ភ្នំពេញៈ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC)​​ បាន​ផ្អាកការ​ចរចា​ជា​មួយ​​ក្រុម​​ប្រឹក្សា​ចរចា​​តំណាង​​ភាគី​សហ​​​ជីព​​ (TUSCBA)​ ជា​លើក​ទី​២​ ដោយ​សារ​តែ​ភាព​មិន​ច្បាស់​​លាស់​​ ​​ជុំ​វិញ​បញ្ហា​ព្យួរ ឬមិន​ព្យួរ ​គម្រោង​អនុ​គ្រោះ​ពន្ធ​​លើ​​ទំនិ​ញ​គ្រប់​ប្រភេទ​​​លើក​លែង​តែ​គ្រឿង​​សព្វាវុធ (EBA) ពី​សហភាព​អឺរ៉ុប។

យោង​តាម​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​​ ១៥ ខែ ​កក្កដា ​ចេញ​ដោយ​​លោក ខេន លូ អគ្គ​លេខា​ធិការ​នៃ​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​​បា​ន​បញ្ជាក់​ជា​ថ្មី​ អំពី​សំណើ​សុំ​ផ្អាកការ​ពិភាក្សា​ជា​មួយ​​ក្រុម​ប្រឹក្សា​ចរចា​​តំណា​ង​​ភាគី​សហជីព (TUSCBA)។

លោក ខេន លូ បាន​ថ្លែង​ថា៖ «គណៈ​កម្មាធិការ​ប្រតិបត្តិ​​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​ យល់​ឃើញ​ថា​ ភាព​មិន​ច្បាស់​លាស់​ ជុំ​វិញ​បញ្ហា​ដក​គម្រោង​អនុ​គ្រោះ​ពន្ធ​​ លើ​គ្រប់​មុខ​ទំនិញ​​លើក​លែង​តែ​គ្រឿង​សព្វា​វុធ ​(EBA)​ មាន​ន័យ​ថា​ ​យើង​មិន​ស្ថិត​នៅ​ក្នុង​ជំហរ​ណា​មួយ​​ ដែល​ត្រូវ​​ធ្វើ​ការ​ចរចា​សំខាន់​ៗ​ណា​មួយ ​​ដែល​នឹង​​ប៉ះ​ពាល់​​ដល់​ឧស្សាហកម្ម​​នេះទេ។

យើង​ទន្ទឹង​រង់​ចាំ​ចូល​រួម​ការ​ចរចា​ អនុសញ្ញា​រួម​ថ្នាក់​វិស័យ​ឡើង​វិញ​​នៅ​ពេល​យើង​មាន​​ភាព​ច្បាស់​លាស់​​អំពី​បញ្ហា​​ EBA»។ «សមាគម​សូម​បញ្ជាក់​សា​ជា​ថ្មី​ថា​ សមាគម​នៅ​តែ​បន្ត​សហ​ការ​ជា​មួយ​អ្នក​​ពាក់​ព័ន្ធ​ទាំងអស់​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ប្រកួត​ប្រជែង ​របស់​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ​ស្បែក​ជើង​ និង​កាបូប​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា»។

បើ​យោង​តាម​លិខិត​របស់​ TUSCBA ចុះ​ថ្ងៃ​ទី​ ១២ ខែ​ កក្កដា ឆ្នាំ ២០១៩ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ធ្លាប់​បាន​ផ្អាកសំណើ​សុំ​ចរចា​​របស់​ TUSCBA​ ម្តង​រួច​ហើយ​ កាល​ពី​​ខែ​មីនា។ TUSCBA​ បាន​ថ្លែង​ថា សេចក្តី​សម្រេច​ផ្អាក​ការ​ចរចា​​បាន​ធ្វើ​ឲ្យ​ភាព​រីក​ចម្រើន​ នៃ​ការ​ចរចា​​ស្ថិត​នៅ​ក្នុង​ហានិភ័យ។

TUSCBA​ បាន​ថ្លែង​ថា ​ភាព​មិន​ច្បាស់​​លាស់​​ ដែល​កើត​ចេញ​ពី​​ដំណើរ​ការ​ដក​ EBA ​អាច​ប៉ះពាល់​​កិច្ច​ព្រម​ព្រៀង​នា​ពេល​អនា​គត​ ប៉ុន្តែ​ពួក​គេ​ជឿ​ថា ភាព​មិន​ច្បាស់​​លាស់​នោះ​​អាច​នឹង​​ដោះ​ស្រា​យ​​បាន​​តាម​រយៈ​កិច្ចសន្ទនា​​ទៅវិញ​ទៅមក។

លិខិត​របស់ TUSCBA​ ​បាន​ថ្លែង​ថា​៖ «​យើង​បន្ត​ជឿ​​ជាក់​ថា ​​ការ​ចូល​រួម​​ពិភាក្សា​រវាង​និយោជក ​​និង​សហជីព​​អំពី​អនុ​សញ្ញា​រួម​​ នឹង​​ជា​សញ្ញា​វិជ្ជ​មាន​​មួយ​​ ទៅ​សហភាព​អឺរ៉ុប​​​ អំពី​ការ​ប្តេជ្ញា​ចិត្ត​​របស់​គូ​ភាគី​​ ចំពោះ​ការ​អនុវត្ត​​កិច្ច​សន្ទនា​សង្គម​​។ ​ការ​ដក​​ខ្លួន​ចេញ​ពី​ការ​ចរចា​​បង្ហាញ​សារ​ផ្ទុយ​មួយ»។

លោក ប៉ាវ ស៊ីណា ប្រធាន​​សម្ព័ន្ធ​​សហជីព​​ចលនា​​កម្មករ​ ​ដែល​ជា​សមាជិក​​មួយ​ ក្នុង​ចំណោម​សមាជិក​ ៩ ​​នៃ​ TUSCBA ​បាន​ថ្លែង​ថា​ TUSCBA ​ត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ចុង​ឆ្នាំ​ ២០១៧ ​​ក្នុង​គោល​បំណង​ស្វែង​រក​​អត្ថ​ប្រយោជន៍​​សម្រា​ប់​​កម្មករ​​​​បន្ថែម​ពី​លើ​ប្រាក់​ខែ​រប​ស់​​ពួក​គេ​​ ហើយ​ត្រូវ​បាន​សម្រប​សម្រួល​​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការ​ងារ (ILO)​ ដើម្បី​ធ្វើ​ការ​ចរចា​​​អនុសញ្ញា​រួម​ថ្នាក់​វិស័​យ​ នៅ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​​បំពាក់ និង​ស្បែក​ជើង​​​ ក្នុង​ប្រទេ​ស​កម្ពុជា​។ ចាប់​តាំង​ពី​ឆ្នាំ​ ២០​១៩ ​កិច្ច​ពិភាក្សា​មួយ​ចំនួន ​ត្រូវ​បាន​ធ្វើ​ឡើង​​ប៉ុន្តែ​​​កិច្ច​ពិភាក្សា​​ទាំង​នោះ​ មិន​ទាន់​​សម្រេច​បាន​អត្ថ​ប្រយោ​ជន៍​អ្វី​សម្រាប់​កម្មករ​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ថា​៖ «​​ការ​ផ្អាក​​ការ​ចរចា​​ដោយ​និយោជក​​​ប៉ះ​ពាល់​ដំណើរ​ការ​​ដែល​យើង​បាន​បង្កើត​ឡើង​ជា​មួយ​គ្នា​​ តាំង​ពី​ចុង​ឆ្នាំ ​២០១៧​។ ទី២​ ​ការ​ពិភាក្សា​​អំពី​សិទ្ធិ​ការ​ងារ​ និង​លក្ខខណ្ឌ​ការ​ងារ និង​អត្ថ​ប្រយោជន៍​ដទៃ​ៗ​​​ត្រូវ​បាន​ជាប់​គាំង​។ ​នេះ​​មាន​ន័យ​ថា អ្វី​ដែល​កម្មករ​កំពុង​ទទួល​បាន​​​​នៅ​តែ​ដដែល​គ្មាន​អ្វី​ប្រសើរ​ជាងមុន»។

​លោក ស៊ីណា ​បាន​ថ្លែង​ថា ប្រសិន​បើ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC)​ បន្ត​ការ​ចរចា​ ​វា​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​​ពិចារណា​​ អំពី​ភាព​រីក​ចម្រើន​​ ក្នុង​វិស័យ​​កាត់​ដេរ​សម្លៀក​បំពាក់​និង​​ស្បែក​ជើង។ លោក​បាន​ថ្លែង​ថា ការ​ចរចា​នេះ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​​ដោយ​ក្រុម​អ្នក​បញ្ជា​ទិញ​​ប្រមាណ​ ៤០ ​ភាគ​រយ​​ ក្នុង​ប្រទេស ​កម្ពុជា​ ដែល​​បង្ហា​ញ​ ការ​ប្តេជ្ញា​ចិត្ត​​របស់​ពួក​គេ ​​ក្នុង​ការ​រួម​ចំណែក​​​ ផ្តល់​អត្ថ​​ប្រយោ​​ជ​ន៍​បន្ថែម​ដល់​​កម្មករ។

លោក ប៉ាវ ស៊ីណា ​បន្ត​ថា​៖ «​​ប្រសិន​បើ​យើង​មិន​ផ្អាកការ​ចរ​ចា​ ​អត្ថ​ប្រយោជន៍ដែល​អ្នក​បញ្ជា​​ទិញ​​​ បាន​ប្តេជ្ញា​​ផ្តល់​​ឲ្យ​កម្មករ​​តាម​រយៈ​​រោង​ចក្រ​​ដែល​កើត​ចេញ​ពី​ការ​ចរចា​នេះ​ ​នឹង​ជំរុញ​អ្នក​បញ្ជាទិញ​​ ឲ្យ​ប្រាប់​​សហ​ភា​ព​អឺរ៉ុប ​​អំពី​ភាព​​ប្រសើរ​ឡើង​អំពីស្ថាន​ភាព​កម្មករ​។ ​វា​នឹង​ជួយ​រារាំង​​សហភាព​អឺរ៉ុប​មិន​ឲ្យ​ដក EBA»៕