ភ្នំពេញៈ អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា​ និង​ព្រះរាជអាជ្ញារង​នៅក្នុង​ប្រព័ន្ធ​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ២២ ​រូប​ត្រូវ​បាន​ព្រះមហាក្សត្រ តែងតាំង និង​ផ្ទេរ​មុខតំណែង​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន ខណៈ​សមាជិក​ព្រឹទ្ធសភា​អះអាង​ថា ការផ្ទេរ​នេះ​ជា​ការ​រុះរើ​ដើម្បី​ពង្រឹង​សេវា​យុត្តិធម៌​នៅ​កម្ពុជា​។

យោងតាម​ព្រះរាជក្រឹត្យ​ធ្វើ​នៅ​ព្រះបរមរាជវាំង​នៅ​ថ្ងៃទី​ ២៧ ខែ​តុលា ឆ្នាំ ២០១៨ ដែល​បាន​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ហើយ​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ការផ្ទេរ​មុខ​តំណែង​បាន​ធ្វើ​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ដូចជា កំពង់ស្ពឺ ព្រៃវែង បាត់ដំបង មណ្ឌលគិរី កំពង់ធំ កំពង់ចាម ស្វាយរៀង ព្រះសីហនុ រតនគិរី ត្បូងឃ្មុំ ព្រៃវែង កោះកុង​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​​ និង​សមាជិក​ព្រឹទ្ធសភា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការតែងតាំង និង​ការផ្លាស់ប្ដូរ​អគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង គឺជា​សិទិ្ធ​អំណាច​របស់​ស្ថាប័ន​ឧត្តមក្រុមប្រឹក្សា​អង្គ​ចៅក្រម​ហើយ​វា​ជា​ការ​ពង្រឹង​វិស័យ​យុត្តិធម៌​។

លោក ឥសាន ថ្លែង​ថា​៖ «​នេះ​គឺជា​ការពង្រឹង​ប្រព័ន្ធយុត្តិធម៌​ដែល​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ធ្វើការ​ផ្លាស់ប្តូរ​ចៅក្រម និង​ព្រះរាជអាជ្ញា ៤ ​ឆ្នាំ​ម្តង ហើយ​ការផ្លាស់ប្តូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ផ្លាស់​គ្នា​ហ្នឹង​គឺ​ដើម្បី​កុំ​ឲ្យ​នៅ​ដុះ​ផ្សិត ដូច្នេះ​ហើយ​បាន​ជា​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​មាន​អង្គ​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន​បាន​ឯកភាព​គ្នា​នៅក្នុង​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​»​។

ព្រះរាជក្រឹត្យ​បាន​ត្រាស់​បង្គាប់​តែងតាំង​លោក យ៉េត ចរិយា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទៅ​ជា​អគ្គ​ព្រះរាជអាជ្ញារង​នៅ​តុលាការ​កំពូល​។

លោក មាស សុភក្តី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង ខេត្ត​ព្រៃវែង ត្រូវ​បាន​តែងតាំង​ទៅ​ជា​អគ្គព្រះរាជអាជ្ញារង​នៃ​មហាអយ្យការ អម​សាលាឧទ្ធរណ៍​។

លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ត្រូវ​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ សៀង សុខ ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង រាជធានី​ភ្នំពេញ​ត្រូវ​បាន​តែងតាំង​ទៅ​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​។​ល​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក​បាន​ថ្លែង​ថា ការតែងតាំង និង​ផ្ទេរ​មុខ​តំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា​នេះ​គឺជា​គោលការណ៍​ទាក់ទង់​នឹង​ការដោះដូរ​។

លោក សុខា ថ្លែង​ថា​៖ «​ជាការពិត​គឺ​គេ​ចង់​ពង្រឹង​ប្រព័ន្ធ​យុត្ដិធម៌ ប៉ុន្ដែ​គ្រាន់តែ​ថា ការអនុវត្ដ​ជាក់ស្ដែង យើង​ពិបាក​នៅក្នុង​ការ​មាន​ជំនឿ​ណាស់ ព្រោះ​ថា​យើង​ឃើញ​ហើយ​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ បច្ចុប្បន្ន​យើង​មាន​បញ្ហា​ច្រើន​។ អ៊ីចឹង​ហើយ​យើង​មិន​មាន​ជំនឿ​ទេ នៅក្នុង​ការដោះដូរ​ដែល​យើង​គិត​ថា​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នេះ​គឺ​មិន​ទាន់​មាន​ជំនឿ​ទេ​។ ប៉ុន្ដែ​ជា​គោលការណ៍​គឺ​នៅ​ក្នុង​ន័យ​នៃ​ការដោះដូរ​នេះ​គឺ​ដើម្បី​ឲ្យ​ជួយ​ពង្រឹង​ទៅ​ដល់​វិស័យ​យុត្ដិធម៌​ហ្នឹង​ហើយ​»​។

លោក សុខា បាន​បញ្ជាក់​ថា​៖ «​យើង​សង្កេត​ឃើញ​ថា​តុលាការ​យើង​នាពេល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ភាព​ឯករាជ្យ​ពេញលេញ​នៅ​ឡើយ​ទេ គឺ​យើង​មើល​ឃើញ​បញ្ហា​នេះ​»៕