តាកែវៈ ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្នុងឆ្នាំនេះបានបង្ហាញឲ្យឃើញថា ផលដំណាំ ស្រូវ ពោត និងសណ្ដែក នឹងទទួលបានលទ្ធផលល្អតាមរយៈប្រផ្នូលរបស់គោឧសភរាជ ១ គូ ដែលបានបរិភោគអាហារទាំង ៣ មុខ ខាងលើ ក្នុងចំណោមអាហារ ៧ មុខ ដែលត្រូវបានក្រុមព្រាហ្មណ៍ព្រះរាជគ្រូប្រចាំព្រះបរមរាជវាំងបានរៀបចំឡើងកាលពីម្សិលមិញនៅពហុកីឡដ្ឋានក្រុងដូនកែវ ខេត្តតាកែវ។
ព្រះរាជពិធីនេះ បានប្រព្រឺត្តទៅក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ដោយមានលោក អ៊ូច ភា អភិបាលខេត្តតាកែវត្រូវបានរាជានុញ្ញាតឲ្យធ្វើជាស្ដេចមាឃ និងលោកស្រី ស្រី ប៊ុណ្ណាដាវី ដែលជាភរិយា ធ្វើជាមេហួ។
អាហារចំនួន ៣ មុខ ដែលគោឧសភរាជបានបរិភោគនោះរួមមាន ស្រូវ ៨៥ ភាគរយ ពោត ៩០ ភាគរយ និងសណ្ដែក ៨៥ ភាគរយ។ ចំណែក ល្ង ស្មៅ ទឹក និងស្រាស គឺគោឧសភរាជមិនបានបរិភោគឡើយ។ តាមរយៈការបរិភោគរបស់គោឧសភរាជទាំង ២ ក្បាលនេះ លោក កង កេន ព្រះរាជគ្រូនៃព្រះបរមរាជវាំងបានព្យាករថា ការដាំដុះដំណាំស្រូវ ពោត និងសណ្ដែក សម្រាប់រដូវវស្សាឆ្នាំនេះនឹងទទួលបានផលល្អ។ ជាមួយគ្នានេះដែរលោកបានបួងសួងសុំឲ្យឆ្នាំនេះមានភ្លៀងធ្លាក់គ្រប់គ្រាន់និងសូមឲ្យប្រជាជាតិទូទាំងប្រទេសបានសេចក្ដីសុខសម្បូរសប្បាយតរៀងទៅ។
ទោះជាបែបណាក៏ដោយលោក កង កេន បានបញ្ជាក់ថាគ្រាន់តែជាការព្យាករមួយតាមវិធីបុរាណរបស់ខ្មែរកាលពីសម័យបុព្វកាលប៉ុណ្ណោះ។
លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីបុរាណ ប្រជាកសិករតែងដាំដុះដំណាំទៅតាមការផ្សងប្រផ្នូលរបស់សត្វគោឧសភរាជដោយពួកគាត់ជឿថា គ្រាប់ធញ្ញជាតិទាំងឡាយណាដែលគោឧសភរាជបានបរិភោគក្នុងពេលរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនោះនឹងទទួលបានផលល្អ។ ប៉ុន្តែបច្ចុប្បន្ន ប្រជាកសិករមានភាពវៃឆ្លាត និងចេះប្រើប្រាស់បច្ចេកទេសដាំដុះបានល្អជាងកាលសម័យបុព្វកាល ពិសេសមានការស្វែងយល់អំពីទីផ្សារកសិផលបានយ៉ាងល្អថែមទៀតផង។
លោកស្រីបានថ្លែងថា៖ «បើតាមការផ្សងប្រផ្នូលតាមរយៈគោឧសភរាជ គឺមានតែដំណាំ ស្រូវ ពោត និងសណ្ដែកប៉ុណ្ណោះ ដែលកសិករត្រូវធ្វើការដាំដុះ ប៉ុន្តែអ្នកបរិភោគមានជម្រើសច្រើនជាងនេះ ដែលប្រជាកសិករចាំបាច់ត្រូវបង្កើនការដាំដុះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ហើយនេះជាអ្វីដែលកសិករយើងនាពេលបច្ចុប្បន្ន បាននិងកំពុងបន្តធ្វើទៅតាមរដូវកាលនីមួយៗ»។
បើតាមលោកស្រី សុភា នៅខេត្តតាកែវមានផ្ទៃដីដាំដុះសម្រាប់រដូវវស្សាចំនួន ១៨៥ ០០០ ហិកតា និងផ្ទៃដីដាំដុះសម្រាប់រដូវប្រាំងចំនួន ៧៥ ០០០ ហិកតា។ទន្ទឹមនឹងនេះ ប្រជាកសិករមួយភាគធំនៅក្នុងខេត្តតាកែវ កំពុងនាំគ្នាភ្ជួររាស់ដីស្រែចម្ការរបស់ខ្លួន ដើម្បីដាំដំណាំទៅតាមរដូវកាលអាស្រ័យដោយស្ថានភាពដី និងអាកាសធាតុសមស្របនៃតំបន់របស់ពួកគេនីមួយៗ។
ចំណែកលោក ប៉ុស ឈីន ប្រជាកសិករនៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថា នៅពេលនេះគាត់បានដាំដុះដំណាំពោតក្រហមនៅលើផ្ទៃដីជាង ២ ហិកតា ហើយវាបាននិងកំពុងដុះពន្លកមកហើយ។
លោក ឈីន ដែលហាក់ដូចជាពុំសូវមានជំនឿទៅលើការផ្សងប្រផ្នូលរបស់សត្វគោឧសភរាជបានបញ្ជាក់ទៀតថា៖ «យើងជាកសិករចាំបាច់ត្រូវស្វែងយល់អំពីការវិវឌ្ឍនៃវិស័យកសិកម្ម និងទីផ្សារកសិផល បើពុំនោះទេយើងនឹងមិនអាចមានជីវភាពធូរធារបានឡើយ»។
លោកបានបន្តថា៖ «ខ្ញុំបានដាំដុះពោតមុនព្រះរាជពិធីច្រត់ព្រះនង្គ័លឬមុនគោឧសភរាជស៊ីអាហារ ដែលត្រូវបានគេរៀបចំដាក់ឲ្យវាស៊ីក្នុងពិធីនោះជាង ១ សប្ដាហ៍មុនមកម្ល៉េះ។ យ៉ាងណាវាក៏ជារឿងល្អដែរ សម្រាប់ខ្ញុំដែលគោឧសភរាជបានជ្រើសរើសស៊ីពោតច្រើនជាងគេ។ ប៉ុន្តែវាចាំបាច់ណាស់ ដែលយើងជាកសិករត្រូវធ្វើការថែទាំទឹក និងជីឲ្យបានល្អសម្រាប់ដំណាំរបស់យើងដើម្បីទទួលបានទិន្នផលខ្ពស់»។
បើតាមសម្ដីលោក ឈីន ការជ្រើសរើសប្រភេទដំណាំសម្រាប់ការដាំដុះនាដើមរដូវវស្សានេះ ក៏ជាផ្នែកមួយសំខាន់ផងដែរ។ លោកបាននិយាយថា ដំណាំពោតអាចដាំបានលើដីទំនាបធម្មតាឬដីស្រែប្រាំង ប៉ុន្តែដីស្រែជម្រៅមិនអាចដាំពោតបានទេ តែចំពោះស្រូវស្រាលឬ សណ្ដែកបាយអាចដាំបាន ព្រោះវាមានរយៈពេលខ្លីជាងពោត ដែលអាចទ្រាំនឹងភាពរាំងស្ងួតក្នុងអំឡុងពេលមានកូនរដូវប្រាំងក្នុងរដូវវស្សាខាងមុខនេះ។
កាលពីម្សិលមិញ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភាពរាំងស្ងួតដែលបណ្ដាលមកពីកូនរដូវប្រាំងក្នុងរដូវវស្សានឹងកើតមាននៅពាក់កណ្ដាលខែកក្កដានិងខែសីហាខាងមុខនេះ ដែលការព្យាករនេះ ស្រដៀងគ្នាទៅនឹងការផ្សងប្រផ្នូលតាមរយៈសត្វគោឧសភរាជដែលមិនបានបរិភោគទឹកសូម្បីតែមួយតំណក់នៅក្នុងព្រះពិធីច្រត់ព្រះនង្គ័លនោះ។
លោកបានបញ្ជាក់ថា៖ «ទោះយ៉ាងណាក៏ដោយក្នុងអំឡុងពេលនេះ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅទូទាំងផ្ទៃប្រទេស ដែលអាចឲ្យកសិករចាប់ផ្ដើមបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ទន្ទឹមនឹងនេះគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល យើងបានត្រៀមលក្ខណៈជាស្រេច សម្រាប់ការអន្តរាគមន៍សង្គ្រោះ កសិផលនៅគ្រាមានភាពរាំងស្ងួតកើតឡើង»៕