ភ្នំពេញៈ ​អ្នក​ស្រី ​ឡុង​ គឹម​ហ៊ាង​និង​ក្រុម​សាច់​ញាតិ​ប្រហែល​ជា ​១០ ​នាក់​បាន​បន្ត​ប្រ​មូល​ផ្ដុំ​គ្នា​កាល​ពី​ម្សិល​មិញ​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ីជា​លើក​ទី​ ៥ ​ដើម្បី​សុំ​អន្តរា​គមន៍​ឲ្យ​មាន​ការដោះ​លែង​លោក​ រ៉ាត់​ រ័ត្ន​មុនី​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​សំណង់​កម្ពុជា​ដែល​កំពុង​ជាប់​ឃុំ​ពាក់​ព័ន្ធ​ការ​ផលិត​ភាព​យន្ត​ខ្លី​រឿង​ «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។

​មេ​ធា​វី​របស់​លោក​ រ៉ាត់​ រ័ត្ន​មុនី​ កាល​ពី​ថ្ងៃទី​ ៥ ​ខែកុម្ភៈ​ ​បាន​ដាក់​ពាក្យ​បណ្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​រួច​ហើយ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​សម្រេច​មិន​អនុ​ញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​លោក ​រ៉ាត់​ រ័ត្ន​មុនី​ នៅ​ក្រៅ​ឃុំ​ ដោ​យ​​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឲ្យ​នៅ​ដដែល ​កាល​ពី​​ថ្ងៃ​ទី​ ៣១ ​ខែ​មករា​ ក្រោយ​ពី​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី ​៣០ ខែ​មករា។​

​អ្នក​ស្រី ​ឡុង ​គឹម​ហ៊ាង​ ​ជា​ភរិ​យា​លោក​ ​រ័ត្ន​មុនី​ បាន​ថ្លែង​ថា​ ក្នុង​អំឡុង​ពេល​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនា​គារ​ព្រៃ​ស​នេះ ​ស្ថាន​ភាព​សុខ​ភាព​លោក ​រ៉ាត់​ រ័ត្ន​មុនី ​កំពុង​កើត​រមាស់​លើ​ខ្លួន​ សាច់​ឈាម​ស្លេ​ក​​ស្លាំង ​ស្គម ​ដេក​មិន​លក់​ ព្រោះ​កន្លែង​ដែល​គេង​នោះ​មាន​ទំហំ​តូច​ចង្អៀត។

អ្នក​ស្រី​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​ពិត​ជា​បារម្ភ​ខ្លាំង​ណាស់​ពី​សុខ​ភាព​គាត់ ​ខ្លាច​ឆ្លង​ជំងឺ​ផ្សេងៗ​ ព្រោះ​គាត់​មិន​ដែល​មាន​ជំងឺ​អ្វី​ទេ»។

​អ្នក​ស្រី​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​មក​តាម​ដាន​ញត្តិ​របស់​ខ្ញុំ​ដែល​បាន​ផ្ញើ​តាមអ៊ីមែល​ ពី​ព្រោះ​លើកមុន​គាត់​ក៏​អត់​បាន​ចេញ​មក​ទទួ​ល​​ញត្តិ​ពី​ពួក​យើង​ដែរ​ ហើយ​យើង​បាន​ដឹង​ថា​ ខាង​ស្ថានីយ​ទូរ​ទស្សន៍​រុស្ស៊ី​ក៏​បាន​ផ្ញើ​លិខិត​សុំ​ឲ្យ​អន្តរា​គមន៍​ពី​ស្ថាន​ទូត​ផង​ដែរ​ ​យើង​ចង់​ដឹង​ថា​ គាត់​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​ ដើ​ម្បី​ជួយ​ប្តី​របស់​ខ្ញុំ?»។

លោក​ សំ ទិ​ត្យ​សីហា ​មេធាវី​ការ​ពារ​ក្តី​លោក ​រ៉ាត់​ រ័ត្ន​មុនី​ កាល​ពី​ម្សិល​មិញ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ប៉ុន្ដែ​​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុ​សិ៍្ត​កាល​ពី​ថ្ងៃទី ​៥​ កុម្ភៈ​ថា​ លោក​បាន​យក​ពាក្យ​បណ្ដឹង​ជំទាស់​ទៅ​ដាក់​នៅ​តុលាការ​​កំពូ​ល​​រួច​ហើយ ​ដោយ​កំពុង​រង់​ចាំ​ការឆ្លើយ​តប​ពី​តុលាការ។

​លោក​បន្ត​ថា ​ការ​ប្ដឹង​ជំទាស់​នេះ ​គឺ​ជា​ការ​សម្រេច​ចិត្តរ​ប​ស់​លោក​ រ៉ាត់​ រ័ត្ន​មុនី​ ដែល​មិន​ពេញចិត្ត​នឹង​សេច​ក្ដី​ស​ម្រេច​របស់​សាលា​ឧទ្ធរណ៍។

លោក ​ទិ​ត្យ​សីហា ​បញ្ជាក់​ថា​៖​​ «​បទ​ល្មើស​គាត់​ហ្នឹង​វា​មិន​មាន​ព្យស​ន​កម្ម​ធ្ងន់​ធ្ងរ​អ្វី​ដល់​សណ្ដាប់​ធ្នាប់​ខ្លាំង​ទេ​ ហើយ​ក៏​មិន​មាន​​ការ​គំរាម​កំហែង​ដល់​ជន​ណា​ម្នាក់​ដែរ។​ អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ ​គឺ​រឿង​នីតិ​វិធី​របស់​តុលា​ការ​នោះ​ គឺ​មិន​ចាំ​បាច់​​ទៅ​​ឃុំ​ខ្លួន​​ជន​ត្រូវ​ចោទ​នោះទេ​ ដោយ​ទុក​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ ​ហើយ​បន្ត​ការ​ស៊ើប​អង្កេត​តាម​ក្រោយ​ទៀត​ទៅ»។

​លោក នុត ​សវ​នា ​អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គា​រ​នៃ​ក្រសួង​មហា​ផ្ទៃ ​កាល​ពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ​។ ចំណែក​ភាគី​តំ​ណាង​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក៏​មិន​ទាន់​បាន​ឆ្លើយ​តប​តាម​សារ​អេឡិច​ត្រូ​និក​ ហើយ​ក៏​មិន​បាន​ចេញ​មក​ជួប​ក្រុម​អ្នក​តវ៉ា​នៅ​ខាង​មុខ​ស្ថាន​ទូត​ខ្លួន​ដែរ។

​លោក​ ស៊ឹង​ សែន​ករុណា ​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​សមា​គម​អាដ​ហុក ​(ADHOC)​ បាន​អះ​​​អាង​ថា​ ចំពោះ​អ្នក​ទោ​ស​​មនសិការ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ផ្សេងៗ​គ្នា​នោះ​ គឺ​គេ​សង្កេត​ឃើញ​តែង​តែ​ពន្យារ​ពេល​ស៊ើប​អង្កេត​ ព្រម​ទាំង​​ភ័ស្ដុ​តាង​នៅ​មាន​មតិ​សង្ស័យ​ជា​ច្រើន​ដែល​មិន​អាច​ដាក់​បន្ទុក​ដោយ​ច្បាស់​លាស់។

​លោក​បញ្ជាក់​ថា៖​ «​​យើង​ឃើញ​ថា ​ឃុំ​មនុស្ស​ហ្នឹង ​៤ ​ឬ ៥ ​ឆ្នាំ ​ហើយ​រក​ទោស​កំហុស​មិន​ឃើញ ​ក៏​ដោះលែង​វិញ​ ធ្វើ​បែប​នេះ ​វា​រំលោភ​លើ​សិទ្ធិ​ពល​រដ្ឋ​ខ្លាំង​ណាស់​»​។​

គួរ​រំឭក​ថា លោក​ រ័ត្ន​មុនី​ ត្រូវ​បាន​អាជ្ញា​ធរ​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​ ៧ ​ខែ​ធ្នូ​ ឆ្នាំ​ ២០១៨​ តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​កម្ពុជា​ ហើយ​បាន​បញ្ជូន​មក​កម្ពុជា​វិញ ​ពាក់​ព័ន្ធ​ករណី​ផលិត​ភាព​យន្ត​ឯក​សារ​ដែល​និយាយ​អំពី​ការ​លក់​ព្រហ្មចារី​។​ ​

វី​​ដេ​អូ​ឯក​សារ​នោះ​ជា​ការ​ប្រឌិត​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រពៃ​ណី​កម្ពុជា៕