម្ពុជា និង​វៀតណាម។

ថ្នាក់​ដឹកនាំ​ទាំង ២ បាន​រំឭក​ឡើងវិញ​ដោយ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អំឡុង​ពេល​នៃ​ការ​រំដោះ​ជាតិ និង​ដំណើរ​ការកសាង​ជាតិ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ថ្នាក់​ដឹកនាំ​ទាំង ២ បាន​បញ្ជាក់​សាជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ពូន​ជ្រំ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។ លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ​តាមរយៈ​ការ​អនុវត្ត​រាល់​កិច្ច​ព្រមព្រៀង​ទាំង​អស់​ឱ្យ​មាន​ប្រសិទ្ធភាព និង​ឱ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​គោល​បំណង​លើក​តម្កើង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​បាន​ខ្ពស់​មួយ​កម្រិត​ទៀត ដើម្បី​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រទេស​ទាំង ២ ​ក៏​ដូចជា​តំបន់ និង​ពិភពលោក។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ​គិន ភា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា ការ​សម្តែង​នូវ​ការ​អបអរសាទរ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា គឺ​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ក្នុង​ឋានៈ​ជា​អ្នក​ជិតខាង​ល្អ​នឹង​គ្នា បើ​ទោះបី​ជា​កន្លង​មក ភាគី​ទាំង ២ មាន​បញ្ហា​បន្តិចបន្តួច​ក្តី។ លោក​ថ្លែង​ថា៖ «បើ​យើង​មើល​ក្របខ័ណ្ឌ​ឯកសារ និង​សេចក្តីប្រកាស​នានា​ដែល​ធ្វើ​ឡើង [ដោយ] ប្រទេស​ទាំង ២ គឺ​ធ្វើ​ឡើង​ក្រោម​ទំនាក់ទំនង​ប្រពៃណី​ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ ទោះបី​ជាក់ស្តែង​មិន​យល់​គ្នា​បន្តិចបន្តួច​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន។ ប៉ុន្តែ​បើ​យើង​វាយ​តម្លៃ​ជា​រួម​ទៅ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ គឺ​ជា​ទំនាក់ទំនង​ជា​អ្នក​ជិត​ខាង​ល្អ»។

លោក ​Nguyen Phu Trong អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី ២៥-២៦ កុម្ភៈ ឆ្នាំ ២០១៩ និង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ថា កម្ពុជា-វៀតណាម​បាន​អរគុណ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​ជួយ​គ្នា​ទាំង​ក្នុង​អតីតកាល រហូតដល់​បច្ចុប្បន្ន និង​បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​ការ​រីក​ចម្រើន​នៃ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ធានា​សន្តិភាព ស្ថិរភាព និង​នាំមក​នូវ​ផលប្រយោជន៍​ជាក់​ស្តែង​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង ២៕