បាត់ដំបង/បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ដ​បាត់ដំបង និង​បន្ទាយមានជ័យ​នៃ​ប្រទេស​កម្ពុជា​តាម​បណ្ដោយ​ព្រំដែន​អះអាង​ថា ការរាយ​របង​បន្លា​លួស​របស់​ភាគី​ថៃ គឺ​ធ្វើ​ឡើង​នៅលើ​ទឹកដី​ថៃ​តែ​ប៉ុណ្ណោះ និង​នៅ​ឆ្ងាយ​ពី​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ មិន​ប៉ះពាល់​ដល់​ដែនដី​កម្ពុជា​នោះ​ឡើយ​។

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក​ អាត់ ខែម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៤ កក្កដា ថា​តាមរយៈ​ការផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​ព័ត៌មាន និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ១៣ និង​ ១៤ ខែកក្កដា​ ពី​ការរាយបន្លា​លួស​នេះ​គឺជា​ព័ត៌មាន​ពិតមែន​។ ប៉ុន្ដែ​ការរាយបន្លា​លួស​នេះ​គឺ​ភាគី​ថៃ​បាន​រាយ​នៅលើ​តែ​ទឹកដី​របស់​ខ្លួន​នៅ​តាម​ថ្នល់ជាតិ និង​ច្រកចេញចូល​របៀង​មួយ​ចំនួន​ដើម្បី​ការពារ​ពលរដ្ឋ​លួច​ចេញចូល​ខុសច្បាប់​។

លោក​បាន​ថ្លែងថា​៖ «​គេ​រាយ​នៅ​ផ្លូវ​កៅស៊ូ​របស់គេ​។ គេ​មិនមែន​យក​មក​រាយ​តាម​ព្រំដែន​ទេ​។ នៅ​ច្រក​ណា​ដែល​គេ​យាម​មិន​ដល់​គេ​ដាក់​បន្លា​លួស​នេះ​។ គេ​ធ្វើ​នៅលើ​ដី​គេ នៅ​ឆ្ងាយ​ពី​ព្រំដែន​ឆ្ងាយ​ណាស់​នៅ​ថ្នល់​កៅស៊ូ​របស់គេ​ឯណោះ​មិនមាន​រឿង​អ្វី​ត្រូវ​រាយការណ៍​មក​យើង​ទេ​»​។

លោកស្នងការ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​ខេត្ដ​បន្ទាយមានជ័យ​បាន​ខិតខំ​ទប់ស្កាត់​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​លួច​ធ្វើ​ចំណាកស្រុក​តាម​ច្រកព្រំដែន​ទៅកាន់​ប្រទេស​ថៃ​ទេ​។ ប៉ុន្ដែ​មាន​ពលរដ្ឋ​មួយចំនួន​នៅតែ​លួច​ចូលទៅ​នៅពេល​យប់ ដែល​បង្ក​ការលំបាក​ក្នុង​ការទប់ស្កាត់​។

លោក​ អាត់ ខែម ថ្លែង​ថា​៖ «​តាម​ដំណឹង​ពី​ខាងក្នុង​មក​ (​ប្រទេស​ថៃ​) ​មាន​ការណាត់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ទៅ​ធ្វើ​ការងារ​នៅ​ទីនោះ​ចេះ​តែ​មាន​។ ខាង​ព្រំដែន ទីនេះ​មាន​ការលំបាក​ក្នុង​ការទប់ស្កាត់​ពួកគាត់ ពិសេស​ពី​ចំណុច​ព្រំដែន​ប៉ោយប៉ែត​ទៅកាន់​ជួរភ្នំ​ដងរែក​តាម​ភាគ​ខាងជើង​»​។

លោក​ សឿម ប៊ុនរិទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់​កាលពី​ថ្ងៃទី​ ១៤ កក្កដា​ ដែរ​ថា ពលរដ្ឋ​ខ្មែរ​នៅតែ​លួច​ធ្វើ​ចំណាកស្រុក​ទៅ​តាម​ច្រកព្រំដែន​បាត់ដំបង ពិសេស​លួច​ចូល​ទៅ​ពេលយប់​ដូច​នៅ​ខេត្ដ​បន្ទាយមានជ័យ​ដែរ ប៉ុន្ដែ​មិន​មាន​ចំនួន​ច្រើន​ទេ​។

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​សុំ​ការយោគយល់​គ្នា​ជាមួយ​ខេត្ដ​ជាប់​ព្រំដែន​ជាមួយ​ភាគី​ថៃ​លើ​រឿងនេះ​ក្នុង​ការសហការ​គ្នា​។ បើ​ចាប់​បាន​ពលរដ្ឋ​ខ្មែរ​លួច​ធ្វើ​ចំណាកស្រុក​ឱ្យជួយ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ រួច​យើង​ក៏​ធ្វើ​ចត្ដាឡីស័ក​ពួកគាត់​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​»​។

លោក​អភិបាលរង​បាន​ថ្លែងថា នៅតាម​ក្បែរ​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្ដ​បាត់ដំបង​មិនទាន់​ឃើញ​មាន​ការរាយបន្លា​លួស​របស់​ភាគី​ថៃ​នោះទេ​។ លោក​អះអាង​ថា លោក​បាន​ទៅ​ព្រំដែន​នៅ​តំបន់ភ្នំ​ព្រឹក​កាលពី​ពេល​ថ្មីៗ​ក៏បាន​ទទួល​ព័ត៌មាន និង​មិនឃើញ​មាន​ការរាយ​បន្លា​លួស​របស់​ភាគី​ថៃ​នៅក្បែរ​បន្ទាត់​ព្រំដែន​ក្នុង​ដែនដី​ខេត្ដ​បាត់ដំបង​នោះដែរ​។

លោក​ តូច រ៉ា នាយសេនាធិការរង​យោធភូមិភាគ​ទី​ ៤ និង​ជា​ប្រធានការិយាល័យ​ទំនាក់ទំនង​កិច្ចការ​ព្រំដែន​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ជាំ​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា នៅ​ច្រកព្រំដែន​នេះ​ប្រជាពលរដ្ឋ​កម្ពុជា-ថៃ​​នៅ​មាន​ការធ្វើ​ចរាចរណ៍​ពាណិជ្ជកម្ម​ដោយ​ដឹកទំនិញ​ទៅវិញ​ទៅមក​។ ប៉ុន្ដែ​មិន​មាន​ការបើក​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​នោះទេ​។

លោក​បាន​ថ្លែងថា​៖ «​នៅ​តាម​ច្រកព្រំដែន យើង​និយាយ​គ្នា​ជាមួយ​ភាគី​ថៃ​ហើយ​ថា អ្វី​ក៏ដោយ គឺ​មិន​ត្រូវ​ឱ្យ​មាន​ការប្រែប្រួល​ខុសពី​សភាព​ដើមឡើយ ពី​មុន​យ៉ាងម៉េច​គឺ​រក្សា​ដដែល​»​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លើកឡើង​ថា សកម្មភាព​រាយបន្លា​លួស​នេះ​គឺ​ស្ថិតក្នុង​ទិដ្ឋភាព​ ២ គឺ​ទី​១ ​ប្រទេស​ថៃ ​មាន​ការបារម្ភ​អំពី​បញ្ហា​ជំងឺ​កូវីដ​ ១៩​។ ព្រោះ​ពិបាក​កំណត់​ថា​អ្នកណាម្នាក់​មាន​ឆ្លង​មេរោគ​នេះ​ឬ​អត់​ព្រោះ​កន្លងមក​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ប្រើ​ផ្លូវ​កាត់​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ដូច្នេះ​ការរាយបន្លា​លួស​នេះ​អាច​ជា​របង​ការពារ​។

លោក​បន្ដថា​៖ «​ទី២ ​ក្នុង​នាម​យើង​ជា​ខ្មែរ​យើង​ក៏ត្រូវ​ដឹង​ដែរ​ថា ការរាយបនា្ល​លួស​នោះ​ក្នុង​ន័យ​ការពារ​ប្រជាពលរដ្ឋ​យើង​ក្នុង​ការឆ្លងដែន​ខុសច្បាប់​ទៅ​ស្រុក​គេ​មែន ឬ​ក៏​ជា​លេស​មួយ​ដើម្បី​ដាក់​លួស​នេះ​ទាមទារ​រឿង​អ្វី​ផ្សេង ដូចដែល​យើង​បានឃើញ​កន្លងមក​ដែល​ខ្មែរ​យើង​បាន​ប្រឈមមុខ​»៕