The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភាពរាំងស្ងួត​ធ្វើឱ្យ​ទឹក​ឡើង​កម្ដៅ​ គំរាមកំហែង​ជីវិត​ត្រីមេ​ពូជ​ក្នុង​បឹងពារាំង

ភាពរាំងស្ងួត​ធ្វើឱ្យ​ទឹក​ឡើង​កម្ដៅ​ គំរាមកំហែង​ជីវិត​ត្រីមេ​ពូជ​ក្នុង​បឹងពារាំង

Content image - Phnom Penh Post
ប្រភេទ​សត្វ​ស្លាប​ស្វែងរក​ចាប់​ចំណី​ក្នុង​បឹង​ពារាំង​។ រូបថត ក្រសួង​ព័ត៌មាន

ភាពរាំងស្ងួត​ធ្វើឱ្យ​ទឹក​ឡើង​កម្ដៅ​ គំរាមកំហែង​ជីវិត​ត្រីមេ​ពូជ​ក្នុង​បឹងពារាំង

សៀមរាបៈ ត្រី​មេពូជ​ជាច្រើន​ប្រភេទ​នៅក្នុង​បឹង​ធម្មជាតិ​នៅក្នុង​សង្កាត់​ជ្រាវ ក្រុង-ខេត្តសៀមរាប កំពុង​រង​ការគំរាមកំហែង​ដោយ​ភាពរាំងស្ងួត និង​ជា​ចំណី​របស់​សត្វ​ស្លាប ប្រសិន​បើ​គ្មាន​មធ្យោបាយ​នាំ​ទឹក​មក​បំពេញបន្ថែម​ឱ្យបាន​មុន​ដំណាច់​ខែមេសា​ខាងមុខនេះ​។

មន្ត្រី​អភិរក្ស​បាន​ឲ្យ​ដឹងថា​បឹង​ពារាំង​មាន​ផ្ទៃ​ទឹក​ប្រមាណ​ ២៧០ ​ហិកតា ត្រូវបាន​ហួតហែង​ជា​បន្ត​បន្ទាប់មក​នៅត្រឹម​ ៣០ ​ទៅ​ ៤០ ​ហិកតា ហើយ​ជម្រៅ​ទឹកបាន​ស្រក​មក​នៅក្រោម​ជម្រៅ​ ១ ​ម៉ែត្រ បណ្ដាល​ឲ្យ​ទឹក​មាន​កម្ដៅ​កាន់តែ​កើនឡើង​ដែល​បណ្ដាល​ឲ្យ​ត្រី​ស្ទើរ​គ្រប់​ប្រភេទ​មិនអាចរ​ស់បាន​។ អ្នកជំនាញ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​ត្រី​មេពូជ​ដែលជា​ប្រភេទ​ត្រី​កម្រ​កំពុងមាន​វត្តមាន​នៅក្នុង​បឹង​នោះ​។

លោក គង់ មង្គល ប្រធាន​សហគមន៍​ទេសចរណ៍​បឹង​ពារាំង​ថ្លែងថា ទឹក​ក្នុង​ផ្ទៃ​បឹង​ទាំងមូល​បាន​ស្រក​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ ដោយ​កន្លែង​ខ្លះ​ត្រូវ​គោក​រាក់ ខណៈ​កន្លែង​ទឹក​ជ្រៅ​បំផុត​មិន​ដល់​ ៣ ​តឹក​ផង​។ ហេតុនេះ​ត្រូវតែមាន​ផែនការ​សង្គ្រោះបន្ទាន់​ក្នុង​នោះ​វិធានការ​ដំបូង​គឺ​បូមទឹក​ពី​បឹង​ទន្លេសាប​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ២ ​គីឡូម៉ែត្រ បញ្ចូលមក​ក្នុង​បឹង​ពារាំង ដើម្បី​សង្គ្រោះបន្ទាន់​ដល់​ត្រី​មេពូជ​។ យ៉ាងហោចណាស់​ត្រី​មេពូជ​ប្រមាណ​ជិត​ ៩០ ​ប្រភេទ​កំពុងមាន​វត្តមាន​នៅក្នុង​តំបន់​អភិរក្ស​នោះ​។

លោក មង្គល ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​អាច​ប៉ះពាល់​ដល់​ការងាប់​ត្រី​ក្នុង​រដូវ​ចុងខែ​មេសា និង​ដើមខែ​ឧសភា​ខាងមុខ​នេះ អ៊ីចឹង​ខ្ញុំ​គិតថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​បន្ទាន់​មានតែ​បូមទឹក​ពី​ទន្លេសាប​ចូលមក​វិញ​»​។

លោក​មង្គល​បាន​ឱ្យ​ដឹងថា បឹង​ពារាំង​ពេលនេះ​កំពុងមាន​បញ្ហា​ប្រឈម​ ២ ​កំពុង​កើតឡើង​ដែល​ធ្វើឲ្យ​ត្រី​មេ​ពូជ​ក្នុង​បឹង​​ពារាំង​បាត់បង់ ទី​ ១ ​បញ្ហា​ទឹក​គោក​រាក់​ក្តៅ​នាំ​ឲ្យ​ងាប់​ត្រី និង​មួយទៀត សត្វ​ស្លាប​ជាង​ ១៧០ ​ប្រភេទ​កំពុង​ចាប់​ត្រី​ជា​ចំណី​ប្រចាំថ្ងៃ​។

លោក មង្គល អះអាង​ថា​បើតាម​ទិន្នន័យ​នៃ​ការព្យាករ​របស់​អង្គការ​សត្វ​ស្លាប​បានឱ្យដឹងថា ខណៈ​ដែល​ទឹក​បឹង​ធម្មជាតិ​កំពុងតែ​ស្រក​ចុះ​ជា​បណ្ដើរ​មក​នៅ​ជម្រៅ​ប្រមាណ​ជាង​ ២ ​តឹក​ធ្វើឲ្យ​ត្រី​មេពូជ និង​ត្រី​កំពុង​រស់​នៅក្នុង​បឹង​ត្រូវ​បានជា​ចំណី​របស់​សត្វ​ស្លាប​រាប់សែន​ក្បាល ដែល​កំពុង​ស្វែងរក​ចាប់​ចំណី​។

លោក មង្គល ថ្លែងថា​៖ «​តាម​ទិន្នន័យ​ដែល​អង្គការ​សត្វស្លាប​គេ​ព្យាករ​ជាមួយ​នឹង​ត្រី​ដែលមាន​នៅក្នុង​បឹង​ក្នុង ​១ ​ថ្ងៃ​ហ្វូងបក្សី​ស៊ី​ត្រី​អស់​ប្រមាណ​ ៣ ​តោន​»​។

លោក​មង្គល​បញ្ជាក់ថា ក្រៅពី​វិធានការ​បូមទឹក​បន្ទាន់​នៅ​មាន​វិធានការ​មួយទៀត​ត្រូវអនុវត្ត​ដើម្បី​ធានា​និរន្តរភាព​ទៅ​ថ្ងៃ​អនាគត​នោះ​គឺ ការជីក​ស្តារ​ផ្ទៃ​បឹង​ឲ្យ​បាន​ជ្រៅ​ជាង​មុន​។ ក្រសួង​កសិកម្ម​បានចេញ​លិខិត​អនុញ្ញាត​ឲ្យ​មាន​ការជីកស្តារ​ផ្ទៃ​បឹង​រួចហើយ ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត​កំពុង​រៀបចំ​បង្កើត​គណៈកម្មការ​ចុះពិនិត្យ​ជាក់ស្តែង​ក្នុង​ការជីក​ស្តារ​បឹងពារាំង​នេះ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ស្នើសុំ​ទទូច​ហើយ​ទៅ​អភិបាលខេត្ត​ទៀ សីហា ធ្វើ​យ៉ាងម៉េច​ជួយ​ពន្លឿន​ក្នុង​ការប្រជុំ​បង្កើត​គណៈកម្មការ​ជីក​ស្តារ​បឹង​ពារាំង ធ្វើយ៉ាងណា​ឲ្យ​បាន​ជីក​ស្តារ​នៅ​ឆ្នាំនេះ​ក្នុង​ចំនួន​ណាមួយ​ឲ្យ​បាន​ជ្រៅ​ដើម្បី​អាច​រក្សា​ត្រី​មេពូជ​បាន​»​។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប ថ្លែង​ថា បន្ទាប់ពី​ក្រសួងកសិកម្ម​ចេញ​លិខិតអនុញ្ញាត​ឲ្យ​មាន​ការជីក​ស្តារ​បឹងពារាំង មន្ទីរ​បានរៀបចំ​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​មើល​ជាក់ស្តែង និង​បាន​ដាក់​ស្នើសុំ​ទៅ​រដ្ឋបាលខេត្ត​ដើម្បី​ពិនិត្យ​សម្រេច តែដោយសារ​ផ្ទុះ​កូវីដ​១៩​ទើប​កិច្ចប្រជុំ​ត្រូវបាន​ផ្អាក​។

លោក គឹមសុទ្ធ ថ្លែងថា​៖ «​ខ្ញុំ​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​រដ្ឋបាលខេត្ត​ដើម្បី​បង្កើតជា​គណៈកម្មការ​អន្តរមន្ទីរ​សម្រាប់​ពិនិត្យ​ជាក់ស្តែង​ក្នុង​ការជីក​ស្តារ​បឹងនោះ​។ ហើយ​កន្លង​មក​អន្តរមន្ទីរ​បាន​ជួបប្រជុំគ្នា​ម្តង​រួច​មក​ហើយ ដោយ​ខេត្ត​បាន​ឲ្យ​មន្ទីរ​កសិកម្ម​រៀបចំ​ផែនការ ហើយ​យើង​ក៏បាន​ធ្វើ​ជូន​ខេត្ត​រួចហើយ​ដែរ តែ​ដោយសារ​កូវីដ​រុករាន កិច្ចប្រជុំ​អំពី​ផែនការ​មិនទាន់​អាច​ធ្វើ​បាន​»​។

លោក គឹម សុទ្ធ អះអាង​ថា ការជីក​ស្តារ​បឹង​ពារាំង​នឹង​អាចធ្វើ​ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខ​នេះ ព្រោះ​គណៈកម្មការ​អន្តរមន្ទីរ​អាច​នឹងត្រូវ​អភិបាលខេត្ត​សម្រេច​បង្កើត​នៅ​អំឡុងពេល​ ២ ​សប្តាហ៍​ទៀត​។

លោក គឹម សុទ្ធ បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ប្រហែល​ជា​មិនយូរ​ទេ អាច​សប្តាហ៍​ក្រោយ​អី​ប្រហែល​ជា​ចេញ​ហើយ ព្រោះ​ខេត្ត​មាន​ព្រាង​រួចហើយ អ៊ីចឹង​នៅ​រង់ចាំតែ​ការសម្រេច​របស់​អភិបាលខេត្ត​លោក​ពិនិត្យ​មើលថា តើ​ត្រូវ​បន្ថែមបន្ថយ​សមាសភាព​គណៈកម្មការ​យ៉ាងម៉េច អី​យ៉ាងម៉េច​នឹង​បង្កើត​ហើយ​។ អ៊ីចឹង​បង្កើត​ហើយ គណៈកម្មការ​នឹង​ប្រជុំ​ពិភាក្សា​គ្នា​រួច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​តែម្តង​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍