ភ្នំពេញ៖ «ពូដំរី [Uncle Elephant]» គឺជា​ខ្សែ​ភាព​យន្ត​ខ្នាត​តូច​មួយ ដែល​និយាយ​អំពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​អាស៊ី និង ធនធាន​ធម្មជាតិ​ដ៏សំបូរ​បែប​ ក្នុង​តំបន់​ ព្រៃឡង់ នឹង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី World Wildlife Film Festival Day 2020 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក នាថ្ងៃទី​ ០៣ ខែ​មីនា ​ខាងមុខ។

លោក ទុយ សេរីវឌ្ឍនា នាយក​កម្មវិធី​នៃ​អង្គការ Wild Earth Allies (Cambodia) និង​ដែល​ជា​តួអង្គ​សំខាន់​នៃ​ខ្សែ​ភាពយន្ត​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃអង្គារ​ថា ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា ពូដំរី [Uncle Elephant Film] ត្រូវ​បាន​ក្រុម​ការងារ​នៃ​អង្គការ Wild Earth Allies (Cambodia) ផលិត​ឡើង​នៅ​ដើម​ឆ្នាំ​ ២០១៩ ហើយ​វាត្រូវ​បាន​ក្រុម​គណៈកម្មការ Wildlife Conservation Film Festival បោះឆ្នោត​ជ្រើសរើស​ឲ្យ​ជាប់​ចំណាត់​ថ្នាក់ Silverback Film កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​។

លោក​បញ្ជាក់​ថា៖ «ពូ​ដំរី គឺ​ជា​ខ្សែភាព​យន្ត​ដំបូង​បំផុត​មួយ​ របស់​យើង ដែល​ត្រូវ​បាន​ជ្រើសរើស​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាព​យន្ត​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​អភិរក្ស​បរិស្ថាន​ធម្មជាតិ​និង​សត្វព្រៃ ក្នុង​ទីក្រុង New York។ វា​ពិត​ជារំភើប​ចិត្ត​ណាស់ ដែល​ស្នា​ដៃរ​បស់​យើង​ត្រូវ​បាន​បង្ហាញ​លើ​ឆាក​អន្តរជាតិ»។

ខ្សែ​ភាពយន្ត «ពូដំរី» ដែល​មាន​រយៈពេល​តិច​ជាង ៥ នាទី​នេះ ក៏​បាន​បង្ហា​ញ​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​រវាង​អង្គការ Wild Earth Allies (Cambodia) និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​របស់​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ក្នុង​តំបន់​ ព្រៃឡង់។

សកម្មភាព​ទាំង​នោះ​ ភាគ​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃ​នៅ​កម្ពុជា ពិសេស​សត្វ​ដំរីអាស៊ី ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ ដោយ​សារការ​ប្រមាញ់ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​ជា​ទី​ជម្រក​របស់​វា។

លោក សេរីវឌ្ឍនា ដែល​កាល​ពី​នៅ​កុមារ​ភាព មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អ្នក​ការពារ​ និង​អភិរក្ស​ព្រៃឈើ​និង​សត្វ​ព្រៃ ជាពិសេស ចង់​ធ្វើ​ការងារ ដែល​ពាក់​ព័ន្ធ​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ នៅ​ក្នុង​ព្រៃជ្រៅៗ ដែល​មនុស្ស​ភាគ​ច្រើន​បំផុត​មិន​អាច​ទៅ​ដល់ បាន​និយា​យ​ថា​ នៅពេល​នេះ​ លោក​​បាន​សម្រេច​ក្ដី​សុបិន​របស់​លោក​ហើយ​គឺ​ចូល​ទៅ​ក្នុង​តំបន់​ ព្រៃឡង់ ​នៃ​ប្រទេស​កម្ពុជា ជា​ទី​ដែល​លោក​កំពុង​ធ្វើ​ការងារ​ការពារ​និង​អភិរក្ស​សត្វ​ដំរី​អាស៊ី ក្រោម​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល និង​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួយ។

តាម​រយៈខ្សែភាព​យន្ត​រឿង «ពូដំរី» នោះ​ដែរ តំបន់​ព្រៃឡង់ ​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​វត្តមាន​សត្វ​ដំរី​អាស៊ី​ប្រមាណ​ ៤០ ​ក្បាល​ប៉ុណ្ណោះ។ ការ​ថយ​ចុះ​នៃ​ចំនួន​សត្វ​ដំរី​អាស៊ី​នៅ​កម្ពុជា​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពីគ្រប់​ភាគី​ពាក់​ព័ន្ធ ក្នុង​កិច្ច​ការពារ អភិរក្ស ដើម្បី​ស្ដារ​ឡើងវិញ​ នូវ​ចំនួន​សត្វ​ដំរី​អាស៊ី ដែល​កំពុង​រង​គ្រោះ​ និង​ជិត​ផុត​ពូជ​នេះ។

លោក​ សេរីវឌ្ឍនា ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​រឿង «ពូដំរី» នៅ​ក្នុង​​មហោស្រព​ភាពយន្ត​ជា​អន្តរជាតិ ស្ដីពី​បរិស្ថាន​ឆ្នាំ ២០២០ នេះ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ វ៉ាស៊ីនតោន នៅ​ខែ​ មីនា ដើម្បី​ចូល​រួម​មហោស្រព​ភាពយន្ត​បរិស្ថាន​នេះ ហើយ​ខណៈ​ពេល​ដែល​នៅ​អាមេរិក ខ្ញុំ​នឹង​ចំណាយ​ពេល​ជាមួយ​មិត្តភក្តិ​អ្នក​គាំទ្រ និង​សហសេវិក រួម​ទាំង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីស្នាក់​ការ​កណ្តាល​របស់ National Geographic ដើម្បី​និយាយ​អំពី​ការងារ​អភិរក្ស​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។ បើតាម​លោក​សេរីវឌ្ឍនា នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា ខាង​មុខ​នេះ «ពូដំរី» ក៏​នឹង​ត្រូវ​គេ​យក​ទៅ​ចាក់​បញ្ចាំង​នៅឯ The Naval Heritage Center ផងដែរ៕