កំពង់ស្ពឺៈ អ្នកស្រី នួន ច័ន្ទមករា ភាគី​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​អស់​រយៈពេល​ ៥ ​ឆ្នាំ​មកហើយ ​បាន​សន្យា​នៅ​ចំពោះមុខ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​ជំនួយការ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​នឹង​ប្រគល់​ដី​ទៅឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទិញ​ដី​ចំនួន​ជាង ៣០ ​គ្រួសារ​វិញ​។ នេះ​បើតាម​លោក​ វ៉ី សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​។

លោក វ៉ី សំណាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៥ ខែឧសភា​ ថា អ្នកស្រី ច័ន្ទមករា បានប្រកាស​នៅ​ចំពោះមុខ​មន្ត្រី​ជាច្រើន​រូប​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃទី​ ២៥ ខែឧសភា​ ថា អ្នកស្រី​នឹង​រង់ចាំ​ដោះស្រាយ​ប្រគល់​ដី​ជូន​ក្រុម​ពលរដ្ឋ​ដែល​បាន​ទិញ​ដី​របស់​អ្នកស្រី​ទំហំ ១ ១០០ ​ហិកតា ​កាលពី​ឆ្នាំ​ ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​ដំបូករូង ស្រុក​ភ្នំស្រួច​។

លោក​ថា​៖ «​គាត់​បាន​សន្យា​នៅ​នឹង​មុខ​ក្រុម​ការងារ​ដែលមាន​ឯកឧត្តម ដួង តារា ​ជំនួយការ​ផ្ទាល់​របស់​សម្ដេច​តេជោ ហើយ​ខ្ញុំ​នៅ​ហ្នឹង​រួមទាំង​ក្រុមការងារ​ជាច្រើន​ទៀត​គឺ​គាត់​ប្រកាស​ជា​ឱឡារិក​ថា គាត់​នឹង​ឈរ​ដោះស្រាយ​វិវាទ​ជាមួយ​បងប្អូន​ដែល​បាន​ទិញ​ដី​តាមរយៈ​គាត់​ហ្នឹង ជា​លុយ​ក៏បាន ជា​ដី​វិញ​ក៏បាន​។ អ្នកត្រូវការ​ដី គាត់​ឱ្យ​ដី អ្នក​ត្រូវការ​លុយ គាត់​ឱ្យ​លុយ​ហើយ​គាត់​មិន​រត់​ទៅណា​ទេ គឺ​ឈរ​ដោះស្រាយ​ឱ្យ​»​។

កាលពី​ថ្ងៃទី​ ២១ ខែឧសភា លោក​ ដួង តារា ​ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា អ្នកស្រី នួន ច័ន្ទមករា ដែលមាន​ជម្លោះដីធ្លី​ជាង​ ១ ១០០ ​ហិកតា​ អស់​រយៈពេល​ ៥ ​ឆ្នាំ​នៅ​តុលាការ​ជាមួយ​ប្ដី​ដែល​មិន​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ឈ្មោះ Rainer Maria Wollny ជា​ជនជាតិ​អាល្លឺម៉ង់​គឺ​ភាគី​ទាំង​ ២ ​បាន​សម្រេច​បញ្ចប់រឿង​នៅ​តុលាការ ដើម្បី​ទទួល​ដំណោះស្រាយ​ឈ្នះៗ​របស់​លោក ហ៊ុន សែន ​ដោយ​ឯកភាព​គ្នា​ទទួលយក​ដី​នេះ​ចំនួន​ ៥០ ​ភាគរយ​ម្នាក់​។

ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២២ ​ខែ​ឧសភា ពលរដ្ឋ​ចំនួន​ ៣៨ ​គ្រួសារ​ ដែល​អះអាងថា​បាន​ទិញ​ដី​ជាង ៧៧៩ ​ហិកតា ​ក្នុងតម្លៃ​ជាង ១​ លាន​ ១ ​សែន​ដុល្លារ​ នៅ​ភូមិ​ទឹកល្អក់ ពី​អ្នកស្រី នួន ច័ន្ទមករា បាន​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​លោក ហ៊ុន សែន បន្ទាប់ពី​ពួកគាត់​ដឹងថា លោកស្រី ច័ន្ទមករា និង​ប្ដី​បាន​ព្រមព្រៀងគ្នា​ចែក​ដី​គ្នា ៥០% ​ម្នាក់​ហើយ​មិនបាន​ដោះស្រាយ​ដី​ជាមួយ​ពួកគាត់​។

ក្នុង​ញតិ្ត​នោះ​ពលរដ្ឋ​បាន​បន្តថា ដី​ជាង​ ៧ ​រយ​ហិកតា​នោះ ​គឺ​បាន​ទិញ​ដោយមាន​មេភូមិ-មេឃុំ និង​ស្រុក​ទទួលស្គាល់ និង​បាន​កាន់កាប់​អស់​រយៈពេល​ ៤ ​ឆ្នាំ​ ដោយ​បាន​ធ្វើ​ផ្លូវ​ក្រួស​ក្រហម ភ្ជួររាស់ ជីក​ប្រឡាយ ជីក​ស្រះ និង​ដាំ​ដំណាំ​ផ្សេងៗ ដែល​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ ៦ ​លាន​ ២ ​សែន​ដុល្លារ​ថែមទៀត​។

ពលរដ្ឋ​ទាំងនេះ​បន្តថា ប៉ុន្តែ​នៅ​ខែមេសា ឆ្នាំ​ ២០១៩ លោក Rainer Maria Wollny ប្រធាន​ក្រុមហ៊ុន Delta W Trading Co. Ltd បាន​ប្ដឹង​ពួកគាត់​សុំ​ទាមទារ​យក​ដី​ទាំងនោះ​វិញ និង​ថែមទាំង​បាន​ប្ដឹង​ប្រពន្ធ​របស់ខ្លួន​ថា បាន​ក្លែង​ឯកសារ ដើម្បី​លួច​លក់​ដី​ទាំងនោះ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​អ្នកស្រី ច័ន្ទមករា បាន​ទេ​ដោយ​អ្នកស្រី​ថ្លែងថា​ជាប់រវល់​ធ្វើដំណើរ​។

ចំណែក​លោក ផុន ធារិន មេធាវី​លោក Rainer Maria Wollny បាន​បញ្ជាក់ថា ដោយសារ​ក្ដីស្រឡាញ់​ប្រទេស​កម្ពុជា កូនក្ដី​របស់​លោក​បាន​ធ្វើដំណើរ​មក​រស់នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០០៤ ​ហើយ​បាន​បើក​ក្រុមហ៊ុន​មួយ ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម ដោយ​បាន​ទិញ​ដី​ជាង ១ ១០០ ​ហិកតា​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក​ថា អ្នកស្រី ច័ន្ទមករា គឺ​បាន​បម្រើ​ការងារ​ជា​អ្នកគ្រប់គ្រង​ទូទៅ និង​ទទួលបន្ទុក​ខាង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន Delta W Trading Co. Ltd ព្រមទាំង​បាន​ស្រឡាញ់ និង​រស់នៅ​ជាមួយ​លោក​ Rainer Maria Wollny​។

លោក​បន្ថែមថា ប្ដី​ប្រពន្ធ​ដែល​មិនបាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​នេះ​បាន​កើតមាន​វិវាទ​រឿង​ដីធ្លី​ជាមួយ​គ្នា បន្ទាប់ពី​មាន​ករណី​លួច​ឯកសារ​របស់​ក្រុមហ៊ុន​ទាំងអស់​រួមទាំង​ឯក​សារបណ្ណ​កម្មសិទ្ធិ​ដី​ផង​កាលពី​ចុង​ឆ្នាំ​ ២០១៥ ហើយ​ក្រោយមក​ខាង​ភាគី​ប្រពន្ធ​បាន​ក្លែង​ឯកសារ​ថា ក្រុមហ៊ុន​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ខ្លួន​ឈរឈ្មោះ​លក់​ដី​ទាំងនោះ​។

លោក​មេធាវី​បញ្ជាក់ថា មូលហេតុ​ដែល​កូនក្ដី​របស់លោក​ព្រម​ទទួលយក​ដំណោះស្រាយ​យក​ដី​តែ​ ៥០% ​មកវិញ​គឺ​ដោយសារ​លោក Rainer Maria Wollny មាន​វ័យ​កាន់តែ​ចាស់ និង​ចង់​ប្រើប្រាស់​ពេលវេលា​ចុងក្រោយ​នៃ​ជីវិត​ដើម្បី​ផ្ដោត​ទៅលើ​ការវិនិយោគ​វិស័យ​កសិកម្ម​ដែល​លោក​ស្រឡាញ់​។

លោក​ថា​៖ «​ខាង​ខ្ញុំ​ដោយសារ​យក​គោលការណ៍​សុខដុម​បនីយកម្ម​គឺ​បាន​ឯកភាព​ដើម្បី​បញ្ចប់រឿង ដោយសារ​គាត់​មាន​អាយុ​ ៧៤ ​ឆ្នាំ​ហើយ​។ គាត់​គិតថា គាត់​ចង់​ប្រើប្រាស់​ពេលវេលា​ ឬ​ជីវិតចុងក្រោយ​ទៅលើ​រឿងក្ដីក្ដាំ​នៅ​តុលាការ​ទៀត​ទេ ដោយ​សុខចិត្ត​ត្រឡប់មក​ចូលរួម​អភិវឌ្ឍ​រួមចំណែក​ជាមួយ​ប្រទេស​កម្ពុជា​វិញ ជាពិសេស​លើ​វិស័យ​កសិកម្ម​»​។

លោក វ៉ី សំណាង បញ្ជាក់​ទៀត​ថា​ខាង​ខេត្ត​នឹង​រង់ចាំ​ជួយ​ដោះស្រាយ​បន្តទៀត នៅពេល​មាន​សំណើ​ពី​ពលរដ្ឋ​ជាង​ ៣០ ​គ្រួសារ​ ដែល​កំពុង​ទាមទារ​ដី​ពី​អ្នកស្រី ច័ន្ទមករា មកវិញ​៕