ភ្នំពេញៈ ព្រះសព​របស់​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបាន​បូជា​កាលពី​ម្សិលមិញ​នៅ​មុខ​វត្ត​បទុមវត្តី រាជធានី​ភ្នំពេញ បន្ទាប់ពី​តម្កល់​រយៈពេល​ ៧ ​ថ្ងៃ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​តាម​បវេណី ក្រោយ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៧៧ ព្រះវស្សា ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ​មួយ​នា​ទីក្រុង​បាងកក​។

ព្រះសព​សម្តេចព្រះរៀម នរោត្ដម បុប្ផាទេវី ត្រូវបាន​បូជា​នៅក្នុង​ពិធី​ដ៏ធំ​មួយ​ដោយមាន​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សម្តេច​ព្រះមហាក្សត្រី មុនិនាថ សីហនុ ញាតិវង្សានុវង្ស ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់ កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ និង​ប្រជានុរាស្ត្រ​រាប់ពាន់​អង្គនាក់​បាន​ចូលរួម​ដង្ហែ​ព្រះសព​ជា​លើក​ចុងក្រោយ​។

នៅពេល​ពិធី​បូជាសព​បាន​​រៀបចំ​ចប់សព្វគ្រប់​តាម​បវេណី សំឡេង​ស្គរ​បាន​លាន់​ឡើង​អម​ជាមួយ​ឧបករណ៍​ភ្លេង​ដទៃទៀត​បាន​បន្ទរ​ឡើង​ហើយ​ព្រះករុណា​មហាក្សត្រ ទ្រង់​បាន​ថ្វាយ​ព្រះភ្លើង​ជូន​ដំណើរ​សម្ដេច​រាជបុត្រី នរោត្តម បុប្ផាទេវី ជា​លើក​ចុងក្រោយ​ដែល​តម្កល់​លើ​រាន​ព្រះមេរុ​ដ៏ល្អ​ឥតខ្ចោះ​ខណៈ​ព្រះញាតិវង្សានុវង្ស និង​អ្នក​ចូលរួមបាន​សម្តែង​នូវ​ភាពសោកសៅ​ចំពោះ​ការបាត់បង់​ព្រះរាជបុត្រី​ជារៀងរហូត​នេះ​។

ព្រះអង្គ​ម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកូស្សម៉ា ជា​បុត្រី​ច្បង​របស់​ព្រះរៀម បុប្ជាទេវី​បាន​មាន​បន្ទូល​ក្រោយ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះភ្លើង​ដោយ​ថ្លែង​អំណរ​អរគុណ​ដល់​ប្រជានុរាស្ត្រ មន្ត្រី​ជាន់ខ្ពស់​គ្រប់​ជាន់ថ្នាក់ ដែល​បាន​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ក្នុង​ពិធី​ថ្វាយ​ព្រះភ្លើង និង​ការជូន​ដំណើរ​ព្រះសព​ព្រះរៀម​ជា​លើក​ចុងក្រោយ​។

ព្រះអង្គម្ចាស់ក្សត្រី ទ្រង់​មាន​បន្ទូល​ថា​៖ «​ពិធី​ថ្វាយ​ព្រះភ្លើង​ដល់​ព្រះសព សម្តេចព្រះរៀម នរោត្តម បុប្ជាទេវី ធ្វើឡើង​ប្រកប​ដោយ​មហាឱឡារិក ឧត្តុងឧត្តម​ជាទីបំផុត​។ ...​អរ​ព្រះគុណ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​សម្រាប់​ការព្យាបាល​រោគ និង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ព្រះសព​ប្រកប​ដោយ​ភាព​ឱឡារិក​ឧត្តុងឧត្តម​នេះ​»​។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ថ្វាយ​ព្រះ​ភ្លើង​បូជាព្រះសព​សម្តេចព្រះរៀម បុប្ជាទេវី​។ហេង ជីវ័ន

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​ ៨ ខែ ​មករា ឆ្នាំ​ ១៩៤៣ នា​រាជធានី​ភ្នំពេញ​។ សម្តេច​រាជបុត្រី​ជា​បុត្រី​ច្បង​របស់​ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែល​មាន​ព្រះមាតា​ជា​អ្នកម្នាង ផាត់ កាញ៉ុល នាដការី​នៃ​របាំ​ព្រះរាជទ្រព្យ​។

ព្រះអង្គ​ត្រូវជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ​នៃ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ជា​ព្រះរៀម​រួម​ព្រះមាតា​នៃ​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ​។

ក្នុង​ព្រះបរមនាម ជា​ព្រះនិមិត្តរូប​នៃ​របាំ​ព្រះរាជទ្រព្យ និង​មាន​ស្នាដៃ​ក្នុង​ការដាក់​បញ្ចូល​របាំ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នៅ​អង្គការ Unesco កាលពី​ឆ្នាំ​ ២០០៣ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បាន​ទទួល​ព្រះគោរមងារ «​ទេពនាថរដ្តីឯក​» និង​ជា «​មរតក​មនុស្ស​រស់​របស់​កម្ពុជា​»​។ កាល​នៅ​មាន​ព្រះជន្ម ព្រះរៀម នរោត្តម បុប្ផាទេវី គឺជា​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​នាពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះមហាក្សត្រ​កម្ពុជា​។

លោកយាយ ង៉ែត រ៉ន វ័យ ៨១ ​ឆ្នាំ​ បាន​និយាយ​ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន ខណៈ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​រាន​ព្រះមេរុ​ជា​ទី​បូជាព្រះសព​ថា​៖ «​អារម្មណ៍​ខ្ញុំ​អណ្តែតអណ្តូង​ជាប់ ព្រោះ​តែ​គោរព​តាំងពី​សម្តេចឪ​រហូតមក​។ គោរព​នូវ​វប្បធម៌​ខ្មែរ ហើយ​គាត់​អត់​មាន​ប្រែក្លាយ​ទេ​បាន​ជា​ខ្ញុំ​មក​ចូលរួម​ពិធី​នេះ​»​។

លោកយាយ​ដែល​ដក់​ជាប់​នូវ​ក្តីគោរព​ស្រឡាញ់​ព្រះរៀម បុប្ជាទេវី​តាំងពី​វ័យ ២០ ​ឆ្នាំ​បាន​បន្តថា​៖ «​ព្រះអង្គម្ចាស់​បុប្ជាទេវី រាំ​ស្អាត​ណាស់ រក​មិន​បាន​ទេ លើស​ស្អី​ទៀត និយាយ​ពី​ដៃ​ទន់​ល្អ​សម​រាង​។ ខ្ញុំ​មើល​នៅពេល​ដែល​គាត់​បាន​ទៅ​រាំ​នៅ​ខេត្ត​បាត់ដំបង រាំ​ពី​ក្មេង​ស្អាត​ណាស់​។ ការបាត់បង់​លោក​នៅពេល​នេះ​ប្រៀប​បាន​នឹង​ការបាត់បង់​មហាទេព​កោសល្យ​ដែល​គាត់​ធ្លាប់​បាន​កសាង និង​ថែរហូត ព្រោះ​គ្មាន​អ្នកណា​ថែរក្សា​ដូច​លោក​ទេ​»​។

អ្នកនាង​ ចាម ចំរើនតុលា វ័យ ៣១ ​ឆ្នាំ​ ដែល​ត្រូវ​ជា​សិស្ស​ផ្ទាល់​របស់​ព្រះរៀម​បុប្ជាទេវី​នៃ​ក្រុម​របាំ​ព្រះរាជទ្រព្យ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ការបាត់បង់​ព្រះអង្គ​នៅពេល​នេះ​ហាក់​ដូចជា​បាត់បង់​អ្នក​ម្តាយ​ដ៏ល្អ​ម្នាក់​របស់​អ្នកនាង ដែល​ព្រះអង្គ​បាន​ផ្តល់​ដំបូន្មាន​ជាច្រើន​ទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​វប្បធម៌ ជាពិសេស​របាំ​ព្រះរាជទ្រព្យ​។

ជា​សិស្ស​ទទួល​បាន​ការបណ្តុះបណ្តាល​ពី​ព្រះរៀម​ជាង ១០ ​ឆ្នាំ​ អ្នកនាង ចំរើន​តុលា បាន​រំឭក​ពី​ឱកាស​ដែល​អ្នកនាង​បាន​ជួប​ព្រះរៀម​ជា​លើក​ចុងក្រោយ ដោយ​អ្នកនាង​នៅ​ចាំ​បន្ទូល​ផ្តែផ្តាំ​មិន​ដាច់​ពី​មាត់ ឲ្យ​អ្នកនាង​ជួយ​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​ដែល​អ្នកនាង​អះអាង​ថា​នឹង​បន្ត​ថែរក្សា​ធ្វើ​តាម​នូវ​ពាក្យ​បណ្តាំ​ទាំងនេះ​សម្រាប់​ក្មេងជំនាន់ក្រោយ​។

អ្នកនាង​បញ្ជាក់ថា​៖ «​លោក​តែងតែ​ផ្តាំ​ថា កូន​អើយ អត់​ពី​ម្ចាស់​ម៉ែ​ទៅ រួម​គ្នា​ទៅ ធ្វើ​នេះ​ធ្វើ​នោះ​ (​វប្បធម៌​) របស់​យើង​នៅ​បាត់​ច្រើន​ណាស់​នាំគ្នា​ថែ​បន្តិច​ម្នាក់​ទៅ​។ ចាស់ៗ​អស់​ហើយ មាន​តែ​រក្សា កុំ​បោះបង់ ហើយ​លោក​គ្រាន់តែ​ទទូច​អង្វរ​ទៅ​ដល់​សិស្សៗ ធ្វើ​បាន​ក៏​ធ្វើ​ទៅ​មិន​មាន​បង្ខិតបង្ខំ​ទេ​»៕