ភ្នំពេញៈ តំណាង ១៨០​ នាក់​​ នៃ​ភាគី​ពាក់​ព័ន្ធ​​ បាន​ចូល​រួម​​វេទិកា​​ថ្នាក់​តំបន់​​​រយៈ​ពេល​ ២ ​ថ្ងៃ​ ​របស់​គណៈ​កម្មការ​ទន្លេ​មេ​គង្គ​ចាប់​ពី​ថ្ងៃ​ទី ​២០ ​ដល់​​ថ្ងៃ​ទី ២​១​ ខែ​ ឧសភា ឆ្នាំ​ ២០១៩​ ដើម្បី​រៀន​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​​បច្ចុប្បន្ន​ និង​​ស្វែងរក​ដំណោះ​ស្រាយ​ប្រសើរ​​ជាង​មុន ​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​បន្ទាន់​​​នៃ​បញ្ហា​ទន្លេ​មេ​គង្គ​​។ នេះ​បើ​​តាម​​​សេចក្តី​ប្រកា​ស​ព័ត៌មាន​​​ របស់​លេខា​ធិការ​ដ្ឋាន​​ ​គណៈ​កម្មការ​ទន្លេ​មេគង្គ​​​​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ ឡាវ។

លោក An Pich Hatda អគ្គ​នាយក ​​នៃ​លេខា​ធិការ​ដ្ឋា​ន​គណៈ​កម្មការ​ទន្លេ​មេគង្គ​​​​ ត្រូវ​បាន​ស្រង់​សម្តី​​​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​​​មាន​ការ​ងារ​ច្រើន​បន្ថែម​ទៀត​ ដែល​ត្រូវ​ធ្វើ ​​ដើម្បី​ផ្តល់​ការ​ឆ្លើយ​តប​ទូលំ​ទូលាយ​​ ចំពោះ​ការ​ប្រែ​​ប្រួល​​អាកាស​ធាតុ​ កាត់​បន្ថយ​ហានិភ័យ​ទឹក​ជំនន់​​ និង​ភាព​រាំង​ស្ងួត​ ​ការ​ពារ​ទ្រព្យ​សម្បត្តិ​បរិស្ថាន​​និង​បង្កើន​អត្ថ​ប្រយោ​​ជន៍​នៅ​ទូទាំង​​អាង​ទន្លេ​។ ការសម្រេច​គោលដៅ​ទាំង​នេះ​ គឺ​សំខាន់​​​ និង​បន្ទាន់​ខណៈ​ចំនួន​ប្រជា​ជន​ និង​សេដ្ឋ​កិច្ច​មាន​ការ​កើន​ឡើង​ ហើយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បន្ត​កើត​មាន»។

លោក​បន្ត​ថា​៖ «​​នេះ​ជា​មូលហេតុ​ដែល​​គណៈ​កម្មការ​ទន្លេ​មេ​គង្គបាន​និង​កំពុង​ធ្វើ​ការ​ផ្តល់​​​ខ្លាំង​ជាង​មុន​ ​និង​ច្រើន​ជាង​មុន​ ដែល​មិន​ធ្លាប់​មាន​លើ​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ព្រំ​ដែន​ ​និង​គម្រោង​រួម​គ្នា​​ ក្នុង​ចំណោម​​និង​រវាង​បណ្តា​ប្រទេ​ស​សមាជិក​។ យើង​ប្តេជ្ញា​ចិត្ត​​គាំ​ទ្រ​​ប្រទេស​សមាជិក​របស់​យើង​និ​ង​​ប្រជា​ជន​របស់​យើង ​​​ក្នុង​​ការ​ផ្លាស់​ប្តូរ​ពី​ជម្លោះ​​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​​ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​​ដែល​អាច​ធ្វើ​ទៅ​បាន»។

តំណាង​ពី​ប្រទេស​ កម្ពុជា​ ឡាវ ថៃ វៀត​ណាម ចិន និង​មីយ៉ាន់​ម៉ា ​ស្ថាប័ន​ស្រាវ​ជ្រាវ វិស័យ​ឯក​ជន​ ​ដៃ​គូ​អភិវឌ្ឍ​ន៍ ​និង​អង្គការ​សង្គម​ស៊ីវិល​ ​បាន​ចូលរួម​​ព្រឹត្តិការណ៍​នេះ។

លទ្ធ​ផល​​ និង​មេ​រៀន​​ដែល​បាន​រៀន​​នៅ​ក្នុងការ​ធ្វើ​ការ​ងារ​រួម​គ្នា​​ លើ​បញ្ហា​ឆ្លង​ព្រំ​ដែន ​ផល​ប៉ះ​ពាល់ និង​ឱកាស​នៃ​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​សមា​ហ​រណកម្ម​​ទន្លេ​មេគង្គ​របស់​គណៈកម្មការ​ទន្លេ​មេ​គង្គ​ ​ដែល​ផ្តល់​មូលនិធិ​ដោយ​ធនាគារ​ពិភពលោក ​ត្រូវ​បាន​លើក​ឡើង​សម្រា​ប់​​ការ​ពិភាក្សា​​ នៅ​ក្នុង​វេទិកា​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

តាម​រយៈ​គម្រោង​នេះប្រទេ​ស​​ កម្ពុជា ឡាវ ថៃ និង​វៀត​ណាម ​​បាន​សហការ​គ្នា​​ លើ​​គំនិត​ផ្តួច​ផ្តើម​​ទ្វេ​ភាគី​​ចំនួន​ ៥ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ​​​ដើម្បី​លើក​កម្ព​ស់​​កិច្ច​ពិភាក្សា​​អន្តរ​ព្រំ​ដែន​​ និង​កែ​លម្អ​ការ​អនុវត្ត​ការ​គ្រប់​គ្រង​ធនធាន​ទឹក​​សមាហរណ​កម្ម​​​ នៅ​​អនុ​កម្រិត អាង​ទន្លេ​ ដូច​ជា​នៅ​ទន្លេ​ សេកុង សេសាន ស្រែ​ពក ដី​សណ្ត​មេ​គង្គ​ Xe Bang Hien, Nam Kam, Sokhla និង​ទន្លេ​សាប​។ នេះ​បើ​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន។

​សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ​​​ឲ្យ​ដឹង​ថា​៖ «​សមិទ្ធ​ផល​រឹង​មាំ​ដែល​សម្រេច​បាន​រហូត​មក​ដល់​​ពេល​នេះ​​រួម​មាន​​​ការ​យល់ដឹង​រួម​គ្នា​អំពី​បញ្ហា​ យន្ត​ការ​សម្រប​សម្រួល​​អន្តរ​ព្រំ​ដែន​ ​ផែន​ការ​សកម្ម​ភាព​រួម​គ្នា​​ ​ការ​ពង្រឹង​ទិន្នន័យ​ និង​ការ​ដោះ​ដូរ​ព័ត៌មាន​និង​ការ​ទំនាក់​ទំនង»។

សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ​បន្ត​ថា ​វិស័យ​ផ្តោត​សំខាន់​ ៣ ​​​ដែល​ត្រូវ​បាន​ពិភាក្សា​​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់​​នៅ​ក្នុង​វេទិកា​នេះ​រួម​មាន​ កិច្ច​សហការ​វិជ្ជ​មាន ​​និង​តម្លា​ភាព​​ នៃ​លទ្ធ​ផល​​​ដែល​ត្រូវ​ចែក​រំលែក​ជា​មួយ​បណ្តា​ប្រទេស​ទន្លេ​មេ​គង្គ​ ការ​កែ​លម្អប្រព័ន្ធ​​​ព័ត៌មាន ​និង​ទិន្នន័យ​របស់​គណៈ​កម្មការ​ទន្លេ​មេ​គង្គ​​ដោយ​ប្រើ​​បច្ចេក​វិទ្យា​អភិវឌ្ឍ​កម្រិត​ខ្ពស់​​​ដើម្បី​កែ​លម្អ​​ទិន្នន័យ​និង​ការ​ចែក​​រំលែក​ព័ត៌មាន​ និង​ការ​ផ្សព្វ​ផ្សាយ​​​អំពី​ការ​គ្រប់គ្រង​ធនធាន​ទឹក​ និង​​​ការ​ចែក​រំលែក​អត្ថ​​ប្រយោជន៍​ និង​ការ​ចំណាយ​​ដែ​ល​ត្រូវ​រួម​បញ្ចូល​ទៅ​ក្នុង​ការ​​តាក់​តែង​ផែន​ការ​​និង​ការ​អនុវត្ត​គម្រោង។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​​រដ្ឋា​ភិបាល​កម្ពុជា​​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​ថា លោក​បា​ន​​ស្នើ​សុំ​នៅ​ក្នុង​វេទិកា​របស់​គណៈ​​កម្មការ​ទន្លេ​មេ​គង្គ​​​ឲ្យ​រួម​បញ្ចូល​​អង្គការ​​ និង​សហគមន៍​ដែល​មាន​នៅ​ក្នុង​មូល​ដ្ឋាន​ស្រាប់​​នៅ​ក្នុង​​តំបន់​ រួម​ទាំង​សហគមន៍​នេសាទ​ សហគមន៍​គ្រប់គ្រង​ធនធាន​ទឹក​​ទៅ​ក្នុង​​រចនា​សម្ព័ន្ធ​គម្រោង​​នៃ​យន្តការ​អង្គការ​ថ្មី។

លោក​បាន​ថ្លែង​ថា៖ «​​នៅ​ពេល​​​បញ្ចូល​ពួក​គេ​ទៅ​ក្នុង​រចនា​សម្ព័ន្ធ​ គឺ​ជា​ពេល​ដែល​នឹង​អាច​ទទួល​បាន​ព័ត៌​​មាននិង​យក​ព័ត៌​មាន​​នេះ​ សម្រា​ប់​អភិវឌ្ឍហើយ​ពួក​គេ​អាច​ផ្តល់​ព័ត៌​មាន​​ពាក់​ព័ន្ធ​​នឹង​ទិដ្ឋភាព​​អភិវឌ្ឍន៍​ទៅ​អ្នក​អភិវឌ្ឍន៍»។

​លោក​ក៏​​ស្នើ​ផង​ដែរ ​ឲ្យ​រួម​បញ្ចូល​ការ​ចែក​រំលែក​ព័ត៌​មាន ​និង​ទិន្នន័យ​​ទឹក ​​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​​ ហើយ​​អ្នក​អភិវឌ្ឍ​ន៍វារី​អគ្គិសនី​​ និង​គណៈ​កម្មការ​ទន្លេ​មេគង្គ​​ ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ឲ្យ​​អ្នក​អភិវឌ្ឍ​​វា​រី​​អគ្គិសនី​​ផ្តល់​ព័ត៌​មាន​អំពី​ម៉ោង​បើក​និងបិទ​ទឹក​និង​ការ​គ្រប់គ្រង។

លោក​​បន្ត​ថា​៖ «​​ព័ត៌​មាន​នេះ​ត្រូវ​តែ​បក​ប្រែ​ទៅ​ជា​បួន​ភាសា​​នៅ​ពេល​តែ​មួយ​​ដោយ​ស្វ័យ​ប្រវត្តិ​ ​ហើយ​​កម្មវិធី​នេះ​ត្រូវ​តែ​ផលិត​ឡើង ​នៅ​លើ​ទូរស័ព្ទ​ឆ្លាត​​វៃ​ ​​ដែល​អាច​បញ្ជូនព័ត៌​មាន​នៅ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​»។ «​​នៅ​ពេល​ប្រជា​ជន​ដឹង​អំពី​ព័ត៌​មាន​​​នេះ​ ​ពួកគេ​នឹង​អាច​រៀបចំ​ខ្លួន​បាន​យ៉ាង​ល្អ»។

លោក​ក៏​បាន​ស្នើ​ផង​ដែរ​ ឲ្យ​អ្នក​ចូល​រួម​វេទិកា​នេះ​​​ គ្រប់​គ្រង​ធន​ធាន​ជល​ផល​​ឲ្យបាន​ល្អ​នៅ​ក្នុង​អាង​ទន្លេ​មេ​គង្គ​ និង​ដី​សណ្ត​ ដើម្បី​ធានា​ដល់​ការ​ពងកូន​របស់​​ត្រី​នៅ​ក្នុង​ទន្លេ​ ខេត្ត​ក្រចេះ​ និង​ស្ទឹងត្រែង។

លោក​ថា គណៈ​កម្មការ​ទន្លេមេ​គង្គ​​ប្តេជ្ញា​​​យក​សំណើ​ទាំង​អស់​រប​ស់​លោក​ទៅ​ពិភាក្សា​បន្ថែម​ និង​​ចាត់​ចំណាត់​ការ​​ ខណៈ​គណៈ​កម្មការ​ទន្លេមេគង្គ​​អាច​ធ្វើ​ផ្អែក​លើ​ធនធាន​ដែល​ខ្លួន​មាន៕