ភ្នំពេញៈ ក្រោយ​មាន​ការ​ប្តូរឈ្មោះ គណបក្ស កែមឡី ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ខ្មែរ​តែ​មួយ និង​ប្តូរ​ស្លាក​សញ្ញា​ពី​រូប​លោក​ កែម ឡី ទៅ​ជា​រូប​មនុស្ស​ ៣ ​នាក់​ឈរ​កាន់​ដៃ​គ្នា​ជំនួស​វិញ ​ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏ចម្រូង​ចម្រាស​ អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក បានស្វាគមន៍ចំពោះការប្តូរនេះ ដោយសារជាសិទ្ធិរបស់បុគ្គលម្នាក់ៗ។

ដោយមិនធ្វើអធិប្បាយច្រើន លោកស្រីគ្រាន់តែឆ្លើយប្រាប់ ភ្នំពេញ ប៉ុស្តិ៍យ៉ាងខ្លីថា «រឿង​បង្កើត​គណបក្ស​គឺជា​សិទ្ធិ​របស់​មនុស្ស​ម្នាក់ៗ សំខាន់​កុំ​ឲ្យ​តែ​យក​ឈ្មោះ​ស្វាមី​ខ្ញុំ​ទៅ​ដាក់​គឺ​បាន​ហើយ»។

ការប្តូរ​ឈ្មោះ​នេះ​គឺ​ដើម្បី​ធ្វើឱ្យ​គណបក្ស​មួយ​នេះ​ស្រប​ទៅ​តាម​ការធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​មុន​ដែល​ពី​ដំបូង​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​កំណត់​គោលដៅ​ទៅ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​ហាមឃាត់​ការប្រើ​ឈ្មោះ​បុគ្គល​ដាក់​ឈ្មោះ​គណបក្ស​នយោបាយ​ ឬ​ប្រើប្រាស់​រូប​របស់​បុគ្គល​នៅ​ក្នុង​ស្លាក​សញ្ញា​គណបក្ស​។

អ្នក​នាំពាក្យ​គណបក្ស​លោក​ គួច លី បាន​ថ្លែង​ថា​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី ២៣ មីនាឆ្នាំ ២០១៨ ដើម្បី​ប្តូរ​ឈ្មោះ​ និង​ស្លាក​សញ្ញា​គណបក្ស​។

លោក​ កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​ ​កាលពី​ខែ​ កក្កដា ​ឆ្នាំ​ ២០១៦ ជា​អ្វី​ដែល​គេ​ជឿ​ថា ជា​ឃាតកម្ម​រឿង​នយោបាយ​។

លោក​ លី ​ថ្លែង​ថា​៖ «​ស្លាក​សញ្ញា​ថ្មី​គឺជា​រូប​មនុស្ស​ ៣ ​នាក់​ឈរ​កាន់​ដៃ​គ្នា​។ វា​គឺជា​និមិត្តរូប​នៃ​ការរួបរួម​គ្នា​រវាង​ខ្មែរ​ និង​ខ្មែរ​»​។

លោក​លើក​ឡើង​ថា​៖ «​នេះ​មាន​ន័យ​ថា មិន​មាន​ការ​រើសអើង​ប្រឆាំង​ខ្មែរ​លើ​ខ្មែរក្រោម ឬ​ខ្មែរ​កណ្តាល​ទេ​»​។

វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ក៏​បាន​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ប្តូរ​ស្លាក​សញ្ញា​របស់​ខ្លួន​ផង​ដែរ ហើយ​គណបក្ស សម រង្ស៊ី បាន​ប្តូរ​ទៅ​ជា​គណបក្ស​ភ្លើង​ទៀន​ចំណែកឯ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្តូរ​រូប​ស្លាក​សញ្ញា​របស់​ខ្លួន​ដែល​ពី​មុន​គឺ​ស្លាក​សញ្ញា​មាន​រូប​មេដឹកនាំ​គណបក្ស គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ ច្បាប់​នេះ​ហាក់​ដូចជា​អនុវត្ត​មិន​ទាន់​បាន​ជាក់លាក់​នោះ​ទេ​៕ NS