ឧត្តរមានជ័យៈ ព្រះអង្គ ប៊ុន សាលួត​ ព្រះមេគុណ​ខេត្ត​ឧត្តរមានជ័យ​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​អំពី​ការ​បន្ត​កើតឡើង​សកម្មភាព​លួច​ប្រព្រឹត្ត​បទល្មើស​សម្លាប់​សត្វ​ព្រៃ​នៅ​ក្នុង​សហគមន៍​ព្រៃសង្ឃរុក្ខវ័ន។ ព្រះអង្គ​ក៏បាន​អំពាវនាវ​ផង​ដែរ​​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ស្រឡាញ់​ជីវិត​សត្វ​ព្រៃ​ឱ្យ​ដូច​នឹង​ស្រឡាញ់​ជីវិត​របស់​ខ្លួន​តាមរយៈ​បញ្ឈប់​ការ​ទាក់​សត្វព្រៃ​តទៅ​ទៀត​។

ព្រះតេជគុណ ប៊ុន សាលួត ប្រធាន​សហគមន៍​ព្រៃសង្ឃ​រុក្ខវ័ន​មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៣ ​មករា​ថា​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រភេទ​សត្វ​កម្រ​ដូចជា​សត្វ​ទន្សោង​ចំនួន​ ៤ ក្បាល​ ប្រើស​ចំនួន​ ៥ ក្បាល ​និង​​ក្ងោក​ចំនួន​ ២ ​ក្បាល​ត្រូវ​បាន​ព្រះអង្គ​ប្រទះ​ឃើញ​ងាប់​ដោយសារ​ជាប់​អន្ទាក់​នៅ​ពេល​និមន្ត​ចុះ​ល្បាត​។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ឲ្យ​ដឹង​ថា​ចំណែក​សត្វ​ព្រៃ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ហើយ​ព្រះអង្គ​មិន​បាន​ប្រទះ​វិញ​គឺ​មាន​ច្រើន​ប្រភេទ​ទៀត​ និង​មាន​ចំនួន​ច្រើន​ជាង​នេះ​ដូចជា​សត្វ​ជ្រូកព្រៃ​គឺ​ក្នុង​ ១ ​សប្ដាហ៍​មាន​ចំនួន​យ៉ាង​តិច​បំផុត​ពី​ ១០ ​ទៅ​ ២០ ​ក្បាល​ត្រូវ​បាន​ជាប់​អន្ទាក់​ងាប់ ​ជាពិសេស​គឺ​ដោយសារ​ការប្រើ​អន្ទាក់​ឆក់​នៅ​តាម​មាត់​ទឹក ហើយ​ចំពោះ​ខ្មោច​សត្វ​ទន្សោង​ខ្លះ​វិញ​ត្រូវ​បាន​ក្រុម​ជនល្មើស​កាត់​យក​តែ​ក្បាល ​និង​ស្នែង​ និង​ទុក​ខ្លួន​ចោល​នៅ​ក្នុង​ព្រៃ។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ ​«​អាត្មា​ជា​អ្នក​ឱ្យ​អភ័យ​ឱ្យ​សត្វ​ និង​ជា​អ្នក​មាន​តួនាទី​អប់រំ​មនុស្ស​ ដើម្បី​ឱ្យ​មាន​សេចក្ដី​សណ្ដោស​ អនុគ្រោះ ​និង​សេចក្ដី​ស្រឡាញ់​។ ​សហគមន៍​ព្រៃសង្ឃរុក្ខវ័ន ទន្សោង​មាន​ជិត​ ១០០ ​ក្បាល ហើយ​បើ​យើង​ការពារ​អ៊ីចឹង​វា​នឹង​កាន់​តែ​កើនឡើង ​ដើម្បី​ឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​បាន​ឃើញ។​ អាត្មា​បារម្ភ​ និង​សំណូមពរ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ប្រជាជន​ទាំងអស់​ដែល​ត្រៀម​ប្រព្រឹត្ត​បទល្មើស ​និង​អ្នក​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​រួច​ហើយ ​សុំ​ឱ្យ​ពួក​គាត់​បញ្ឈប់ ​សុំ​ឱ្យ​ពួក​គាត់​​ចេះ​ស្រឡាញ់​សត្វ​ ​ឱ្យ​ដូច​ស្រឡាញ់​ជីវិត​ពួកគាត់​ដែរ។​ ​សត្វ​ដែល​កម្រ​នៅ​ក្នុង​ពិភពលោក​អ៊ីចឹង​យើង​ទាំងអស់​គ្នា​គួរ​តែ​នាំគ្នា​អភិរក្ស​ទៅ ​មិនមែន​ឱ្យ​តែ​ព្រះសង្ឃ​ ១ ​អង្គ​មក​អភិរក្ស​ឱ្យ​គង់វង្ស​បាន​ទេ​»​។

ព្រះមេគុណ​មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា​ សត្វព្រៃ​ទាំង​នោះ​​ងាប់​ដោយសារ​ឧបករណ៍​បទល្មើស​ច្រើន​ប្រភេទ​ដូចជា​ឧបករណ៍​ឆក់ ឧបករណ៍​អន្ទាក់ ​និង​ទ្រូប្រើស​ ១០០ ហើយ​ចំពោះ​ទ្រូ​ប្រើស ១០០ ​នេះ​គឺ​បង្ក​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​សត្វ​ព្រៃ​គ្រប់​ប្រភេទ ជា​ពិសេស​សម្រាប់​សត្វ​ជ្រូកព្រៃ ឈ្លូស ​និង​ស្វា​ជាដើម ខណៈ​ការបរបាញ់​ដោយ​កាំភ្លើង​គឺ​មាន​ករណី​តិចតួច។ ​ព្រះអង្គ​អះអាង​ថា​ ក្រុម​ជនល្មើស​គឺ​មួយ​ចំនួន​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន និង​មួយចំនួន​ទៀត​គឺជា​អ្នក​ចំណូល​ស្រុក​ថ្មី។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ ​«ក្រុម​អ្នក​សម្លាប់​សត្វព្រៃ​ទាំងនោះ​គឺ​មាន​ឡាន​របស់​ឈ្មួញ​មកពី​ខេត្ត​សៀមរាប​គេ​ចាំ​យក​ អាត្មា​បាន​ស្គាល់​ឈ្មួញ​អ្នក​មក​ទិញ​សត្វ​ព្រៃ​ហ្នឹង​ហើយ ​ហើយ​ប្រាប់​ទៅ​ប៉ូលិស ​ដើម្បី​ឱ្យ​ទៅ​អប់រំ​មនុស្ស​នោះ ​ធ្វើ​កិច្ចសន្យា​ និង​ណែនាំ​ឱ្យ​យល់​អំពី​ផ្លូវ​ច្បាប់​ម៉េចៗ​ដើម្បី​ឱ្យ​គាត់​ឈប់​ទិញ​»។

តំបន់​សហគមន៍​ព្រៃសង្ឃរុក្ខវ័ន គឺ​មាន​ទំហំ​ផ្ទៃ​ដី​ចំនួន​ ៣០២៥៤ ​ហិកតា​ស្ថិត​ក្នុង​ស្រុក​ចំនួន​ ៣ ​គឺ​ស្រុក​អន្លង់វែង​ ស្រុក​ចុងកាល់ ​និង​ក្រុង​សំរោង​នៃ​ខេត្ត​ឧត្តរមានជ័យ។​ ព្រះអង្គ ប៊ុន សាលួត អះអាង​ថា​ក្នុង​រយៈពេល​ ៣-៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅក្នុង​សហគមន៍​ព្រៃសង្ឃរុក្ខវ័ន​ គឺ​បាន​ប្រទះ​ឃើញ​ប្រភេទ​សត្វ​ព្រៃ​ចំណូល​ថ្មី​មួយ​ចំនួន​ទៀត​ដូចជា​សត្វ​ខ្ទីង ​ស្វា​ព្រាម និង​សត្វ​ត្រយង​​យក្ស​។

លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​​ដែរ​ថា​ នៅ​ក្នុង​តំបន់​ការពារ​សហគមន៍​ព្រៃ​សង្ឃរុក្ខវ័ន​ គឺ​នៅ​តែ​បន្ត​កើត​មាន​ការ​លួច​បរបាញ់​ និង​ការ​ដាក់​អន្ទាក់​សត្វព្រៃ ​ការ​លួច​កាប់​ឈើ ​និង​ការ​លួច​កាប់​ឆ្ការ​ទន្ទ្រាន​ដី​ព្រៃ ​ប៉ុន្តែ​​ករណី​ទាំង​នោះ​បាន​ថយ​ចុះ​ ​បើ​ប្រៀប​ធៀប​ពី​ឆ្នាំ​ ២០១៨ ​មក​ដល់​ឆ្នាំ​ ២០១៩​។

លោក លីណា ថ្លែង​ថា​៖ ​«​សម្រាប់​បទល្មើស​សត្វព្រៃ​នៅ​ដែន​ជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន ប្រសិន​បើ​យើង​ប្រៀបធៀប​នាពេល​ពី​មុន​មក​ វា​មិន​មាន​ការ​កើន​ឡើង​ទេ​គឺ​ថយ​ចុះ​។​ ប៉ុន្តែ​គ្រាន់​តែ​ឱ្យ​វា​អស់​គឺ​មិន​អស់​ទេ ​វា​នៅ​តែ​មាន​បទល្មើស​កើតឡើង»។

លោក​ថា​ មន្ទីរ​បរិស្ថាន​គឺ​មាន​ការងារ​ជាច្រើន​រួម​មាន​ការផ្សព្វផ្សាយ ​និង​តាម​ដាន​ឃ្លាំមើល​ការ​ដាក់​អន្ទាក់​សត្វ​ ការ​រុករាន​ដីព្រៃ ​និង​ទាំង​ការ​កាប់​ព្រៃឈើ។​ នា​ពេល​កន្លង​មក​ជនល្មើស​ដែល​លួច​ទៅ​កាប់​ព្រៃ រុករាន​ដីព្រៃ ​និង​ការ​ដាក់​អន្ទាក់​សត្វព្រៃ គឺ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​ដោយ​ខ្លះ​ផាក​ពិន័យ​ និង​ខ្លះ​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​៕