The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះ​សង្ឃនិមន្ត​ប្រោះ​ព្រំ​កម្ចាត់​ឧបទ្រព​ខណៈ​តុលាការ​សម្រេច​ឃុំ​និស្សិត​ស្រី​បង្ក​ហេតុ

ព្រះ​សង្ឃនិមន្ត​ប្រោះ​ព្រំ​កម្ចាត់​ឧបទ្រព​ខណៈ​តុលាការ​សម្រេច​ឃុំ​និស្សិត​ស្រី​បង្ក​ហេតុ

ព្រះ​សង្ឃនិមន្ត​ប្រោះ​ព្រំ​កម្ចាត់​ឧបទ្រព​ខណៈ​តុលាការ​សម្រេច​ឃុំ​និស្សិត​ស្រី​បង្ក​ហេតុ

130304_01
ព្រះសង្ឃ ប្រោះព្រំកម្ចាត់ឧបទ្រពនៅកន្លែងកើតហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់នៅមុខក្រសួងមហាផ្ទៃ និងរូបថតតូច ជាក្មេងរងគ្រោះ ផា លីណា

ភ្នំពេញៈ ព្រះ​សង្ឃ​ប្រមាណ​១០០​អង្គ ​កាល​ពីម្សិលមិញ​បាន​និមន្ត​ប្រោះ​ព្រំ​ដើម្បី​រម្ងាប់​ឧបទ្រព​ចង្រៃ​នៅ​ តាម​ដង​ផ្លូវ​ចាប់​តាំង​ពី​វង្វង់​មូល​វិមាន​ឯករាជ្យ រហូត​ដល់​ស្ពាន​អាកាស​ក្បាល​ថ្នល់ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ត​ម​ ខណៈ​តុលាការ​បញ្ជូន​និស្សិត​ពេទ្យ​ស្រី​ដែល​បើក​រថយន្ត​បុករះ​ទៅ​លើ ម៉ូតូ​និង​កង់ បណ្ដាល​ឲ្យ​ស្លាប់​កុមារ​៣នាក់​នឹង​កន្លែង​និង​របួស​មនុស្ស​៨​នាក់​ទៀត ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​សុក្រ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ល្ងាច​មិញ។

ពិធី​សូត្រធម៌​ស្វាធ្យាយជយន្តោ ដើម្បី​ប្រោះព្រំ​បណ្តេញ​ឧបទ្រព​ចង្រៃនេះ គឺ​ដោយ​សារ​តែ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដែល​បង្ក​ដោយ​និស្សិត​ ពេទ្យ​ស្រី​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មីនា ​នៅ​លើ​ដង​មហា​វិថី​មួយ​នេះ ហើយ​ព្រះ​សង្ឃ​ទាំង​១០០​អង្គ​ នៅ​វត្ត​ឧណ្ណាលោម ត្រូវ​ខាង​បណ្តាញ​សង្គម​ហ្វេសប៊ុក ក្រុម​ព័ត៌មាន​ជាតិ​ដោយ​សេរី ថ្មីៗ និង​ប្រតិកម្ម​រហ័ស​និមន្ត​មក​ប្រោះ​ព្រំ​កម្ចាត់​ឧបទ្រព​ចង្រៃ។ នេះ​បើ​តាម​លោក​តាអាចារ្យ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ម្សិលមិញ។

Content image - Phnom Penh Post

ជាមួយ​នេះ​ដែរ ក្រុម​គ្រួសារ​នៃ​សព​កុមារ​រងគ្រោះ​បាន​នាំ​គ្នា​មក​រៀប​ចំ​ពិ​ធី​បង្សុ​កូល ​ឧទ្ទិស​កុសល​ឲ្យ​កូនៗ នៅ​កន្លែង​កើត​ហេតុ​មុខ​ក្រសួង​មហា​ផ្ទៃ​ ហើយ​សមត្ថកិច្ច​តុលាការ​សម្រេច​ចោទ​ប្រកាន់​និង បញ្ជូន​និសិ្សត​​វ័យ​២៣​ឆ្នាំ ដែល​បង្ក​ហេតុ​ម្នាក់​នេះ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​បាន​បញ្ចប់​ការ​សាកសួរ​។

អ្នក​ស្រី ឈុន ចន្ថា អាយុ​៤៥​ឆ្នាំ ជា​ម្ដាយ​សពកុមារា ស្រ៊ីម ប៊ុនហុង អាយុ​៨​ឆ្នាំ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គាត់​នឹង​មិន​អត់​ឱន​ឲ្យ​និសិ្សត​​ស្រី​រូប​នោះ​ឡើយ បើ​ទោះ​ជា​ឪពុក​ម្ដាយ​របស់​នាង​មក​ចូល​បុណ្យ​សព​កូន​ប្រុស​គាត់​ចំនួន​២០០ ដុល្លារ និង​បាន​និយាយ​សម្រួល​ជាមួយ​គាត់​ ដើម្បី​ជួយ​ឲ្យ​កូន​ស្រី​គាត់​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្ដី។

អ្នក​ស្រី​បាន​ថ្លែង​ថា៖«ខ្ញុំ​យល់​ពី​អារម្មណ៍ របស់​គាត់​ ដែល​ជា​ឪពុក​ម្ដាយ​ ប៉ុន្តែ​ ខ្ញុំ​មិន​អាច​សម្រប​សម្រួល​បែប​នេះ​បាន​ទេ។ ពួក​គាត់​សុំ​ឲ្យ​ខ្ញុំ​កាត់​ថ្លៃ​លើ​សំណង​ជំងឺ​ចិត្ត​ជំនួស ដើម្បី​បញ្ចប់​ការ​ប្ដឹងប្ដល់​ឡើង​តុលាការ ប៉ុន្តែ​ ខ្ញុំ​មិន​លក់​ជីវិត​កូន​ខ្ញុំ​ទេ»។

អ្នក​ស្រី​ឲ្យ​ដឹង​ថា៖«​មក​ទល់ ពេល​នេះ កូន​ស្រី​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ ស្រ៊ីម ចាន់ថូ អាយុ​១៧​ឆ្នាំ ដែល​ជិះ​កង់​ឌុប​ប្អូន​ប្រុស​ចេញ​ពី​រៀន​នោះ កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​និង​កំពុង​ស្ថិត​ក្រោម​​ការ​ពិនិត្យ​ពី គ្រូ​ពេទ្យ​នៅ​ឡើយ បន្ទាប់​ពី​ត្រូវ​និសិ្សត​រូប​នេះ​បុក​ឲ្យ​ដួល​របួស​ក្បាល ធ្ងន់ធ្ងរ»។

ជាមួយ​គ្នា​នោះ អ្នក​ស្រី លាក់ សុគន្ធារិទ្ធ អាយុ​៣៥​ឆ្នាំ ​នៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដែល​ត្រូវ​ជា​ម្ដាយ​របស់​សព​ក្មេង​ស្រី​ពីរ​នាក់​ម្នាក់​ឈ្មោះ រិន រចនា អាយុ​៨​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ រិន បុប្ផា អាយុ​១២​ឆ្នាំ បាន​ប្រាប់​នៅ​កន្លែង​បង្សុ​កូល​ មុខ​ក្រសួង​មហាផ្ទៃ​ពី​ម្សិលមិញ​ឲ្យ​ដឹង​ដែរ​ថា ឪពុក​ម្ដាយ​និសិ្សត​បង្ក​ហេតុ​បាន​មក​ចូល​បុណ្យ​សព​កូន​ស្រី គាត់​ទាំង​ពីរ​ចំនួន​៥០០​ដុល្លារ​។ ពួក​គេ​ក៏​បាន​សុំ​ឲ្យ​គ្រួសារ​គាត់​អភ័យទោស​និង​អត់ឱន​ឲ្យ​កូន ស្រី​គេ។

អ្នក​ស្រី​ប្រាប់​ថា៖«ខ្ញុំ​បាន​ទាមទារ​ឲ្យ​គាត់​បង់​សង​ជំងឺ​ចិត្ត ចំពោះ​មរណភាព​កូន​ស្រី​ទាំង​ពីរ​របស់​ខ្ញុំ​ក្នុង​ម្នាក់ៗ​ចំនួន​ពីរ​ម៉ឺន​ដុល្លារ»។

លោក រិន រិទ្ធី អាយុ​៤៥​ឆ្នាំ ​ជា​ស្វាមី​អ្នក​ស្រី សុគន្ធារិទ្ធ​ បាន​បន្ទរ​ថា គាត់​នឹង​ធ្វើ​ពាក្យ​ប្តឹង​និសិ្សត​ស្រី​រូប​នោះ​នៅ​ថ្ងៃ​ចន្ទ​នេះ ឬ​យ៉ាង​យូរ​ក្រោយ​បុណ្យ​សព​ប្រាំ​ពីរ​ថ្ងៃ​កូន​ស្រី​ទាំង​ពីរ ដើម្បី​ឲ្យ​តុលាការ​ផ្ដន្ទាទោស និស្សិត​ស្រី​រូប​នោះ​ទៅ​តាម​នីតិវិធី​ច្បាប់។

ប៉ុន្តែ​បើ​ទោះ​ជា មាន​ការ​សម្រប​សម្រួល​ពី​ឪពុកម្តាយ​និស្សិត​ស្រី​បង្ក​ហេតុ​ក៏​ដោយ តែ​ការ​ទាម​ទារ​សំណង​របស់​គ្រួសារ​កុមារ​រង​គ្រោះនោះ​ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ដែរ​ទេ​។

តាម​ការ​ឲ្យ​ដឹង​ ពី​សមត្ថកិច្ច​ប៉ូលិស​កាន់​សំណុំ​រឿង​ថា ​និស្សិត​ពេទ្យ គាម​ពិសិដ្ឋ ណារីតា ជា​កូន​របស់​លោក គាម ពិសិដ្ឋ អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​កណ្តាល ដែល​បាន​មក​អះអាង​ថា កូន​គាត់​មាន​បញ្ហា​សរសៃ​ប្រសាទ​និង​ធ្វើ​ទុក្ខ​ម្តង​ម្កាល ប៉ុន្តែ​ តាម​ខាង​សមត្ថកិច្ច​ពិនិត្យ​ដូច​ជា​គ្មាន​បញ្ហា​អ្វី​ទេ។

តាម សមត្ថកិច្ច​រំឭក​ឲ្យ​ដឹងថា និស្សិត​ពេទ្យ​ឆ្នាំ​ទី៦ ឈ្មោះ  គាមពិសិដ្ឋ ណារីតា ភេទ​ស្រី អាយុ ២៣ ឆ្នាំ បាន​បើក​ឡាន បុក​រះ​ម៉ូតូ​៩ គ្រឿង​និង​កង់​៤​គ្រឿង​ បណ្តាល​ឲ្យ​កុមារ​៣នាក់​ស្លាប់​ភ្លាម និង​របួស​មនុស្ស​៨នាក់​ផ្សេង​ទៀត​។ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​មុខ​ ក្រសួង​មហាផ្ទៃ កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៣ បង្ក​ឡើង​បន្ទាប់​ពី​និស្សិត​ស្រី​ម្នាក់​នេះ​បាន​បើក​ឡាន​បុក​គេ​នៅ​ ភ្លើង ស្តុប​ខាង​ត្បូង​វិមានឯករាជ្យ ហើយ​មិន​ឈប់​ដោះ​ស្រាយ​ ក៏​បើក​រត់​រហូត​មក​បង្ក​ហេតុការណ៍​ដ៏​រន្ធត់​បែប​នេះ។ សមត្ថកិច្ច​នគរបាល​បាន​ឃាត់​ខ្លួន​នាង​ភ្លាម​ៗ​ ជាមួយ​មិត្ត​ភក្តិ​២​នាក់ នៅ​លើ​រថយន្ត​បង្ក​ហេតុ ប៉ុន្តែ អ្នក​ទាំង​ពីរ​នោះ​បាន​ដោះលែង​វិញ​ព្រោះ​ពុំ​ពាក់ព័ន្ធ។​

កញ្ញា វត្តី និស្សិត​សាកល​វិទ្យាល័យ​ បៀលប្រាយ​និយាយ​ថា៖ «សម្រាប់​ករណី​នេះ ខ្ញុំ​យល់​ថា និស្សិត​ឆ្នាំ​ទី៦ នៃ​សាលា​ពេទ្យ​ម្នាក់​នោះ​មិន​គ្រាន់​តែ​ខ្វះសីលធម៌​ក្នុង​ការ​រស់នៅ​ទេ ថែម​ទាំង​មិន​ចេះ​ច្បាប់​ចរាចរណ៍​ទៀត»។

លោក ប៉ែន ឃុន ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ពី​ម្សិលមិញ​បាន​ប្រាប់​ថា កញ្ញា គាមពិសិដ្ឋ ណារីតា ត្រូវ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក អ៊ី ថាវរៈ សម្រេច​ចោទ​ប្រកាន់​ពី​បទ«បើក​បរ​បង្ក​ឲ្យ​អ្នក​ដទៃ​រង​របួស ​និង​ស្លាប់ ដោយ​​ចេតនា»​តាម​មាត្រា​៨០ និង ៨២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។

លោក​បាន​ប្រាប់​បន្ត​ទៀត​ថា៖«មក​ទល់​ពេល​នេះ​យើង​បាន​បញ្ជូន​នាង​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះ​អាសន្ន​រួច​ហើយ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ»៕

អត្ថបទគួរចាប់អារម្មណ៍