The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ព្រមាន​មន្ត្រី​ដែល​ញុះញង់ ឬ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​បក្ស

ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ព្រមាន​មន្ត្រី​ដែល​ញុះញង់ ឬ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​បក្ស

ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ រាក់ទាក់​ជាមួយ​មន្ត្រី​គណបក្ស​នៅក្នុង​ពិធី​មួយ​កន្លង​មក​។
ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ រាក់ទាក់​ជាមួយ​មន្ត្រី​គណបក្ស​នៅក្នុង​ពិធី​មួយ​កន្លង​មក​។ រូបថត ហ្វេសប៊ុក

ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ព្រមាន​មន្ត្រី​ដែល​ញុះញង់ ឬ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​បក្ស

ភ្នំពេញៈ ព្រះអង្គ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ម្សិលមិញ​បាន​សង្កត់​ធ្ងន់​ថា​ព្រះអង្គ​គ្មាន​បំណង​បណ្តេញ​សមាជិក​ណា​ម្នាក់​ចេញ​ពី​គណបក្ស​ទេ​ប៉ុន្តែ​ព្រះអង្គ​បាន​ព្រមាន​ថា​ព្រះអង្គ​នឹង​មិន​អត់​ឱន​ចំពោះ​មន្រ្តី​ណា​ដែល​បាន​ញុះញង់ ឬ​បំបែក​កម្លាំង​របស់​អ្នក​រាជានិយម​នោះ​ឡើយ។

ព្រះអង្គ​បាន​ឡាយ​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​គ្មាន​ចេតនា​បណ្តេញ​សមាជិក​ចេញ​ពី​គណបក្ស​ទេ​ប៉ុន្ដែ​សមាជិក​ណា​ម្នាក់​ដែល​ញុះញង់ និង​បំបែក​កម្លាំង​រាជានិយម​ខ្ញុំ​គ្មាន​ជម្រើស​ទេ​ត្រូវ​អញ្ជើញ​អ្នក​ទាំង​នោះ​ឱ្យ​ចាក​ចេញ​ពី​គណបក្ស»។

ព្រះអង្គម្ចាស់​បាន​សង្កត់​ធ្ងន់​ថា​ព្រះអង្គ​គ្មាន​បំណង​អនុញ្ញាត​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​ណា​ម្នាក់​ជ្រៀត​ជ្រែក​ក្នុង​ក្រុម​ការងារ​បោះ​ឆ្នោត​នៅ​ថ្នាក់​ខេត្ត​ទេ។

ព្រះអង្គ​បាន​ឡាយ​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នីមួយៗ​នឹង​បន្ត​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ខ្លួន​ក្នុង​ខេត្ត និង​រាជធានី​នីមួយៗ»។ ព្រះអង្គ​ម្ចាស់​បាន​អំពាវនាវ​ឱ្យ​មិត្ត​រួម​ការងារ​ទាំង​អស់​មេដឹកនាំ​ និង​សមាជិក​របស់​គណបក្ស​ត្រូវ​មាន​ឥរិយាបថ​សីហនុ​និយម​ហើយ​រក្សា​ឯកភាព​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ឃុំ សង្កាត់ និង​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៧ និង ២០១៨។

ក្នុង​សុន្ទរកថា​មួយ​កាលពី​សប្តាហ៍​មុន​ព្រះអង្គម្ចាស់ រណឫទ្ធិ បាន​ជំរុញ​សមាជិក​គណបក្ស​ក្នុង​ជួរ​រដ្ឋាភិបាល​ត្រូវ​បង់​ប្រាក់​វិភាគទាន​មក​ឲ្យ​គណបក្ស​ដោយ​ព្រះអង្គ​លើក​ឡើង​ថា​ព្រះអង្គ​នឹង​រាយការណ៍​ពី​អ្នក​មិន​អនុវត្ត​កាតព្វកិច្ច​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក ញឹក ប៊ុនឆៃ អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ថា​លោក​បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​សមាជិក​ពេល​អាហារ​ល្ងាច​ជាមួយ​នឹង​សមាជិក​ចំនួន ២០០ នាក់​ដែល​បម្រើការ​ជា​ទីប្រឹក្សា និង​អនុ​រដ្ឋលេខាធិការ​ដើម្បី​បញ្ជាក់​ចំពោះ​ពួកគេ​ថា​គ្មាន​ការ​ដក​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ។

លោក ប៊ុនឆៃ បាន​លើក​ឡើង​ថា៖ «ខ្ញុំ​បាន​សង្កត់​ធ្ងន់​ប្រាប់​សមាជិក​ថា​គ្មាន​ការ​ដក​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ​ហើយ​កុំ​ស្តាប់​ពាក្យ​ចចាម​អារ៉ាម​ព្រោះ​ជា​ចំណុច​ផុយ​ស្រួយ​ និង​ជា​ឧបសគ្គ​ចំពោះ​ឯកភាព​នៃ​គណបក្ស​រាជានិយម​ហើយ​ខ្ញុំ​បាន​ស្នើ​ដល់​អ្នក​ទាំង​អស់​កុំ​ឲ្យ​រំឭក​រឿង​ចាស់»។

ដោយ​ធ្លាប់​ជា​កម្លាំង​ខ្លាំង​ក្នុង​ឆាក​នយោបាយ​កម្ពុជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បច្ចុប្បន្ន​នេះ​គ្មាន​តំណាង​រាស្រ្ត​ក្នុង​រដ្ឋសភា​មិន​សូវ​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ប៉ុន្មាន​ទេ​ខណៈ​ដែល​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ខ្លះ​បាន​លើក​ឡើង​ថា​គណបក្ស​ដែល​នឹង​ក្លាយ​ទៅ​ជា​គូ​ប្រកួត​ប្រជែង​ខ្លាំងក្លា​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ​គឺ​មាន​តែ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ៕ TK

អត្ថបទគួរចាប់អារម្មណ៍