ភ្នំពេញៈ សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​បរិច្ចាគ​ព្រះរាជទ្រព្យ​ក្នុង​ ១ ​ព្រះអង្គ​ ១ ​លាន​ដុល្លារ​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ ដែល​ជា​ការបរិច្ចាគ​លើក​ទី​ ២ ​ចាប់ពី​មាន​ជំងឺ​កូវីដ ​១៩ មក ។

ការបរិច្ចាគ​ព្រះរាជទ្រព្យ​លើក​ទី​ ២ ​នេះ​គឺធ្វើ​ឡើង​តាមរយៈ​ព្រះរាជសារ​របស់​ព្រះអង្គ​ទាំង​ ២ ​ផ្ញើ​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ដែល​ចេញ​ផ្សាយ​កាលពី​ ២៤ មិថុនា ដើម្បី​គាំទ្រ​ក្នុង​សកម្មភាព​បង្ការ និង​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​រាលដាល​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ​។

កាលពី​ខែ​មីនា​កន្លង​ទៅ ព្រះអង្គ​ទាំងទ្វេ​ក៏​បាន​បរិច្ចាគ​ទឹកប្រាក់​ ៣ ​សែន​ដុល្លារ​ទៅ​ដល់​គណៈកម្មការ​ជាតិ​នេះ​ផងដែរ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់ថា ទឹកប្រាក់​ឧបត្ថម្ភ​ដែល​​រដ្ឋាភិបាល​ទទួល​បាន​ពី​សប្បុរសជន​នានា​ពី​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​ដែល​ពុំបាន​ចាយវាយ​អស់​ក្នុង​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​គឺ​នឹង​ត្រូវ​បរិច្ចាគ​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ការចំណាយ​ទៅ​លើ​វិស័យ​សុខាភិបាល​ដែល​មិន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

នៅ​ថ្ងៃ​ ២៤ ​មិថុនា​ក្រសួង​សុខាភិបាល​បាន​ប្រកាស​អ្នកជា​សះស្បើយ​​ពី​ជំងឺ​កូវីដ​១៩​ម្នាក់​ទៀត​ដែលជា​បុរស​ជនជាតិ​ខ្មែរ​អាយុ​ ២១ ​ឆ្នាំ ​ដែល​បាន​ឆ្លង​ជំងឺ​នេះ​បន្ទាប់ពី​ធ្វើដំណើរ​ពី​ប្រទេស​ម៉ាឡេស៊ី​។ អ្នកជា​សះស្បើយ​សរុប​កើន​ដល់​ ១២៨ ​នាក់​ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​នេះ​ ១៣០ ​នាក់​។

កាលពី​ថ្ងៃទី​ ២១ មិថុនា ក្រសួង​សុខាភិបាល​បាន​ក្រើន​រំឭក​ឱ្យ​ពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​នានា​របស់​ក្រសួង​ឱ្យបាន​ខ្ជាប់ខ្ជួន​ដូចជា ការធ្វើ​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ឬ​ប្រើ​ក្រមា​នៅពេល​ក្អក​ ឬ​​កណ្ដាស់ និង​ត្រូវ​រក្សា​ចន្លោះ​សុវត្ថិភាព​សង្គម និង​បុគ្គល​ដើម្បី​បញ្ចៀស​ការកើតឡើង​រលក​ទី​ ២ ​នៃ​ការចម្លង​ជំងឺ​កូវីដ​ ១៩​ នេះ​។

ដោយឡែក​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ ២៤ ​មិថុនា​ ដែរ​ថា សាលាក្រុង​នឹង​ប្រើប្រាស់​សាលារៀន​ចំនួន​ ២ ​បន្ថែមទៀត ​គឺ​អនុវិទ្យាល័យ​គោក​បញ្ជាន់​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​វិទ្យាល័យ​ឫស្សីកែវ​នៅ​ខណ្ឌឫស្សីកែវ​សម្រាប់ធ្វើ​ចត្តាឡីស័ក​ពលរដ្ឋ​ខ្មែរ​ដែល​មកពី​ក្រៅ​ប្រទេស​ក្នុង​ករណី​មាន​ការខ្វះខាត​។

លោក​ថា​៖ «​នៅ​សាលា​ទាំង​ ២ ​ហ្នឹង យើង​បាន​ត្រៀម​គ្រែ ភួយ ខ្នើយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ចត្តាឡីស័ក​។ ​បន្ទប់ទឹក និង​កន្លែង​ស្នាក់នៅ​គឺ​យើង​នឹង​រៀបចំ​ឱ្យ​បាន​ល្អ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ធ្វើ​ចត្តាឡីស័ក​ប្រកប​ដោយ​​សុខុមាលភាព​»​។

រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ធ្វើ​ចត្តាឡីស័ក​រាល់​អ្នកដំណើរ​មកពី​បរទេស​ទាំងអស់​ចាប់តាំងពី​ថ្ងៃទី​ ២០ ខែ​ឧសភា​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា​ ថា កម្ពុជា​នៅតែ​ទទួល​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​ដោយ​អ្នកដំណើរ​ជនជាតិ​ខ្មែរ​ត្រូវ​​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្នុង​ករណី​ធ្វើដំណើរ​ជាមួយ​អ្នក​ឆ្លង​ជំងឺ​កូវីដ ហើយ​សម្រាប់​ជនបរទេស​គឺ​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​​ចត្តាឡីស័ក​នៅតាម​សណ្ឋាគារ​។

លោក​បញ្ជាក់ថា មកដល់​ពេល​នេះ​មណ្ឌល​ចត្តាឡីស័ក​ទាំង​ ៣ ​នៅ​ភ្នំពេញ​ដែល​អាច​ដាក់​មនុស្ស​បាន​ ៤០០ ​នាក់​ គឺ​នៅមាន​សល់​គ្រែ​ទៀត ដោយសារ​មាន​ពលរដ្ឋ​ខ្លះ​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅតាម​បណ្ដា​ខេត្ត​។

លោកស្រី​ថា​៖ «​សម្រាប់​ជនបរទេស​ក៏​យើង​អត់​ខ្វះ​សណ្ឋាគារ​ទេ​ដោយសារ​ឥឡូវនេះ​ម្ចាស់​សណ្ឋាគារ​គាត់​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ហើយ​សម្រាប់​ (​អ្នកដំណើរ​) ​ជា​ពលរដ្ឋ​ខ្មែរ​គឺ​យើង​នៅតែ​បង្វិល​បាន​នៅ​ឡើយ​គឺ​យើង​អាចដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ជម្ពូវ័ន​បាន​ ២០០ ​នាក់​ នៅ​មូលដ្ឋាន​កងទ័ពអាកាស​ដាក់​បាន​ ១០០ ​នាក់ និង​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​ដាក់​បាន​ ១០០ ​នាក់​។ អ៊ីចឹង​!​យើង​បាន​ត្រៀម​ ៤០០ ​នាក់​សម្រាប់​វិលជុំ​»​។

លោកស្រី​បញ្ជាក់ថា គិត​មកទល់​ថ្ងៃទី​ ២៣ ​មិថុនា​ មាន​អ្នកដំណើរ​តាម​ជើងយន្តហោះ​ជាង​ ១ ​ម៉ឺន​ ២ ​ពាន់​នាក់ ​ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ដ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​របស់​យើង​ធ្វើ​ការងារ​ ២៤ ​ម៉ោង ​ទោះ​​យន្តហោះ​ចុះ​នៅ​ម៉ោង​ ៤ ​ទៀបភ្លឺ​ក៏​នៅតែ​មាន​ក្រុមការងារ​យើង​ប្រចាំការ​ជានិច្ច​គឺ​អ្នក​ដំណើរ​ចុះ​ពីលើ​យន្តហោះ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ចត្តាឡីស័ក​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ស្គែន​កម្ដៅ ហើយ​បើ​មាន​កម្ដៅ​ហ្នឹង​សង្ស័យ​គឺ​យើង​ចាប់គាត់​នៅ​កន្លែង​នោះ​ភ្លាម​»៕