ភ្នំពេញៈ ព្រះសង្ឃ​ចំនួន​ ៨ អង្គ​ មកពី​ខេត្តបាត់ដំបង​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ជាមួយ​សកម្មភាព​តវ៉ា​របស់​ក្រុមយុវជន ដើម្បី​ទាមទារ​ឲ្យ​មាន​ការដោះលែង​លោក រ៉ុង ឈុន ខណៈ​ដែល​ការតវ៉ា​កាលពី​ម្សិលមិញ​មាន​ការប៉ះទង្គិច​គ្នា​ និង​ត្រូវបាន​បំបែក​ដោយ​កម្លាំង​សមត្ថកិច្ច​។

កាលពី​យប់​ថ្ងៃទី​ ៤ ខែ​សីហា​ អាជ្ញាធរ​ខណ្ឌចំការមន​បាន​និមន្ត​ និង​ហាមឃាត់​ព្រះសង្ឃ​ចំនួន​ ៨ ​អង្គ​ ដែល​បាន​និមន្ត​មកពី​ខេត្ត​បាត់ដំបង​ក្នុង​គោលបំណង​ចូលរួម​សកម្មភាព​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​មាន​ការដោះលែង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បន្ទាប់ពី​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

លោក រ៉ុង ឈុន ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​លោក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា ដោយ​បាន​លើកឡើង​ថា ក្រុម​ការងារ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​ ១១៤ ​ដល់​ ១១៩ ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ២០ ខែ​កក្កដា ហើយ​រកឃើញ​ភាព​មិនប្រក្រតី​ជាច្រើន​ដែល​ធ្វើឱ្យ​ដី​អាស្រ័យផល​របស់​ពលរដ្ឋ​នៅ​ភូមិសាស្ត្រ​នោះ​ជាច្រើន​រយហិកតា​បាត់បង់​ទៅខាង​ភាគី​វៀតណាម​។

លោក ថេង សុថុល អភិបាលខណ្ឌ​ចំការមន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ព្រះសង្ឃ​ទាំង​ ៨ ​អង្គ​ ដែល​ឡើង​មកពី​ខេត្តបាត់ដំបង​នេះ​គឺ​ត្រូវបាន​ឃាត់​ព្រះកាយ​ឲ្យ​គង់​នៅ​វត្ត​បទុមវត្តី​ដោយ​រង់ចាំ​ការសម្រេច​ពី​គណៈសង្ឃ​។

ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា ការឃាត់​ព្រះកាយ​ព្រះសង្ឃ​ទាំង​ ៨ អង្គ​នេះ​ ដោយ​មូលហេតុ​អ្វី​នោះ​ទេ​ដោយ​គ្រាន់តែ​បញ្ជាក់ថា ការឃាត់​ព្រះកាយ​ព្រះសង្ឃ​នេះ គឺ​មិន​មាន​ករណី​ចាប់​ផ្សឹក​នោះទេ​។ លោក​បញ្ជាក់ប្រាប់​ស្របពេល​ដែល​លោក​កំពុង​ចុះ​ទប់ស្កាត់​កម្លាំង​បាតុកម្ម​របស់​ក្រុមយុវជន​ដែល​ប្រមូលផ្តុំ​ដើរ​ហែ​ក្បួន ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​ រ៉ុង ឈុន យ៉ាង​ដូច្នេះ​ថា​៖ «​យើង​អត់​មាន​បាន​ផ្សឹក​គាត់​ទេ គឺ​ព្រះសង្ឃ​ទាំងអស់ គង់​នៅ​វត្ត​បទុមវត្តី​»​។

កញ្ញា​ ឈឿន ដារ៉ាវី ដែល​ចូលរួម​ក្នុង​ការតវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន កាលពី​ម្សិលមិញ​បាន​លើកឡើង​ថា ចាប់តាំងពី​ព្រះសង្ឃ​ទាំង​ ៨ អង្គ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះកាយ​កាលពី​យប់​ថ្ងៃ​អង្គារ​មក​រហូត​មក​ដល់​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុមយុវជន​មិន​ទាន់​រកឃើញ​ព្រះសង្ឃ​ថា គង់​នៅ​ទីណា​ឲ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ​។

ចំណែក​ការប្រមូលផ្តុំ​ការតវ៉ា​កញ្ញា​បាន​អះអាងថា ក្រុម​យុវជន​រួមទាំង​ប្រជាពលរដ្ឋ​មាន​គ្នា​ប្រមាណ​ជាង​ ២០ ​នាក់​ ត្រូវបាន​បំបែក​រហូត​ធ្វើឲ្យ​រងរបួស និង​បាត់បង់​សម្ភារ​មួយចំនួន​បន្ទាប់ពី​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​។

កញ្ញា​បញ្ជាក់​ថា​៖ «​ពួកខ្ញុំ​នៅតែ​បន្ត​គឺ​មិន​រួញរា​ទេ បើទោះ​ជា​គេ​វ៉ៃ ទាត់​ធាក់ ឬ​ចាប់​ពួកខ្ញុំ​ដាក់គុក​ទៀត​ក៏​ខ្ញុំ​នៅតែ​បន្ត​តវ៉ា​ដែរ ព្រោះ​ដើម្បី​យុត្តិធម៌​ក្នុង​សង្គម ខ្ញុំ​មិន​ចង់​នៅ​ប្រើ​ផ្នត់​គំនិត​ចាស់ ដែល​នៅ​តែ​ខ្លាច​ដដែល​ជា​ដដែល ដែល​ធ្វើឲ្យ​ពួក​មនុស្ស​អាក្រក់​មាន​ឱកាស​ជិះជាន់​ប្រជាជន​។ ពួកខ្ញុំ​លែង​នៅ​ស្ងៀម​ទៀត​ហើយ​ខ្ញុំ​សុខចិត្ត​ដាក់​ជីវិត​ក្នុង​ការទាមទារ​នេះ​»​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​ ៣ ខែសីហា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមអ្នកតវ៉ា ប្រសិន​បើ​មិន​ព្រម​បញ្ឈប់​ធ្វើការ​តវ៉ា​ទេនោះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ខាងលើ​នេះ សូម​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​របស់​ខ្លួន​មុននឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​តាមច្បាប់​»៕