ភ្នំពេញៈ ព្រះមហាក្សត្រ​បាន​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ និង​បានកំណត់​ច្បាស់លាស់​អំពី​ការគ្រប់គ្រង និង​ទប់ស្កាត់​បទល្មើស​សម្អាត​ប្រាក់ និង​អំពើ​ពុករលួយ​។

ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ត្រូវ​បាន​ព្រះករុណា​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហមុនី ប្រកាស​ដាក់ឱ្យ​​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា បន្ទាប់ពី​ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​ ៥ ខែតុលា និង​បន្ទាប់មក​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​កាលពី​ថ្ងៃទី​ ២៦ ខែតុលា​ កន្លងទៅ​។ ច្បាប់​នេះ​មាន​ចំនួន ១២ ​ជំពូក និង​ ៩៧ ​មាត្រា​។

មាត្រា​ ១ ​នៃ​ច្បាប់​នេះ​ចែងថា ច្បាប់​នេះ​មាន​គោលបំណង​ធានា​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមាហរ័ណ​ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព​ និង​សន្តិសុខ​សង្គម​។

មាត្រា​ដដែល​ចែងថា ច្បាប់​នេះ​កំណត់​សមត្ថកិច្ច វិធាន​ និង​នីតិវិធី​សម្រាប់​គ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមាហរ័ណ និង​ល្បែង​ពាណិជ្ជកម្ម​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​រូបវន្ត​បុគ្គល និង​នីតិបុគ្គល​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ដោយផ្ទាល់​ ឬ​ចូលរួម​នៅក្នុង​ល្បែង​ពាណិជ្ជកម្ម​ និង​កំណត់​សិទ្ធិ​ជា​ម្ចាស់​លើ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម សមាហរ័ណ​ និង​លើ​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម​ព្រមទាំង​បង្កើត​ស្តង់ដា​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមាហរ័ណ និង​ល្បែង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បើតាម​មាត្រា ៤ ល្បែង​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​មាន​សមត្ថកិច្ច​ស្នើឡើង​នូវ​គោលនយោបាយ ចេញ​បទប្បញ្ញត្តិ គ្រប់គ្រង ត្រួតពិនិត្យ ផ្ដល់​អាជ្ញាប័ណ្ណ ប្រមូល​ចំណូល និង​ចាត់វិធានការ​ចាំបាច់​ទាំងឡាយ​ណា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមាហរ័ណ និង​ល្បែង​ពាណិជ្ជកម្ម​។ គណៈកម្មការ​នេះ​មាន​សមាសភាព​ ១១ ​រូប​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ១ ​រូប​ជា​អនុប្រធាន​។

មាត្រា​ ៥៤ បរិយាយ​អំពី​កិច្ចការ​ទប់ស្កាត់​ការសម្អាត​ប្រាក់​ដោយ​ចែងថា ប្រតិបត្តិករ​ល្បែង​ពាណិជ្ជកម្ម​ត្រូវមាន​កាតព្វកិច្ច​ត្រួតពិនិត្យ​ផ្ទៃក្នុង​ដូចជា​ការប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​, ការប្រឆាំង​អំពើ​ស៊ីសំណូក​ និង​អំពើពុករលួយ ការរក្សា​សុវត្ថិភាព​ចំពោះ​ចំណូល​ពី​ល្បែង​ និង​ការត្រួតពិនិត្យ​ការចូល​ទៅក្នុង​កន្លែង​ហាមឃាត់​។ ប្រតិបត្តិករ​ក៏ត្រូវ​រក្សា​បញ្ជី​គណនេយ្យ​ និង​កំណត់ត្រា និង​កាតព្វកិច្ច​ផ្តល់​របាយការណ៍​សវនកម្ម​ផ្ទៃក្នុង និង​កាតព្វកិច្ច​អនុលោមភាព​។ ​

ចំណែក​មាត្រា ៥៥ ចែងថា​៖ «​ប្រតិបត្តិករ​ល្បែង​ពាណិជ្ជកម្ម​ត្រូវមាន​ និង​រក្សា​កិច្ចបញ្ជិកា​គណនេយ្យ អនុលោម​តាម​បទដ្ឋាន​គណនេយ្យ​ជាធរមាន​ដែល​បង្ហាញ​អំពី​ប្រតិបត្តិការ​ និង​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រតិបត្តិការ​ល្បែង​ពាណិជ្ជកម្ម​របស់ខ្លួន​។ កិច្ចបញ្ជិកា​គណនេយ្យ​ត្រូវ​ធានាថា ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រូវ​បាន​ធ្វើ​ដោយ​ត្រឹមត្រូវ និង​តាម​ពេលវេលា​កំណត់ និង​បង្កលក្ខណៈ​ដល់​ការត្រួតពិនិត្យ ការស៊ើបអង្កេត និង​ការធ្វើ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដោយ​រួមទាំង​កងកម្លាំង​ប្រដាប់អាវុធ អ្នករាជការ​សាធារណៈ និង​ពលរដ្ឋ​ទទួល​អាណត្តិ​ដោយ​ការបោះឆ្នោត​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​លេង​ក្នុង​កាស៊ីណូ ឬ​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម​។ នេះ​បើតាម​មាត្រា ៦៨​។

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​មាន​សិទ្ធិ​ត្រួតពិនិត្យ​នូវ​បរិក្ខារ​ និង​ខ្សែអាត់​សំឡេង និង​វីដេអូ​នៃ​ឧបករណ៍​សុវត្ថិភាព​ដែល​បំពាក់​ក្នុង​កាស៊ីណូ ឬ​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម​។ រាល់​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ ឬ អេធីអឹម ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​មាន​នៅ​កាស៊ីណូ និង​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម​។ នេះ​បើតាម​មាត្រា ៨០​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ប្រទេស​ភាគច្រើន​នៅលើ​ពិភពលោក​មាន​កាស៊ីណូ ឬ​មាន​ល្បែង​ពាណិជ្ជកម្ម​សមាហរ័ណ​។ វា​ជា​ផ្នែក​តូច​មួយ​ក្នុង​ការជំរុញ​ដល់​សេដ្ឋកិច្ចជាតិ ដែល​កាត់បន្ថយ​ការនាំចេញ​ប្រាក់​ចេញ​ទៅ​ក្រៅប្រទេស ប៉ុន្តែ​ទាក់ទាញ​ប្រាក់​ពី​ក្រៅ​ប្រទេស​មកវិញ​។

ការអនុញ្ញាត​ឱ្យមាន​ល្បែង​ពាណិជ្ជកម្ម​មាន​ផល​វិជ្ជមាន​ច្រើន​គឺ​ធ្វើ​ឱ្យ​រដ្ឋ​ទទួលបាន​ចំណូល​ពី​ការបង់ប្រាក់​ពន្ធ​របស់​កាស៊ីណូ និង​ពី​មណ្ឌល​កម្សាន្ត​ទាំងនោះ​ព្រម​ទាំង​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។ វា​ក៏​ជំរុញ​ដល់​វិស័យ​កសិកម្ម​ផងដែរ តាមរយៈ​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ទៅ​ដល់​កាស៊ីណូ និង​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម​ទាំងនោះ និង​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ក្បែរ​កាស៊ីណូ​មាន​ការកើនឡើង​។

លោក​ថា វិស័យ​ល្បែង​ពាណិជ្ជកម្ម​នេះ​ក៏មាន​ចំណុច​អវិជ្ជមាន​ដែរ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យតែ​ជនបរទេស​ប៉ុណ្ណោះ​អាច​ចូល​លេង​បាន ដើម្បី​ចៀសវាង​ស្ថាន​ភាពវឹកវរ​ក្នុង​សង្គម​កើតចេញ​ពី​ការចាញ់​ល្បែង​។

លោក​ថ្លែងថា​៖ «​និយាយ​ជារួម យើង​មើលឃើញ​ថា ផលចំណេញ​វា​មាន​ច្រើនជាង បើសិន​ជា​យើង​គ្រប់គ្រង​វិស័យ​ហ្នឹង​បាន​។ បើសិន​ជា​យើង​គ្រប់គ្រង​មិនបាន​ទេ ផលអវិជ្ជមាន​ក៏​វា​មាន​ដែរ​។ អ៊ីចឹង​ហើយ​បានជា​ប្រទេស​គេ​មួយចំនួន គេ​មាន​គោលនយោបាយ​ផ្សេងៗ​ដូចជា​គេ​បង្កើត​ក្នុង​ចំនួន​ជាក់លាក់​នៅ​កន្លែង​ណា​មួយ​ដូច​នៅ​កម្ពុជា យើង​កំណត់​ឱ្យមាន​នៅតាម​ព្រំដែន ឬ​នៅ​ភ្នំពេញ​ត្រូវ​មាន​ប៉ុន្មាន​កន្លែង ដែល​នេះ​ក៏​ជា​វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​ដែរ​»៕