ភ្នំពេញៈសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះ បានបញ្ចប់សវនការ ជំនុំជម្រះ លើសំណុំរឿងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ករណីប្រើអំពើហិង្សា នៅស្ពាននាគកាលពីខែកក្កដា ឆ្នាំ ២០១៤ ដោយព្រះរាជអាជ្ញា និងមេធាវីការពារដើមបណ្ដឹង ដែលជាក្រុមសន្តិសុខខណ្ឌដូនពេញ បានភា្ជប់ករណីហិង្សានោះ ទៅនឹងបដិវត្តពណ៌។
ក្រោយពេលសវនការការ រយៈពេល ៣ ថ្ងៃជាប់ៗគ្នា នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨ នេះ អង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ ដឹកនាំដោយលោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ចប់សវនាការសួរដេញដោលលើអង្គហេតុ អង្គច្បាប់ និងស្តាប់ចម្លើយភាគីពាក់ព័ន្ធទាំងអស់ ប៉ុន្តែចៅក្រមសម្រេចលើកពេលទៅប្រកាសសាលក្រមនៅថ្ងៃទី១០ ខែឧសភាខាងមុខ។
សវនាការនេះមានភាពតានតឹង ដោយមេធាវីភាគីទាំងសងខាង និង ព្រះរាជអាជ្ញា បានលើកពីអង្គហេតុ និងអង្គច្បាប់មកសំអាង លាយឡំនឹងពាក្យពេចន៍នយោបាយមួយចំនួន។
ក្រុមមេធាវីកាពារជនជាប់ចោទ ១១ រូប ដែលជាសកម្មជននិងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា ព្រឹត្តិការណ៍ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៤ មិនមែនជារឿងកុបកម្មនោះទេ ប៉ុន្តែលោក លី ច័ន្ទតុលា មេធាវីការពារក្រុមសន្តិសុខ ដែលជាដើមបណ្ដឹង និងលោក ង៉ែត សារ៉ាត ជាតំណាងអយ្យការ បានអះអាងថា វាជាអំពើកុបកម្ម និងជាផ្នែកមួយ របស់បដិវត្តន៍ពណ៌ បើសិនមិនបានទប់ស្កាត់ទាន់ពេល។
ក្រុមជនជាប់ចោទទាំង ១១ រូប បានស្នើសុំឲ្យតុលាការ ដោះលែងពួកគាត់ ដោយអះអាងថា ពួកគាត់ មិនបានដឹកនាំឬចូលរួមក្នុងអំពើកុបកម្មអ្វីនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៤ មានព្រឹត្តិការណ៍ហិង្សាមួយកើតឡើង រវាងក្រុមសន្តិសុខខណ្ឌដូនពេញ ជាមួយនិងក្រុមបាតុករគាំទ្រអតីតគណបក្សសង្គ្រោះជាតិ កើតឡើងនៅក្បែរស្ពាននាគ ខាងកើតទីលានប្រជាធិបតេយ្យ គឺនៅពេលដែលក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ ទាមទារឲ្យដោះលែងទីលានប្រជាធិបតេយ្យដើម្បីឲ្យពលរដ្ឋបានសម្តែងមតិ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បានដាក់របាំងហ៊ុំព័ទ្ធមិនឲ្យមានការជួបជុំគ្នាតវ៉ានៅទីនោះ។
ក្រោយព្រឹត្តិការណ៍កើតឡើង សមត្ថកិច្ច បានចាប់ខ្លួនមនុស្សជាច្រើនរូបជាបន្តបន្ទាប់ រួមមានអតីតអ្នកតំណាងរាស្ត្រអតីតគណពក្សសង្គ្រោះជាតិ និងសកម្មជនចំនួន ១១រូប ហើយក្រោយមក មានការចាប់ខ្លួនអ្នកគាំទ្រចំនួន ៣ រូបផ្សេងទៀត។
បច្ចុប្បន្ននេះសកម្មជននិងអ្នកគាំទ្រ ទាំង ១៤ រូប កំពុងជាប់ពន្ធនាគារព្រៃស ដោយតុលាការក្រុងភ្នំពេញ កាលពីឆ្នាំ២០១៥ និង ២០១៦ បានកាត់ទោសពួកគេ ដាក់ពន្ធនាគារក្នុងម្នាក់ៗចន្លោះពី ៧ ទៅ ២០ ឆ្នាំ ដោយចោទពួកគេថា បានដឹកនាំ «ចលនាកុបកម្ម» និងចូលរួមក្នុងចលនានេះ៕
ព័ត៌មានពិស្ដារនឹងមានចុះផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែមេសា។