ភ្នំពេញៈ តំណាងសង្ឃឯករាជ្យមានសង្ឃដីកាកាលពីម្សិលមិញថា ព្រះសង្ឃនឹងប្រើពេល ៥ ថ្ងៃនិមន្តលើផ្លូវរាប់រយគីឡូម៉ែត្រពីបណ្តាខេត្តនានាមកកាន់ភ្នំពេញមុនទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃ ទី១០ ខែ ធ្នូ ខាងមុខនេះ។
ភិក្ខុ ប៊ុត ប៊ុនតេញ នៃបណ្តាញព្រះសង្ឃឯករាជ្យបានមានសង្ឃដីកាថា សង្ឃមួយក្រុមៗចំនួន ២០អង្គ នឹងនិមន្តចេញពីខេត្ត ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង កំពត និង កំពង់ស្ពឺ ចាប់ពីថ្ងៃ ទី១ ខែ ធ្នូ លោកនឹងនិមន្តលើចម្ងាយផ្លូវ ២០ គីឡូម៉ែត្រ ក្នុង ១ ថ្ងៃៗ។
ព្រះតេជគុណមានថេរដីកាថា៖ «អាត្មានឹងជុំគ្នានៅមុខរដ្ឋសភានៅព្រឹកថ្ងៃ ទី១០ ខែ ធ្នូ។ ក្នុងការធ្វើធម្មយាត្រានេះពេលសម្រាក ភិក្ខុសង្ឃនឹងធ្វើវេទិកាដើម្បីឲ្យមានទំនាក់ទំនងជាមួយអ្នកស្រុក នឹងបង្កើតទំនាក់ទំនងតាមគោលការណ៍ព្រះពុទ្ធសាសនា និងការគោរពសិទ្ធិមនុស្ស»។
ព្រះអង្គ ប៊ុនតេញ បានបន្តថា ព្រះសង្ឃ នឹងដាក់ញត្តិមួយដែលអំពាវនាវឲ្យមានការគោរពសិទិ្ធមនុស្សឲ្យបានប្រសើរជាងនេះនៅរដ្ឋសភា ហើយនឹងស្នើឲ្យតំណាងរាស្រ្តមកពីគណបក្សនយោបាយទាំងពីរទទួលយកញត្តិនោះ។
ព្រះអង្គបញ្ជាក់ថា៖ «យើងនឹងផ្ញើសារនេះទៅរដ្ឋាភិបាលព្រោះរដ្ឋាភិបាលនេះ គឺថ្មី។ យើងមិនចង់ឃើញការអនុវត្តដដែលដូចកាលពីមុនទេ។ យើងចង់ឃើញការផ្លាស់ប្តូរចាប់ពីទស្សនវិស័យសិទ្ធិមនុស្ស»។
កាលពីដើមខែនេះ ក្រុមព្រះភិក្ខុ ប៊ុនតេញ បាននិមន្តចម្ងាយ ៣០ គីឡូម៉ែត្រកាត់តាម ព្រៃខេត្ត កោះកុង កាត់មកទំនប់មួយដែលគេស្នើសុំដោយមានរឿងចម្រូងចម្រាសនៅជ្រលងភ្នំ អារ៉ែង។
អ្នកស្រាវជ្រាវសង្គមលោក កែម ឡី ថ្លែងថា៖ «ព្រះសង្ឃទាំងអស់មិនមែនជាសមាជិកបក្សប្រជាជនទេ ប៉ុន្តែលោកគ្រាន់តែធ្វើតាមសម្ពាធពីមេប៉ុណ្ណោះ»៕ NR