ភ្នំពេញៈ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃពុធម្សិលមិញបានបញ្ចប់សវនការជំនុំជម្រះសំណុំរឿងហិង្សានៅស្ពាននាគកាលពីខែកក្កដា ឆ្នាំ ២០១៤ ដោយព្រះរាជអាជ្ញា និងមេធាវីការពារដើមបណ្ដឹងសម្រេចភា្ជប់ករណីហិង្សានោះទៅនឹងបដិវត្តន៍ពណ៌ បន្ទាប់ពីសវនការរយៈពេល ៣ ថ្ងៃជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយភាគីជនរងគ្រោះថាគ្មានអំពើកុបកម្មកើតឡើងទេ និងស្នើដល់តុលាការឲ្យដោះលែងពួកគេ។
លោក ង៉ែត សារ៉ាត ព្រះរាជអាជ្ញាមួយរូបក្នុងចំណោមព្រះរាជអាជ្ញា ២ រូបបានថ្លែងថា អំពើហិង្សានៅជិតស្ពាននាគគឺជាអំពើកុបកម្ម និងជាផ្នែកមួយនៃបដិវត្តន៍ពណ៌ ដែលសកម្មភាពរបស់ពួកគេត្រូវបានរៀបចំដូចជាមានការប្រជុំ ការពាក់ស្លាកសម្គាល់ ការយកបដាទៅចងជាដើម បើទោះជាផ្សាយថា អហិង្សាក៏ដោយដែលនោះគ្រាន់តែជាលេស ហើយការទាមទារឲ្យដោះលែងទីលានប្រជាធិតេយ្យនៅពេលនោះមិនមែនជាសិទ្ធិបញ្ចេញមតិទេ គឺជាការរំដោះយកទីតាំង ឬកន្លែងរបស់រដ្ឋាភិបាល។
លោក ង៉ែត សារ៉ាត និយាយថា៖ «កុបកម្មនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នជាតិ បើមិនមានការទប់ស្កាត់ទាន់ពេលទេ នឹងមានអំពើបដិវត្តន៍ពណ៌កើតឡើងទៀតផង។ យើងសូមសាទរចំពោះសមត្ថកិច្ចដែលបានបញ្ឈប់បទល្មើសទាន់ពេល»។
លោក លី ច័ន្ទតុលា មេធាវីការពារក្រុមសន្តិសុខដែលជាដើមបណ្ដឹង និងជាជនរងគ្រោះបានថ្លែងថាព្រឹត្តិការណ៍ ១៥ កក្កដាគឺជាចលនាឧទ្ទាមក្រោយការបោះឆ្នោតឆ្នាំ ២០១៣។ លោក ច័ន្ទតុលា ថ្លែងថា៖ «ជោគជ័យរបស់គណបក្សសង្គ្រោះជាតិក្រោយបោះឆ្នោតឆ្នាំ ២០១៣ គឺបណ្ដុះគំនិតឲ្យកាចសាហាវឲ្យស្អប់ប្រជាការពារ។ មួយឆ្នាំចាប់ពីថ្ងៃបោះឆ្នោត ២០១៣ រហូតដល់ថ្ងៃ ១៥ កក្កដា ទីលានប្រជាធិបតេយ្យគឺជាទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ។ ទីលានប្រជាធិបតេយ្យគឺជាកន្លែងបណ្ដុះគំនិត និងបញ្ឆេះកំហឹងឆ្ពោះទៅបដិវត្តន៍ពណ៌»។
ទោះយ៉ាងណាក្រុមមេធាវីការពារជនជាប់ចោទ ១១ រូបបានអះអាងថា ព្រឹត្តិការណ៍ថ្ងៃ ១៥ កក្កដា ២០១៤ មិនមែនជារឿងកុបកម្មនោះទេ ដោយសារវាមិនស្របនឹងនិយមន័យ «កុបកម្ម» ដែលមានចែងក្នុងច្បាប់តាមមាត្រា ៤៥៦ និង ៤៥៧ នៃក្រមព្រហ្មទណ្ឌ។
ក្រុមមេធាវីលើកឡើងដោយទទួលស្គាល់ថាមានអំពើហិង្សា ប៉ុន្តែមិនមែនជាអំពើកុបកម្មដោយសារបាតុករមិនមានបំណងគ្រប់គ្រងអគារ ឬស្ថាប័នរដ្ឋ ឬធ្វើឲ្យបាត់បង់បូរណភាពទឹកដី ឬមានអាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ដូចដែលមានចែងក្នុងមាត្រាក្នុងច្បាប់នោះទេ។ លោក សំ សុគង់ មេធាវីម្នាក់ទៀតបានអះអាងថាការទាមទារឲ្យបើកទីលានប្រជាធិបតេយ្យដោយសារតែការបិទនោះគឺជាការរំលោភលើសិទ្ធិពលរដ្ឋក្នុងការតវ៉ា និងបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ។
លោកបានថ្លែងថា៖ «វាមិនមែនជាកុបកម្មនេះវាគឺជាបាតុកម្មតែមានអំពើហិង្សាកើតឡើង ដូច្នេះជាគោលការណ៍ច្បាប់ អ្នកណាប្រព្រឹត្តអ្នកនោះទទួលខុសត្រូវ»។
ជនជាប់ចោទទាំងអស់បានស្នើសុំឲ្យតុលាការបដិសេធសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសុំឲ្យដោះលែងពួកគេឲ្យមានសេរីភាពវិញព្រោះពួកគេមិនបានដឹងរឿងកុបកម្មអ្វីទេ។
ជនជាប់ចោទ អ៊ុក ពេជ្រសំណាង និយាយថា៖ «ខ្ញុំមិនសុំឲ្យតុលាការដោះលែងខ្ញុំទេ តែខ្ញុំសុំឲ្យចៅក្រមសម្រេចតាមច្បាប់។ សូមកុំឲ្យខ្ញុំប្រើពាក្យតុលាការតេឡេ»។
ជនជាប់ចោទ នាង សុខឃុន ស្នើសុំឲ្យលើកលែងការចោទប្រកាន់ និងចោទសួរថា៖ «តើទង្វើរបស់ខ្ញុំដោយគ្រាន់តែកាន់កាមេរ៉ាថតទិដ្ឋភាពនៅទីនោះដើម្បីផ្សព្វផ្សាយជាការចូលរួមក្នុងចលនាកុបកម្មទេ?»។ ចំណែក ទេព ណារិន និយាយថា៖ «សូមទម្លាក់បទចោទលើរូបខ្ញុំ ព្រោះបទចោទអត់សមហេតុផលសោះ។ បើចៅក្រមមានមេនៅពីក្រោយ ប្រាប់មេផងថា បទចោទនេះអត់សមទាល់តែសោះ»។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ១៥ កក្កដា ២០១៤ មានព្រឹត្តិការណ៍ហិង្សាមួយកើតឡើងរវាងក្រុមសន្តិសុខខណ្ឌដូនពេញជាមួយនឹងក្រុមបាតុករគាំទ្រអតីតគណបក្សសង្គ្រោះជាតិ (នាពេលនោះ) កើតឡើងនៅក្បែរស្ពាននាគខាងកើតទីលានប្រជាធិបតេយ្យ គឺនៅពេលដែលក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រទាមទារឲ្យដោះលែងទីលាននេះដើម្បីពលរដ្ឋបានសម្តែងមតិ។
ក្រោយព្រឹត្តិការណ៍កើតឡើង សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជាច្រើនរូបរួមមានអ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនទាំង ១១ រូប ហើយក្រោយមកមានការចាប់ខ្លួនអ្នកគាំទ្រ ៣ នាក់ផ្សេងទៀត។ បច្ចុប្បន្ននេះអ្នកទាំង ១៤ រូបកំពុងជាប់ពន្ធនាគារព្រៃសដោយតុលាការក្រុងភ្នំពេញកាលពីឆ្នាំ ២០១៥ និង ២០១៦ បានកាត់ទោសពួកគេដាក់ពន្ធនាគារចន្លោះពី ៧ ទៅ ២០ ឆ្នាំ ដោយចោទពួកគេថាបានដឹកនាំ «ចលនាកុបកម្ម» និងចូលរួមក្នុងចលនានេះ៕