ភ្នំពេញៈ បើទោះបីជាកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងប្រទេសថៃក៏ដោយ ក៏ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនភ្លេចធ្វើការអំពាវនាវសូមឲ្យពលរដ្ឋខ្មែរទាំងអស់ទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដានោះដែរដោយព្រះអង្គផ្តាំប្រាប់ប្រជាពលរដ្ឋថាកុំឲ្យជឿតាមការ «ញុះញង់» របស់អតីតគណបក្សសង្គ្រោះជាតិ។ នេះបើតាមលោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
លោក យូ ហុកគ្រី បានថ្លែងនៅក្នុងពិធីបុណ្យសពគម្រប់ ៧ ថ្ងៃរបស់អ្នកម្នាង អ៊ុក ផល្លា ដែលធ្វើឡើងនៅមុខវត្តបទុមវតីកាលពីថ្ងៃសៅរ៍ថា សុខភាពរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានគ្រាន់បើជាងមុនហើយ ហើយព្រះអង្គនឹងយាងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗ។
លោកបានបញ្ជាក់ថា៖ «ព្រះអង្គបានសូមថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់គ្រប់មជ្ឈដ្ឋាន ដែលមានសមានចិត្តចំពោះព្រះអង្គ...ព្រះអង្គសូមឲ្យបងប្អូនយើងទាំងអស់ដែលជាប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់អំណាច ម្ចាស់ទឹក និងដីសូមអញ្ជើញទៅបោះឆ្នោត... ហើយកុំទៅជឿគេថា ការនៅផ្ទះឈ្នះឯងនោះ វាមិនអាចទៅឈ្នះឯងកើតទេ ព្រោះវាជាឱកាស ៥ ឆ្នាំម្តង។ នេះជាការសម្តែងឆន្ទៈរបស់ខ្លួន...សូមឲ្យសកម្មជនទាំងអស់ហើយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដែលស្រឡាញ់គណបក្សហ៊្វុនស៊ិនប៉ិចរក្សាភាពស្ងប់ស្ងាត់ ហើយអញ្ជើញទៅបោះឆ្នោតតាមព្រះរាជបណ្តាំឲ្យបានគ្រប់គ្នា»។
ទាក់ទងទៅនឹងសំណើរបស់គណបក្សហ៊្វុនស៊ិនប៉ិចដែលស្នើឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតអំពីមូលហេតុដែលធ្វើឲ្យក្បួនរថយន្តរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ លើកកន្លងមកហើយសមត្ថកិច្ចបានរកឃើញថា បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធនោះលោក យូ ហុកគ្រី បានលើកឡើងថាគណបក្សទទួលស្គាល់ការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចនគរបាល និងបន្តបញ្ជូនមេធាវីសិក្សាលើសំណុំរឿងនេះនៅតុលាការ។ «មេធាវីនឹងទៅមើលសំណុំរឿងហើយយើងនឹងចាត់ការ ដើម្បីធ្វើពាក្យបណ្តឹង។ យើងត្រូវស្នើសួរព្រះអង្គសិន...ស្ថានភាពលោកបានធូរស្រាលច្រើន»។
នៅក្នុងសន្និសីទសារព័ត៌មាននៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី ២១ ខែមិថុនានាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីរថយន្តបុកព្រះទីនាំងរបស់ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ នៅស្រុកព្រៃនប់ គឺជាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ផ្ទុកមនុស្សលើសចំណុះ និងបើកបរក្នុងល្បឿនលឿនលើសកំណត់ ហើយករណីនេះមិនមែនជាឃាតកម្មដែលអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ដូចការលើកឡើងនៅលើបណ្តាញសង្គម Facebook និងរបស់គណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។
ទាក់ទងនឹងមរណភាពរបស់អ្នកម្នាង អ៊ុក ផល្លា លោក ហុកគ្រី បញ្ជាក់ថា៖ «យើងមានការអល់អែកក្នុងការយកបញ្ហានេះ (អ្នកម្នាងទទួលមរណភាព) ទៅទូលព្រះអង្គ។ ខ្ញុំមិនដឹងថា ព្រះអង្គអាចទទួលនៅក្នុងព្រះទ័យលោកបានឬទេ ដូច្នេះហើយបានយើងអល់អែក ហើយមិនមែនយើងចង់លាក់លៀមទេ។ យើងត្រូវតែទូល តែយើងត្រូវពិចារណា តើអាចប៉ះពាល់ដល់ព្រះសុខភាពរបស់ព្រះអង្គយ៉ាងម៉េច?»។
អ្នកម្នាង អ៊ុក ផល្លា ដែលជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី ១ មណ្ឌលខេត្តព្រៃវែងរបស់គណបក្សហ៊្វុនស៊ិនប៉ិចបានទទួលមរណភាពនៅមន្ទីរពេទ្យខេត្តព្រះសីហនុនៅវេលាម៉ោងជាង ១២ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ គឺប្រមាណជា ៣ ម៉ោង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់ខណៈព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងមនុស្ស ៦ នាក់ផ្សេងទៀតក៏រងរបួសធ្ងន់ផងដែរ។
អ្នកម្នាង ផល្លា និងព្រះអង្គម្ចាស់ រណឫទ្ធិ មានបុត្រា ២ ព្រះអង្គ គឺបុត្រច្បង មាននាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ ២០០៣ និងបុត្រទី ២ មាននាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១៕