សៀមរាបៈ ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនិនាថ សីហនុ កាលពី​ព្រឹក​ម្សិលមិញ​បាន​យាង​ដាក់​កម្រង​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ចេតិយ​តម្កល់​អដ្ឋិធាតុ​របស់​លោក​ស្ថិត​នៅ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ក្រុង​សៀមរាប​។

អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត Beat Richner បាន​ដឹក​ពី​ប្រទេស​ស្វ៊ីស​ដែល​ជា​ទឹកដី​កំណើត​របស់​លោក​មក​ដល់​ខេត្ត​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​ ៥ ខែ​ធ្នូ ឆ្នាំ​ ២០១៨​។

លោក​វេជ្ជបណ្ឌិត Denis Laurent អនុប្រធាន​មន្ទីរពេទ្យ គន្ធបុប្ផា បាន​ថ្លែង​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា បន្ទាប់ពី​បាន​យក​អដ្ឋិធាតុ​របស់​លោក Richner មក​ដល់​ព្រលាន​យន្តហោះ អដ្ឋិធាតុ​របស់​លោក​ត្រូវ​បាន​ហែ​ចេញ​ពី​ព្រលានយន្តហោះ​ទៅ​កាន់​បណ្តា​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប​មុន​ឆ្ពោះ​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្ត​សៀមរាប ទី​ដែល​ត្រូវ​តម្កល់​ធាតុ​របស់​លោក​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ទេ​ចំពោះ​បណ្ដាំ​របស់​លោក Richner ពី​ការតម្កល់​អដ្ឋិធាតុ​របស់​លោក​នៅ​កម្ពុជា​នេះ ប៉ុន្ដែ​ការយក​អដ្ឋិធាតុ​របស់​លោក វេជ្ជបណ្ឌិត​មក​តម្កល់​នៅ​ខេត្ដ​សៀមរាប​នៃ​ប្រទេស​កម្ពុជា​នេះ​គឺជា​ការសម្រេច​ចិត្ដ​របស់​គ្រួសារ​របស់​លោក​ផ្ទាល់ ព្រោះ​ពួកគាត់​យល់​ឃើញ​ថា​នេះ​ជា​អ្វី​ដែល​លោក​វេជ្ជបណ្ឌិត Richner ស្រឡាញ់​ប្រទេស​កម្ពុជា និង​បាន​លះបង់​កម្លាំងកាយ​ចិត្ដ​របស់​លោក​ជាមួយ​ប្រជាជន​កម្ពុជា​»​។

លោក​បាន​ឲ្យ​ដឹង​ថា អដ្ឋិធាតុ​របស់​លោក​វេជ្ជបណ្ឌិត​ត្រូវ​បាន​ដឹក​មក​ដល់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​នៅ​វេលា​ម៉ោង​ប្រមាណ ៨ ​ព្រឹក​ដោយ​មាន​ការសូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ពី​សំណាក់​ព្រះសង្ឃ​ប្រមាណ ៧០០ អង្គ​តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា​។

ពិធី​ដង្ហែ​អដ្ឋិធាតុ​របស់​លោក Richner មាន​ការ​បើក​ផ្លូវ​ដោយ​រថយន្ត​ស៊ីរ៉ែន​របស់​នគរបាល និង​មាន​ការ​ហែ​អម​ដោយ​ផ្ទាល់​ពី​សំណាក់​លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង អភិបាល​ខេត្ត​សៀមរាប​លោក ឃឹម ប៊ុនសុង ព្រម​ទាំង​មាន​ការ​លេងភ្លេង​ពិណពាទ្យ​អម​ផង​ដែរ​។

នៅ​តាម​ដង​ផ្លូវ​គេ​សង្កេត​ឃើញ​មាន​មន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋ​យ៉ាងច្រើន​ឈរ​នៅ​អម​សង​ខាង​ផ្លូវ​សម្តែង​សមានទុក្ខ និង​សម្តែង​ការគោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក Richner ដែល​បាន​បូជា​ទាំង​កម្លាំងកាយ​ចិត្ត ថវិកា និង​ពេលវេលា​ស្ទើរ​ពេញ​មួយជីវិត​របស់​លោក ហើយ​ជា​លទ្ធផល​លោក​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​។

ការ​ដង្ហែ​អដ្ឋិធាតុ​របស់​លោក​វេជ្ជបណ្ឌិត​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រុម​គ្រួសារ និង​បងស្រី​របស់​លោក​វេជ្ជបណ្ឌិត​ដែល​អញ្ជើញ​មកពី​ប្រទេស​ស្វ៊ីស​ និង​ថ្នាក់ដឹកនាំ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​យ៉ាង​ច្រើន​កុះករ​ដោយ​បង្ហាញ​នូវ​អារម្មណ៍​ក្តុកក្តួល សោកសង្រេង ដែល​បាត់បង់​នូវ​វីរបុរស​របស់​កម្ពុជា​ក្នុង​ការងារ​សង្គ្រោះ​ជីវិត​កុមារ​។

លោក​វេជ្ជបណ្ឌិត Richner បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​ ៩ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នៅឯ​ប្រទេស​កំណើត​របស់​លោក​ក្រោយពី​លោក​បាន​ធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​កុមារ និង​មាតា​នៅ​កម្ពុជា​អស់​រយៈពេល​ប្រមាណ ២៥ ​ឆ្នាំ​៕