ស្ទឹងត្រែងៈ រូបព្រះពុទ្ធបដិមាចំនួន ៦៦ អង្គ ខ្លះធ្វើអំពីមាសនិងប្រាក់ ដែលទំនងជាសាងឡើងក្នុងចន្លោះសតវត្សរ៍ទី ១៥-១៦ នោះ ត្រូវអ្នកចម្ការម្នាក់ប្រទះឃើញនៅក្នុងរូងភ្នំក្ងោក ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ និងបានប្រគល់ឲ្យយកទៅរក្សាទុកក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង។
លោក គង់ សេនា ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំសំអាង ប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ព្រះពុទ្ធរូបទាំង៦៦អង្គ មាន១០អង្គធ្វើអំពីមាស ៥៥អង្គធ្វើពីប្រាក់ និងមួយអង្គធ្វើពីឈើដែលបានរកឃើញដាក់ក្នុងកូនពាងចំនួនពីរ និងទ្រដោយជើងពានទំហំបីតឹកមួយធ្វើពីសំរឹទ្ធ។ ព្រះពុទ្ធរូបទាំងនោះត្រូវអ្នកចម្ការឈ្មោះ សំ អាត រកឃើញកាលពីថ្ងៃទី១៨ ខែ មេសា នៅឯរូងភ្នំក្ងោកនៅចម្ងាយប្រមាណជា៥គីឡូម៉ែត្រ ពីភូមិឆ្វាំង។
លោកថ្លែងថា៖ «តាមការអះអាងពីលោក អាត ថា ព្រះពុទ្ធបដិមាទាំងនោះក្នុងមួយអង្គៗមានទំហំប៉ុនកំភួនដៃ ប៉ុន្តែមិនបានដឹងពីទម្ងន់ពិតទេ»។
តាមលោក សំ អាត អ្នកប្រទះឃើញព្រះពុទ្ធរូបនោះនិយាយថា ពីយប់ថ្ងៃទី១៧ ខែមេសា កូនប្រុសគាត់អាយុ១៤ឆ្នាំបានយល់សប្តិឃើញលោកសង្ឃមកប្រាប់ឲ្យគេទៅមើលវត្ថុស័ក្តិសិទ្ធិក្នុង រូងភ្នំក្ងោក។ លុះព្រឹកថ្ងៃទី១៨ ខែមេសា ជាមួយមិត្តភក្តិវាម្នាក់បានទៅឃ្វាលគោក៏ដើរចូលទៅក្នុងរូងភ្នំនោះតាមការយល់សប្តិ ក៏បានឃើញពាងបុរាណពីរ និងមានពុទ្ធរូបជាច្រើនក្នុងនោះ។ ភ្លាមៗពួកគេក៏នាំគ្នាមកប្រាប់គាត់ ដែលកំពុងកាប់ឆ្ការព្រៃធ្វើចម្ការក្បែររូងភ្នំនោះ។
លោក សំ អាត និយាយថា៖«ដំបូងខ្ញុំមិនជឿទេ ព្រោះខ្លាចវាកុហក តាមការដែលវាយល់សប្តិពីយប់ហើយវាបានប្រាប់តាំងពីមុនមកធ្វើចម្ការ តែដោយមិត្តភក្ដិវាទៅជាមួយ ថាពិតជាឃើញមានព្រះបដិមាមែននោះខ្ញុំក៏ទៅមើលនិងឃើញមានព្រះជាច្រើនអង្គពិតមែន»។
លោកបន្តថា ៖ «ខ្ញុំប្រមូលយកព្រះពីក្នុងពាងបុរាណនោះ ខ្ញុំក៏មិនដឹងថាធ្វើពីអ្វីដែរ ពេលខ្ញុំយកទៅប្រគល់ឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរក្សាទុក»។ លោកថា៖ «មន្ត្រីបានធ្វើលិខិតឲ្យខ្ញុំទុកបង្ហាញសមត្ថកិច្ចពេលសាកសួរអំពីរឿងនេះ និងឲ្យរង្វាន់លើកទឹកចិត្តខ្ញុំចំនួន៩ម៉ឺនរៀលដែរ»។
លោក យាន ផុន មេឃុំសំអាង បានប្រាប់ដែរថា តំបន់រូងភ្នំក្ងោក នេះពីដើមឡើយគ្មានអ្នកហ៊ានចូលទេ ព្រោះមានព្រៃដុះស៊ុបទ្រុប និងមានសត្វខ្លានិងពស់ រស់នៅច្រើនដែលចាស់ៗជឿថា សត្វទាំងនោះជាអ្នកចាំការពារទ្រព្យសម្បត្តិអ្នកតាភ្នំ។ ប៉ុន្តែក្រោយមកអ្នកភូមិចេះតែនាំគ្នាកាប់ឆ្ការព្រៃធ្វើស្រែចម្ការជំនឿក៏ថយចុះ។
លោក សម សាឯម អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ប្រាប់ថា លោក អាត ប្រគល់ពុទ្ធបដិមាឲ្យគាត់គាត់ប្រគល់បន្តឲ្យប្រធានមន្ទីរថ្មី លោក ផេង ណាឡៃ រក្សាទុកដោយមានការចូលរួមត្រួតពិនិត្យត្រឹមត្រូវពីនគរបាលដែនដី និងនគរបាលបេតិកភណ្ឌផង។
លោក សាឯម បញ្ជាក់ថា៖ «ព្រះពុទ្ធរូប ៦៦ អង្គ ទំហំប៉ុនកំភួនដៃមិនដឹងទម្ងន់ប៉ុន្មានទេ និងមានជាង១០អង្គបាក់បែកខ្លះហើយ។ តាមការសន្និដ្ឋានព្រះពុទ្ធរូប ជើងពាននិងពាងពីរ ប្រហែលជាគេរក្សាទុកតាំងពីសតវត្សរ៍ទី១៥-១៦។ នេះបើយោងតាមរចនាប័ទ្មនៃក្បាច់ចម្លាក់ទាំងនេះ»។
លោក ផេង ណាឡៃ មិនអាចទាក់ទងសុំការអធិប្បាយបានទេ ពីម្សិលមិញ។ តែយ៉ាងណាលោក ហាប់ ទូច អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ ឲ្យដឹងថា លោកមិនទាន់ហ៊ានសន្មតថា ពុទ្ធរូបទាំងនេះកសាងឡើងក្នុងរចនាប័ទ្មឬក្នុងសតវត្សរ៍ណាទេមុនពេលពិនិត្យពិច័យឲ្យបានល្អិតល្អន់នោះ៕