ភ្នំពេញៈ ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះ​ហៅ អ្នកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី ដើម្បី​ឲ្យ​ចូលរួម​ក្នុង​អង្គសវនាការ​ជំនុំជម្រះ​ជន​ជាប់ចោទ ជួប សម្លាប់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៣ ខែ​មេសា​ខាង​មុខ ប៉ុន្តែ​អ្នកស្រី​ថា​អ្នកស្រី​មិន​ធ្លាប់​បាន​ប្ដឹង​ពី​ករណី​នេះ​ម្ដង​ណា​ទេ ខណៈ​មិន​រំពឹង​ថា​មាន​យុត្តិធម៌​។

ក្នុង​ដីកាកោះ​ចេញ​ដោយ​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ចុះ​ថ្ងៃទី​ ១៤ ខែ​មីនា​ឆ្នាំ​ ២០១៨ បាន​បង្គាប់​ឲ្យ​អ្នកស្រី ប៊ូ រចនា ដែល​ដីកា​នេះ​ដាក់​ថា ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ឲ្យ​ចូល​ទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​ ៣ មេសា ឆ្នាំ​ ២០១៨ វេលា​ម៉ោង​ ២ ​រសៀល​នៅ​បន្ទប់​ទី​ ២ ជា​កំណត់​។

ដីកា​នោះ​ក៏​បាន​សរសេរ​ដែរ​ថា បុគ្គល​ពាក់ព័ន្ធ​ត្រូវ​បាន​កោះហៅ​ក្នុង​ឋានៈ​ជា​ជនរងគ្រោះ ហើយ​ក្នុង​វង់ក្រចក​បាន​សរសេរ​ថា​ «​ការ​មិន​ចូល​បង្ហាញ​ខ្លួន​នៅពេល​សវនាការ ការ​មិន​ព្រម​ឆ្លើយ​ឲ្យ​ព័ត៌មាន​ក្នុង​ឋានៈ​សាក្សី ឬ​ការឆ្លើយ​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​»​។

លោក ទូច ថារិទ្ធិ អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​បាន​បញ្ជាក់​ថា ដីកា​នោះ​ពិតជា​កោះ​ហៅ​ដោយ​លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ពិតប្រាកដ​មែន​។ ​លោក​បន្ត​ថា​សវនាការ​នឹង​មាន​ក្រុមប្រឹក្សា​ ៣ ​រូប​រួម​មាន​លោក​ ចាយ ច័ន្ទតារាវណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា លោក ស៊ិន វិសាល​ និង​លោកស្រី ទិត្យសុទ្ធី បូរ៉ាលក្ខណ៍ ជា​ចៅក្រម​ប្រឹក្សា​។

អ្នកស្រី ប៊ូ រចនា ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​នាម​ជនភៀសខ្លួន​ថ្លែង​ថា អ្នកស្រី​បាន​ឃើញ​ដីកាកោះ​នេះ​ហើយ តែ​អ្នកស្រី​និយាយ​ថា​មិន​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​​ ឬ​ក៏​មាន​គោលបំណង​ដាក់​ពាក្យ​បណ្ដឹង​ដែរ​។

អ្នកស្រី​បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា​៖ «​នាង​ខ្ញុំ​សុំ​បញ្ជាក់​ថា តាំងពី​ស្វាមី​នាង​ខ្ញុំ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​ ២ ​ឆ្នាំ​ហើយ​កុំ​ថា​ឡើយ​ចង់​ទៅ​ដាក់​ពាក្យ​បណ្តឹង សូម្បីតែ​គិត​ថា​ទៅ​ប្តឹង​ក៏​មិន​ដែល​គិត​ផង​ណា ពីព្រោះ​នាង​ខ្ញុំ​ដឹង​ច្បាស់​ហើយ​ថា​តុលាការ​នៅ​ទីក្រុង​ភ្នំពេញ​គ្មាន​សមត្ថភាព​ចាប់​ឃាតករ​ពិត និង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន​ឡើយ​»​។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ នៅ​ក្នុង​ហាង​ស្តារម៉ាត​កាល់តិច ស្តុប​បូកគោ កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា ឆ្នាំ​ ២០១៦ ​។ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​អះអាង​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ និង​កាត់ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​។

ប៉ុន្តែ​មជ្ឈដ្ឋាន​ជាច្រើន​យល់​ថា មាន​ជន​ពាក់ព័ន្ធ​ ឬ​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​មួយ​នេះ​។

មន្ដ្រី​ផ្នែក​ស៊ើបអង្កេត​នៅ​សមាគម​អាដហុក​លោក សឹង សែងករុណា យល់​ថា យុត្តិធម៌​សម្រាប់​លោក កែម ឡី មិន​ទាន់​ត្រូវ​បាន​រកឃើញ​ឡើយ​។ លោក​ថ្លែង​ថា​៖ «​ហេតុផល​នៃ​ការសម្លាប់​ដែល​បាន​សារភាព​មិន​មាន​អ្វី​ដែល​ស៊ីចង្វាក់​សោះ​។ សាធារណជន​​មាន​មន្ទិលសង្ស័យ​ច្រើន​ណាស់​ថា តើ​រឿង​នេះ​ពិត​ជា​ ជួប សម្លាប់ ​អ្នក​សម្លាប់​មែន​ឬ​? តើ​មាន​អ្នកណា​ខ្លះ​ពាក់ព័ន្ធ និង​សមគំនិត​ក្នុង​ករណី​នេះ​?»​។

លោក​ថ្លែង​បន្ត​ថា​៖ «​បើ​ដរាប​ណា​ធ្វើ​ឡើង​ដើម្បី​គម្រប់​តែ​នីតិវិធី​ច្បាប់ វា​មិន​បាន​រក​យុត្តិធម៌​សម្រាប់​ការស្លាប់​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​ទេ​»​។

លោក​មាន​ចម្ងល់​ថា បើ​ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​បាន​សម្លាប់​ពិតប្រាកដ​មែន ហេតុអ្វី​បាន​ជា​ត្រូវ​ប្តឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​បន្ត​ទៀត​៕