ភ្នំពេញៈ ព្រះរាជពិធីច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំ ២០១៥ នេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៦ ខែឧសភាខាងមុខនេះ នៅទីលានបាល់ទាត់ វាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អគ្គលេខាធិការគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ លោក ឈិន កេតនា បានឲ្យដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលតែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខដោយមានការយាង និងអញ្ជើញចូលរួមពីព្រះមហាក្សត្រមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា និងអង្គទូតនានាផងដែរ។
លោកថា៖ «យើងបានដាក់លិខិតទៅប្រមុខរដ្ឋាភិបាលសម្តេចនាយកដែរ តែមិនទាន់មានការឆ្លើយតបនោះទេ ព្រោះក្នុងឆ្នាំខ្លះគាត់អាចនឹងជាប់រវល់»។
បើតាមលោក ឈិន កេតនា ក្នុងព្រះរាជពិធី តំណាងព្រះរាជា ឬហៅថា ស្តេចមាឃ នឹងតំណាងដោយអភិបាលខេត្តបាត់ដំបង គឺលោក ច័ន្ទ សុផល ចំណែកភរិយារបស់លោកសម្តែងជាព្រះអគ្គមហេសី ឬហៅថា នាងមេហួ។
លោកថា៖ «ការធ្វើពិធីបុណ្យនេះគឺក្រុមការងារបានរៀបផែនការសម្រាប់ ៥ ឆ្នាំម្តងនៅឆ្នាំក្រោយយើងនឹងធ្វើនៅព្រៃវែងឆ្នាំក្រោយទៀត នៅខេត្តតាកែវ ប៉ុន្តែផែនការទាំងនេះ អាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង»។
ពាក់ព័ន្ធសុវត្ថិភាព និងសន្តិសុខសាធារណៈសម្រាប់ពិធីបុណ្យនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានឲ្យដឹងថា រាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើផែនការរួចហើយ ដោយប្រើប្រាស់កម្លាំងសរុប ២១៧ នាក់ ប្រើប្រាស់រថយន្តរួម ២៥ គ្រឿង ក្នុងនោះមានរថយន្តស៊ីរ៉ែននាំក្បួន ១ គ្រឿង រថយន្តសង្គ្រោះ ១ គ្រឿង និងរថយន្តបម្រើការ ២៣ គ្រឿង។
ស្នងការខេត្តបាត់ដំបង លោក ស ថេត បានឲ្យដឹងថា សម្រាប់នគរបាលជាតិវិញ ក៏បានរៀបចំនូវផែនការដាក់កម្លាំងការពារ និងការប្រើប្រាស់រថយន្តនានាក្នុងពិធីនេះជាដើម តែរបាយការណ៍ជាក់លាក់ពីតួលេខនោះ គឺលោកមិនទាន់មាននៅឡើយទេ។ លោកថា៖ «យើងបានរៀបផែនការរួចរាល់ហើយ តែមិនអាចប្រាប់លម្អិតទេ»៕