The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភរិយា​លោក រ៉ាត់ រ័ត្នមុនី នាំគ្នា​បន្ត​តវ៉ា​ឲ្យ​ជួយ​ប្ដី​នៅ​មុខ​ស្ថានទូត​រុស្ស៊ី




ភរិយា​លោក រ៉ាត់ រ័ត្នមុនី នាំគ្នា​បន្ត​តវ៉ា​ឲ្យ​ជួយ​ប្ដី​នៅ​មុខ​ស្ថានទូត​រុស្ស៊ី

Content image - Phnom Penh Post
ភរិយារបស់​លោក រា៉ាត់ រ័ត្នមុនី​ ប្រធាន​សហព័ន្ធសហជីព​កម្មករ​សំណង់​កម្ពុជា និង​មនុស្ស​ប្រមាណ​១០នាក់ទៀត​ ពេល​ប្រមូល​ផ្ដុំ​គ្នាតវ៉ា​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ កាលពីថ្ងៃ​ម្សិលមិញ​ ដើម្បី​តវ៉ា​និង​តាមដាន​ពី​លទ្ធផល​នៃ​ការ​សុំ​អន្តរាគមន៍​ដោះ​លែង​​លោក​ រ៉ាត់​ រ័ត្ន​មុនី​ ក្រោយ​ពី​ដាក់​ញត្តិ​ឲ្យ​ស្ថានទូ​តរុស្ស៊ី​​ និង​ប្រធានា​ធិបតី​រុស្ស៊ី។ ហេង ជីវ័ន

ភរិយា​លោក រ៉ាត់ រ័ត្នមុនី នាំគ្នា​បន្ត​តវ៉ា​ឲ្យ​ជួយ​ប្ដី​នៅ​មុខ​ស្ថានទូត​រុស្ស៊ី

ភ្នំពេញៈ ភរិយា​របស់​លោក រ៉ាត់ រ័ត្នមុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា អ្នកស្រី ឡុង គឹមហ៊ាង និង​មនុស្ស​ប្រមាណ​ ១០ ​នាក់​ទៀត​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ជា​លើក​ទី​ ២ កាលពី​ម្សិលមិញ​ដើម្បី​តវ៉ា និង​តាមដាន​ពី​​លទ្ធផល​នៃ​ដំណើរ​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​លោក រ៉ាត់ ​រ័ត្នមុនី ក្រោយពី​ដាក់​ញត្តិ​ឲ្យ​​ស្ថានទូត​រុស្ស៊ី និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន កាលពី​ពាក់កណ្ដាល​ខែ​ធ្នូ​ឆ្នាំ​មុន​។

ការដាក់​ញត្តិ​កន្លង​មក​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​សម្រេច​​ឃុំ​ខ្លួន​លោក រ៉ាត់ រ័ត្នមុនី ជា​​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃ​ ១៣ ​ធ្នូ​ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពាក់ព័ន្ធ​ករណី​ផលិត​វីដេអូ​ឯកសារ​និយាយ​​ពី​ស្ត្រី​ខ្មែរ​លក់​ព្រហ្មចារី​កូនស្រី​។

អ្នកស្រី ឡុង គឹមហ៊ាង បាន​ថ្លែង​ថា​ការប្រមូល​ផ្តុំគ្នា​មក​តវ៉ា​លើក​នេះ​គឺ​ដើម្បី​តាមដាន​ថា​តើ​ស្ថានទូត​មាន​វិធានការ​ហើយ​​ ឬ​នៅ​ទាក់ទង​នឹង​ការអន្តរាគមន៍​​ជួយ​ឲ្យ​ប្តី​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​មក​តាមដាន​ញត្តិ​របស់​ខ្ញុំ​ដែល​បាន​ផ្ញើ​តាម​មធ្យោបាយ​អេឡិចត្រូនិក ពីព្រោះ​លើក​មុន​គាត់​ក៏​អត់​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​​ពួកយើង​ដែរ ហើយ​យើង​បាន​​ដឹង​ថា​ខាង​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី​ក៏​បាន​ផ្ញើលិខិត​សុំ​ឲ្យ​អន្តរាគមន៍​ពី​ស្ថានទូត​ផងដែរ​អ៊ីចឹង​យើង​ចង់​ដឹង​ថា​គាត់​បាន​ធ្វើអ្វី​ខ្លះ​​ហើយ​ដើម្បី​ជួយ​ប្តី​របស់​ខ្ញុំ​?»​។

អ្នកស្រី ឡុង គឹមហ៊ាង ក៏​បាន​ថ្លែង​ដែរ​ថា ស្ថានភាព​សុខភាព​ប្តី​របស់​អ្នកស្រី​ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​គឺ​កំពុង​មាន​បញ្ហា ដោយ​មាន​សភាព​ស្គមស្គាំង​។

លោកស្រី​បញ្ជាក់​ថា​៖ «​កាលពី​ថ្ងៃ​ចន្ទ​ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​ប្តី​ក្នុង​កន្លែង​ឃុំឃាំង​បាន​រយៈពេល​ប្រហែល​ ៥ ​នាទី​។ គាត់​ប្រាប់​​ខ្ញុំ​គាត់​ដេក​អត់​សូវ​លក់​ដោយសារ​កន្លែង​ចង្អៀត​ពេក​ប្តី​ខ្ញុំ​គាត់​ស្គម​ខ្លាំង​គាត់​ដកដង្ហើម​ថប់ៗ​។

គាត់​ចង់​មាន​សេរីភាព​ឡើង​វិញ​»​។

Content image - Phnom Penh Post
ក្រុម​ពលរដ្ឋ​ក្នុង​ពេល​មក​សុំ​ឲ្យ​រុស្ស៊ី​ជួយ​កាលពី​ម្សិលមិញ​។ ផា លីណា

អ្នកស្រី​ ឡុង គឹមហ៊ាង បាន​បន្ថែម​ថា​កាលពី​ថ្ងៃ​ ២៤ ខែ​ធ្នូ មេធាវី​របស់​ប្ដី​អ្នកស្រី​បាន​ស្នើសុំ​តុលាការ​ដើម្បី​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​ជា​អ្វី​ដែល​ធ្វើឲ្យ​អ្នកស្រី​មាន​​ការខកចិត្ត​យ៉ាង​ខ្លាំង​។

អ្នកស្រី​ថា​៖ «​មេធាវី​ការពារ​​ប្តី​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គេ​អត់​អនុញ្ញាត​ឲ្យ​ប្តី​របស់ខ្ញុំ​បាន​នៅ​​ក្រៅ​ឃុំ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​...​ខ្ញុំ​ពិត​ជា​ខកចិត្ត​ដែល​​តុលាការ​នៅ​តែ​បន្ត​ឃុំខ្លួន​ប្តី​​របស់ខ្ញុំ គាត់​បាន​បដិសេធ​ការស្នើសុំ​របស់​យើង​។ ខ្ញុំ​ពិតជា​​អស់​ជំនឿ​ទៅលើ​តុលាការ​ស្រុក​​យើង​ណាស់​។ ​ប្តី​ខ្ញុំ​គ្រាន់តែ​ជួយ​បកប្រែ និង​សម្របសម្រួល​ការផលិត​ភាពយន្ត​ឯកសារ​ទាក់ទង​​នឹង​ការជួញដូរ​មនុស្ស​ក្នុង​ស្រុក​​យើង​។ ​អ៊ីចឹង​អាជ្ញាធរ​គួរតែ​ទប់ស្កាត់​បទល្មើស ហេតុអ្វី​បាន​ជា​មក​ឃុំខ្លួន​ប្តី​ខ្ញុំ​ទៅវិញ​...​ខ្ញុំ​គ្មាន​មធ្យោបាយ​អ្វី​ផ្សេងទៀត​ក្រៅ​ពី​បន្ត​ការតស៊ូ​មតិ​ដើម្បី​ឲ្យ​ប្តី​របស់​​ខ្ញុំ​ត្រូវ​បាន​ដោះលែង​ហើយ​សុំ​ឲ្យ​តុលាការ​ដោះលែង​គាត់​ឲ្យ​​នៅ​ក្រៅ​ឃុំ​​នោះទេ​»​។

យ៉ាងណា​ក៏ដោយ​លោក សំទិត្យសីហា មេធាវី​ការពារ​ក្តី​លោក រ៉ាត់ រ័ត្នមុនី បាន​ប្រាប់​ភ្នំពេញ​ប៉ុសិ៍្ត​កាលពី​ម្សិលមិញ​ថា​លោក​នឹង​ប្តឹង​ទៅ​សាលាដំបូង​​សុំ​ឲ្យ​កូនក្ដី​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​ ២ ​ទៀត​ក្រោយ​ពេល​បាន​ដីកា​បដិសេធ​លើក​ទី​ ១ ​ជា​ផ្លូវការ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​នឹង​ស្នើសុំ​ជា​លើក​ទី​​ ២ ​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​។ ប្រសិន​បើ​​លើក​ទី​ ២ តុលាការ​នៅ​តែ​បន្ត​​ការបដិសេធ យើង​នឹង​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត​។ យើង​បាន​និយាយ​តាំងពី​ដំបូង​ជាមួយ​គ្រួសារ​របស់​កូនក្តី​ខ្ញុំ​ថា​បើ​តុលាការ​បដិសេធ​យើង​នឹង​បន្ត​ប្តឹង​សុំ​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ និង​ប្រមូល​ភ័ស្តុតាង​ផ្សេង​ទៀត​»​។

គួររំឭក​ថា​លោក រ៉ាត់ រ័ត្នមុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ហៅ​កាត់​ថា CCTUF ត្រូវ​បាន​អាជ្ញាធរ​ថៃ​​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៧ ​ធ្នូ​ឆ្នាំ​មុន​តាម​ការស្នើសុំ​ពី​អាជ្ញាធរ​កម្ពុជា​ហើយ​ក្រោយ​មក​បាន​បញ្ជូន​​មក​កម្ពុជា​ពាក់ព័ន្ធ​ករណី​ផលិត​​ភាពយន្ត​ឯកសារ​ដែល​និយាយ​អំពី​ការលក់​ព្រហ្មចារី​មាន​ចំណង​ជើង​ថា «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​។ ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ទូរទស្សន៍​រុស្ស៊ី RT ហើយ​បាន​ចេញ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ ១៤ ខែ​តុលា ឆ្នាំ​ ២០១៨​។

យ៉ាង​ណា​ក្ដី​នៅ​មុន​បញ្ជូន​​ខ្លួន​ពី​ថៃ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាល​ជាតិ​ថ្លែង​ថា វីដេអូ​ឯកសារ​នោះ​ជា​ការ​ប្រឌិត​ធ្វើឲ្យ​ប៉ះពាល់​ប្រពៃណី​កម្ពុជា និង​ថា​បើ​តាម​ម្តាយ និង​កូនស្រី​ឈ្មោះ កែវ ម៉ាឡៃ និង​ឈ្មោះ ឃៀង ស្រីម៉ិច បាន​ប្រាប់​សមត្ថកិច្ច​ថា​ឈ្មោះ រ៉ាត់ រ័ត្នមុនី បាន​ប្រាប់​ពួកគេ​ទាំង​ ២ ថា ការថត​នោះ​គឺ​ក្នុង​រឿង​​ «​ប្រទេស​ខ្មែរ​ក្រោយ​របប​ប៉ុលពត​» ហើយ​ការ​ល្បួង​ឲ្យ​ពួកគេ​ថត​រឿង​នោះ​ក៏​មាន​ជនបរទេស​ ៤ ​រូប​ជួយ​ថត និង​រៀបចំ​ឈុត​ឆាក​ផង​ដែរ​។ ប៉ុន្តែ​ពេល​ដែល​ឃើញ​ឃ្លីបវីដេអូ​បែរ​​ទៅ​ជា​រឿង​ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ធ្វើឲ្យ​ពួកគាត់​ខកចិត្ត ហើយ​បាន​​ប្តឹង​មក​សមត្ថកិច្ច​៕

អត្ថបទគួរចាប់អារម្មណ៍