
ភ្នំពេញៈ ព្រះរាជអាជ្ញានិងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ចប់សេចក្តីសន្និដ្ឋានចុងក្រោយក្នុងការដាក់បន្ទុកលើជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅសាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ មុនចុងចោទធ្វើសេចក្តីសន្និដ្ឋានតបដើម្បីបញ្ចប់ការពិភាក្សាដេញដោល ក្នុងសំណុំរឿង ០០២/០១ នៅថ្ងៃនេះ។
លោកស្រី Lyma Nguyen សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានប្រាប់តុលាការថា ក្រុមមេធាវីការពារក្តី នួន ជា កំពុងបន្ទាបជនរងគ្រោះ តាមការអះអាងថា មេដឹកនាំខ្មែរក្រហមគ្រាន់តែបានអនុវត្តគោលនយោបាយសេដ្ឋកិច្ចបែបធម្មតា។
លោកស្រីបន្តថា៖ «លុះត្រាតែខ្មៅក្លាយជាស សេរីភាពក្លាយជាទាសភាពទើបអាចហៅការស្លាប់របស់ប្រជាជន កម្ពុជាប្រមាណ ២ លាននាក់ ថាជាការគិតអំពីអត្ថប្រយោជន៍ប្រជាជនកម្ពុជា»។
ម៉ុក សុវណ្ណារី សហមេធាវីជាតិរបស់លោកស្រី Nguyen បានថ្លែងទៅកាន់ ខៀវ សំផន ថា បើគាត់ឱនទទួលស្គាល់ការទទួលខុសត្រូវគាត់ប្រហែលជាអាច «ត្រូវអត់ឱនឲ្យខ្លះ»។
សហព្រះរាជអាជ្ញា លោក Nicholas Koumjian បានធ្វើសេចក្តីសន្និដ្ឋានជាការឆ្លើយតបរបស់ព្រះរាជអាជ្ញាថា៖ «ចុងចោទត្រូវទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បំផុតមួយចំនួនដែលប្រព្រឹត្តក្នុងប្រវត្តិសាស្រ្ត»។ «វាមិនមែនជាមនោគមន៍វិជ្ជាពួកគេ ដែលថាយើងព្យាយាមបន្ទាបឲ្យសាបរលាបទេ...ពួកគេបានធ្វើឲ្យ មនោគមន៍របស់ខ្លួនសាបរលាបដោយខ្លួនឯង»។
ទាក់ទិននឹងការជម្លៀសប្រជាជនពីក្រុង ភ្នំពេញ ក្នុងខែ មេសា ឆ្នាំ ១៩៧៥ លោក Koumjian បានស្រង់សម្តីប្រជាជនខ្មែរម្នាក់ដែលថា៖ «ប្រជាជនជាច្រើនត្រូវបង្ខំឲ្យដើរ» ដើម្បីបង្ហាញថា បើទោះជាមេដឹកនាំកំពូលទំនងមិនសម្លាប់ពួកគេផ្ទាល់ ក៏ទង្វើទាំងនោះ «ធ្វើឲ្យឃើញច្បាស់ អំពីការប្រព្រឹត្តទៅលើប្រជាជន។
បំណងនៃការជម្លៀសប្រជាជនពី ទីក្រុង ភ្នំពេញ បែបនោះ នឹងបណ្តាលឲ្យមានការស្លាប់ឬការឈឺចាប់ ហើយគឺជាភ័ស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើចុងចោទ ទៅលើការទទួលខុសត្រូវនៅឧក្រិដ្ឋកម្មរួមគ្នា។
ព្រះរាជអាជ្ញា Keith Raynor បានបន្តលើកហេតុផលថា ចុងចោទ «តែងតែមានបំណងឲ្យមានឧក្រិដ្ឋកម្មនៃការជម្លៀស ប្រជាជនទាំងបង្ខំ» ហើយសោកនាដកម្មដែលកើតឡើង បានបង្ហាញច្បាស់ ហើយមិនអាចយកហេតុផលសេដ្ឋកិច្ច ធ្វើជាលេសដើម្បីគេចវេះពីទោសកំហុសទេ។
លោកថ្លែងថា៖ «ខ្ញុំសុំទោស ដែលអ្នកបានស្លាប់ អ្វីៗទាំងអស់គឺដើម្បីសេដ្ឋកិច្ច...ខ្ញុំនឹងបង្អត់បាយអ្នក ហើយឲ្យអ្នកធ្វើការងារ ១៥ ម៉ោង ក្នុង ១ ថ្ងៃ វាគឺដើម្បីសេដ្ឋកិច្ច...មិនដឹងថា ហេតុអ្វី នួន ជា ហ៊ានអះអាងបែបនេះ ហើយប្រាប់ទៅជនរងគ្រោះថា នេះគឺជាទង្វើសម្រាប់ប្រជាជាតិ?»។
ជាការឆ្លើយតបទៅនឹង ការអះអាងរបស់ក្រុមមេធាវី ខៀវ សំផន ថា មិនមានសាក្សីផ្ទាល់ភ្នែកណាបានឃើញការស្លាប់នៅ ទួលពោធិ៍ជ្រៃ លោក Raynor ថ្លែងថា វាជាការបដិសេធមិនអាចទទួលយកមកពិចារណាបាន។ លោកថា៖ «ចំពោះវិធីដែលមេធាវីចុងចោទលើកអំពីករណីនៅ ទួលពោធិ៍ជ្រៃ តើអ្នកមានគិតថា ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងប្រវត្តិសាស្រ្ត ដែលគ្មានសាក្សីឃើញផ្ទាល់ភ្នែកមិនគួរត្រូវបានកាត់ទោសចំពោះ អំពើកាប់សម្លាប់របស់ខ្លួន?»។
ព្រះរាជអាជ្ញា លោក Tarik Abdulhak បានហៅចុងចោទថា ជាបុរស «ដែលតាំងខ្លួនឯងជាម្ចាស់នៃជីវិតលើមនុស្សគ្រប់រូប» ហើយជាអ្នកដែលចេញបញ្ជាមិនអាចបដិសេធបានដើម្បីដាក់ប្រទេសនេះទៅជា «ប្រទេសរងការឈឺចាប់ ដូចទាសករ»។
លោក Tarik Abdulhak បន្តថា បើទោះជាវាជាការក្លែងបន្លំការពិតអំពីរបបនោះក៏ដោយ ក៏ «ការកុហកទាំងនោះ» មិនត្រូវគេជឿទេ ហើយបង្ហាញថា ចុងចោទនៅតែស្ថិតក្នុងក្រុមអ្នកប្រព្រឹត្តបទឧក្រិដ្ឋកម្មរួម៕ PS