ភ្នំពេញៈ នៅក្នុង​ខួប​ ២៨ ​ឆ្នាំ​ នៃ​ការដាក់បញ្ចូល​រមណីយដ្ឋាន​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​នេះ​ និង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​អភិរក្ស​បេតិកភណ្ឌ​ដ៏អស្ចារ្យ​នេះ​ ខណៈ​បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​លេខ​ ១ ​នៅលើ​ពិភពលោក​។

រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​អស់​រយៈពេល​​ ២៨ ​ឆ្នាំ​ មកហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​ (១៤ ​ធ្នូ​ ១៩៩២-១៤ ​ធ្នូ​ ២០២០)​។

កាលពី​ថ្ងៃ​ម្សិលមិញ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​ព្រះសារលិខិត​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ២៨ នៃ​ការដាក់បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា​៖ «​កូនចៅ​ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះបរមរាជានុញ្ញាត​ក្រាបបង្គំ​ថ្វាយ​នូវ​អំណរ​ព្រះរាជ​គុណ​ និង​មហាព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបរមរតន​កោដ្ឋ ព្រះវររាជបិតា​ស្ថាបនា​ជាតិ ជា​ទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ដែល​ព្រះអង្គ​បាន​ត្រួសត្រាយ​ផ្លូវ​ដ៏សំខាន់​ក្នុង​កិច្ចការពារ​លើកតម្កើង​កិត្តិនាម​ដ៏ឧត្តុង្គឧត្តម​នៃ​ក្រុម​ប្រាសាទ​អង្គរ ការពារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​ទុកជា​សម្បត្តិ​ដ៏មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន​ជូន​ដល់​កូនចៅ​ជំនាន់​ក្រោយ​នៃ​ប្រជាជាតិ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហោះ​សារ​អបអរសាទរ​ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​ផងដែរ​ដោយ​លោក​បាន​កត់សម្គាល់ថា នេះ​គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ ជាពិសេស​គឺ​សម្តែង​នូវ​ការដឹងគុណ​ដ៏ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​អរិយធម៌​ដ៏រុងរឿង​របស់​ខ្មែរ នា​សម័យ​អតីតកាល និង​ការតស៊ូ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ការជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ដើម្បី​ការពារ​ឱ្យបាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏មាន​តម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល​។

លោក​ ហ៊ុន សែន លើកឡើង​ថា៖ «​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការអភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏អស្ចារ្យ​នេះ​។ បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​លេខ​ ១ ​នៅលើ​ពិភពលោក​ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់លាន​នាក់​មក​ទស្សនា​ និង​បាន​ស្គាល់​ពី​សម្បតិ្ត​វប្បធម៌​ប្រទេស​កម្ពុជា​»​។ លោក​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​។

ទិដ្ឋភាព​ប្រាសាទ​អង្គរ បន្ទាប់​ពី​ថ្ងៃ​លិច​កន្លងមក​។ហេង ជីវ័ន

ក្រុម​ប្រាសាទ​អង្គរ​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី​ ១៤ ខែ​ធ្នូ ឆ្នាំ​ ១៩៩២ នាទី​ក្រុង​សាន់តាហ្វេ សហរដ្ឋអាមេរិក​ក្រោម​ព្រះរាជ​តម្រិះ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ ព្រះអង្គ​បាន​ធ្វើការ​អំពាវនាវ​ទៅកាន់​អង្គការ​យូណេស្កូ សុំ​ឱ្យ​ជួយ​ស្រោចស្រង់​ការពារ​ក្រុម​ប្រាសាទ​អង្គរ​។

ឆ្លើយតប​ទៅតាម​ការអំពាវនាវ​របស់​ព្រះបរម​រតនកោដ្ឋ បន្ទាប់ពី​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​តូក្យូ​ចាប់ពី​ថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ​ ១៩៩៣ ក្រោម​ការផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូណេស្កូ ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ចការពារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ហៅ​កាត់​ថា អាយស៊ីស៊ីអង្គរ (ICC-Angkor) ត្រូវបាន​បង្កើតឡើង​នា​ខែធ្នូ ឆ្នាំ​ ១៩៩៣​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​បង្ហាញ​នូវ​វីដេអូ​ខ្លី​មួយ​ពី​រមណីយដ្ឋាន​អង្គរ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ២៨ នៃ​ការដាក់​បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាត់ទុក​ថា ជាការ​រំឭក​នូវ​ស្មារតី​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ ជាពិសេស​គឺ​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ ដើម្បី​បុព្វហេតុ​អរិយធម៌​ដ៏រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល និង​ការតស៊ូ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ការជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ការពារ​ឱ្យបាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏មាន​តម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល​៕