បន្ទាយមានជ័យៈ ព្រះរាជអាជ្ញា​នៃ​តុលាការខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ ​បានចាប់ផ្ដើម​បើក​ការសាកសួរ​ទៅលើ​បុរស​ជា​ជនសង្ស័យ​ម្នាក់​មាន​អាយុ​ ៣៨ ​ឆ្នាំ​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម ក្រោយពី​ធ្វើ​សកម្មភាព​រំលោភ​លើ​នារី​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​កាលពីដើម​ខែមីនា ក្រោយពី​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃទី​ ៤ ខែមីនា​។

លោក ភឿង ម៉ាន់សិង្ហ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ រឿន ធារិន​អាយុ​ ៣៨ ​ឆ្នាំ​រស់នៅ​ភូមិ​ទួលពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ដល់​តុលាការខេត្ត​កាលពី​ថ្ងៃ​ទី​ ៦ ខែមីនា ក្រោយពី​​ការចាប់ខ្លួន​។

លោក​ថ្លែងថា​៖ «​រឿងនេះ​មាន​លោក​ព្រះរាជអាជ្ញា​ ២ ​រូប​សួរចម្លើយ​ជនសង្ស័យ​។ តុលាការ​ចាប់ផ្តើម​សួរ​ជនសង្ស័យ​ពីថ្ងៃ​ទី​ ៦ ​មីនា ប៉ុន្តែ​សួរ​មិនទាន់​ចប់​តុលាការ​បាន​ផ្ញើ​នៅ​ការិយាល័យ​ខ្ញុំ​ ១ ​យប់​ហើយ​ថ្ងៃនេះ​ (​ថ្ងៃទី​ ៧ ​មីនា​) ​ខ្ញុំ​ដឹក​គាត់​ទៅ​តុលាការ​បន្តទៀត​»​។

លោក ភឿង ម៉ាន់សិង្ហ បាន​ថ្លែង​ដោយយោង​តាម​ចម្លើយសារភាព​របស់​ជនសង្ស័យ​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ចាប់​នារី​រងគ្រោះ​រំលោភ​បានសម្រេច​ម្តង ប៉ុន្តែ​ដោយសារ​តែ​ខ្លាច​ជនរងគ្រោះ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ផង​នោះ ទើប​ជនសង្ស័យ​យក​កូនកាំបិត​ចាក់​ឆ្កៀល​បំពង់ក​របស់​នារី​រងគ្រោះ​រហូត​ស្លាប់​។

បន្ទាប់ពី​សម្លាប់​ជនរងគ្រោះ​រួច​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​ម៉ាក​ OPPO ១ ​គ្រឿង ចិញ្ចៀន​ ២ ​វង់ ខ្សែក​ ១ ​ខ្សែ ប្រាក់​ ១២០ ​ដុល្លារ​ និង​ប្រាក់​បាត​ថៃ​ចំនួន​ ៦ ​ពាន់បាត ហើយ​គេចខ្លួន​។ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ សមត្ថកិច្ច​ក៏​​ចាប់​ជនសង្ស័យ​បាន​នៅ​ផ្ទះសំណាក់​មួយ​ក្នុង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ៤ មីនា​៕