រតន​គិរីៈ លោក​ ​ជិន​ ​ម៉ាលីន​ ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា​​ ​ក្រសួង​យុត្តិធម៌​បាន​ផ្អាក​តួនាទី​ លោក​ ជា​ ពេជ្រ​ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​បណ្តោះអាសន្ន​​ ក្រោយ​ពី​រង​ការ​ចោទ​ពី​ភរិយា​ថា​ ​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ។

លោក​ ម៉ាលីន​ ឲ្យ​ដឹង​ថា ​លោក​ ​ជា​ ពេជ្រ មាន​វិវាទ​ផ្ទាល់​ខ្លួន​ជាមួយ​ភរិយា​របស់​គាត់​ ហើយ​ភរិយា​របស់​គាត់​បាន​ប្តឹង​គាត់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ពី​បទ​ឯកព័ន្ធភាព​ ​(​ប្តី​មួយ​ប្រពន្ធ​មួយ)​។​ ​មក​ដល់​ពេល​នេះ​តុលាការ​កំពុង​ដំណើរការ​សំណុំ​រឿង​របស់​គាត់​ពាក់ព័ន្ធ​បទ​ល្មើស​ផិត​តាម​ច្បាប់​ឯកព័ន្ធភាព​។​ ​

លោក ​ជិន​ ​ម៉ាលីន​ ​បញ្ជាក់​ថា​៖ «ជា​គោលការណ៍​ច្បាប់​ កាល​ណា​មន្ត្រី​ណា​មួយ​ជាប់​បណ្ដឹង​នៅ​តុលាការ​គឺ ​យើង​ព្យួរ​ការងារ​គាត់​បណ្តោះ​អាសន្ន​មួយ​រយៈ​សិន​ រង់ចាំ​រហូត​ដល់​បញ្ចប់​នីតិវិធី​តុលាការ។​ អ៊ីចឹង​ ​នេះ​មិនមែន​ជា​ការ​ដក​តំណែង​ ​បញ្ចប់​មុខ​តំណែង​គាត់​ ឬ​ក៏​ជា​ការ​ដាក់​ទណ្ឌកម្ម​ទេ ​(​តែ)​ ​គ្រាន់​តែ​ផ្អាក​ការងារ​គាត់​មួយ​រយៈ​»​។

លោក ​ម៉ាលីន​ ​បន្ថែម​ថា​ នៅ​ពេល​ដែល​តុលាការ​ដោះស្រាយ​រឿង​របស់​លោក​ ជា ​ពេជ្រ ​ចប់​សព្វ​គ្រប់​ហើយ​ ​ហើយ​បើ​រក​ឃើញ​ថា​ មិន​មាន​ទោស​កំហុស​អ្វី​នោះ​ទេ ​គាត់​នឹង​ទៅ​បំពេញ​ការងារ​ដូច​ដើម​។​ ប៉ុន្តែ​​ក្នុង​ករណី​ដែល​លោក ​ជា​ ពេជ្រ​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស​កំហុស​តាម​បទ​ល្មើស​ដែល​បាន​​ចោទ​នោះ​​មែន​ ​គាត់​នឹង​ទទួល​ទោស​តាម​ផ្នែក​ច្បាប់​ដែល​បាន​បញ្ញត្តិ​តាម​ការ​សម្រេច​របស់​តុលាការ​ ហើយ​មួយ​ទៀត​គាត់​នឹង​ទទួល​ខុស​ត្រូវ​ផ្នែក​វិន័យ ​ដូច​ជា​​ការ​បញ្ចប់​មុខងារ​ដោយ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ជា​ដើម​។​

យោង​តាម​លិខិត​​ លោក​ អង្គ វង្ស​ វឌ្ឍានា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​យុត្តិធម៌​បាន​ទទួល​លិខិត​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី ២៤​ ខែ ​កក្កដា​ ដែល​បាន​ជូន​ដំណឹង​ដល់​ក្រសួង​អំពី​ការ​ចោទ​ប្រកាន់​លើ​​លោក​ ជា​ ពេជ្រ​ ពី​បទ​ផិត​ ដែល​បាន​ប្រព្រឹត្ត​នៅ​ខេត្ត​រតនគិរី និង​រាជធានី​ភ្នំពេញ ​កាល​ពី​ឆ្នាំ ​២០១៧​ ​ដល់​ឆ្នាំ ​២០១៩​។​

លោកស្រី ​ហ៊ាន ​លក្ខិណា ​បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពីខែកុម្ភៈ ​ទៅ​កាន់​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក​ ​ជា​ ​ពេជ្រ​ ​ពី​បទ​ផិត​ ​និង​​បាន​ចោទ​លោក​ ជា​ ពេជ្រ​ ថា​បាន​លួច​លាក់​មាន​ស្រី​កំណាន់​។​

លោក​ ​ជា​ ​ពេជ្រ​ ​មិន​អាច​ទាក់ទង​​ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ​។​ ​

ក្រោយ​ពី​ផ្អាក​តួនាទី ​លោក​ ​ជា​ ​ពេជ្រ​ ​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ដដែល​នោះ​ បាន​តែងតាំង​ លោក​ ងិន​ ពេជ្រ ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​មក​បំពេញ​មុខងារ​ជា​ព្រះរាជ​អាជ្ញា​ស្តីទី​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​ ​រហូត​ដល់​មាន​ការ​តែងតាំង​ព្រះរាជ​អាជ្ញា​ជា​ផ្លូវ​ការ​។​

នៅ ​១ ​ថ្ងៃ​មុន​នៃ​ការ​ផ្អាក​តួនាទី​ ​លោក​ ​ជា ​ពេជ្រ​ នេះ​ដែរ ​គឺ​​នៅ​ថ្ងៃ​ពុធ​ ​( ​២៤​ កក្កដា)​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង​ លោក​ អ៊ង​ រី​ ត្រូវ​បាន​ផ្ទេរ​ឲ្យ​​មក​បំពេញ​ការងារ​នៅ​ក្រសួង​យុត្តិធម៌​ជា​បណ្ដោះ​អាសន្ន​ ដែរ​បន្ទាប់​ពី​រង​ការ​ចោទ​ថា​ ​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​​ ​ខណៈ​​ប្រពន្ធ​តាម​ទាន់​នាំ​ស្រី​កំណាន់​​ចូល​ផ្ទះ​សំណាក់​៕​​​​