
ប្រជាពលរដ្ឋ បូមទឹកដើម្បីស្រោចស្រពដំណាំស្រូវ ដោយសារបញ្ហាភាពរាំងស្ងួត នៅខេត្តព្រៃវែង នាពេលកន្លងមក។ សហការី
ភ្នំពេញៈ អាកាសធាតុរាំងស្ងួតបានបន្តហួតហែងដល់តំបន់មួយចំនួនទៀតនៅក្នុងខេត្តប៉ៃលិន បន្ទាយមានជ័យ ក៏បានចាប់ផ្ដើមខ្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ ប៉ុន្តែមិនបង្កឲ្យមានស្ថានភាពប៉ះពាល់ដល់ពលរដ្ឋធ្ងន់ធ្ងរនោះទេ។ យោងតាមការអះអាងរបស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។
លោក ចាន់ យុត្ថា បានថ្លែងថា ក្រៅពីខេត្ដឧត្ដរមានជ័យ បាត់ដំបង កំពង់ធំ ព្រៃវែង ព្រះវិហារ កោះកុង ដែលតំបន់ខ្លះនៃខេត្តទាំងនោះ កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់នោះ ពេលនេះមានខេត្ដប៉ៃលិន បន្ទាយមានជ័យ និងខេត្ដសៀមរាប ក៏មានការខ្វះខាតទឹកដែរ ប៉ុន្ដែមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។
លោកបានបន្ដថា៖ «និយាយជារួមការប៉ះពាល់ មិនមានជាអ្វីធ្ងន់ធ្ងរទេ។ ដោយសារការប៉ះពាល់កន្លែងធំៗ ទីប្រជុំជនធំៗ ដូចជា នៅស្រុកមោងឫស្សី ស្រុកគាស់ក្រឡ ខេត្ដបាត់ដំបង យើងបានដោះស្រាយ មានន័យថា យើងបង្វែរទឹកមកប្រើប្រាស់គ្រប់គ្រាន់។ អាចនិយាយថា សុវត្ថិភាពទាំងស្រុងហើយ មិនមានបញ្ហាអ្វីទេ។យើងអាចដឹកទឹកអន្ដរាគមន៍បាន»។
លោក យុត្ថា បានអះអាងទៀតថា នៅក្នុងខេត្តបន្ទាយមានជ័យ ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់មិនទាន់មានការខ្វះខាតទេ។
លោក យុត្ថា ថ្លែងថា៖ «អ្វីដែលក្រសួងព្រួយបារម្ភនោះ គឺជីវចម្រុះនៅក្នុងអាងត្រពាំងថ្ម ព្រោះកន្លងមក ប្រជាពលរដ្ឋបានបង្ហូរទឹកបញ្ចូលស្រែចេញពីអាងស្ទើរអស់ទឹកទៅហើយ។ ដោយសារតែស្ថានភាពទឹកនេះ វារីងលឿនមែនទែន អ៊ីចឹងយើងត្រូវកាយអាងទឹកបន្ថែមជាង ៦ គីឡូម៉ែត្រ។ ឥឡូវនេះយើងកាយបានជាង៤ គីឡូម៉ែត្រហើយ ថ្ងៃ (បន្ទាប់) អាចកាយរួចរាល់ហើយ។ បើកាយរួចរាល់ ទឹកអាចហូរចូលអាងបានលឿន និងលែងខ្វះទឹកទៀតហើយ»។
លោក យុត្ថា បានឲ្យដឹងទៀតថា នៅខេត្ដសៀមរាបវិញមានការខ្វះខាតទឹកតិចតួចដែរ ប៉ុន្ដែមិនមានជាបញ្ហាប្រឈមទេ។ ទាក់ទិននឹងគ្រោះរាំងស្ងួតឆ្នាំនេះក្រសួងនិងរាជរដ្ឋាភិបាល បានជូនដំណឹងជាបន្ដបន្ទាប់ មិនឲ្យប្រជាពលរដ្ឋដាំដុះដំណាំអ្វីនារដូវប្រាំងឆ្នាំនេះទេ ព្រោះអាចប្រឈមការខូចខាតធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយកន្លែងមួយចំនួនប្រជាពលរដ្ឋមិនគោរពតាមការណែនាំនោះទេ។
លោក យុត្ថា ថ្លែងថា៖«យើងមានកាព្រួយបារម្ភ ប៉ុន្ដែជាដាច់ខាត យើងមិនឲ្យបន្ដមានការដាំដុះអីទៀតទេ បើមិនអ៊ីចឹងទេ ការប៉ះពាល់វាកាន់តែធំទៅ»។
លោក យុត្ថា បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋានបានត្រៀមលក្ខណៈជាបន្ដបន្ទាប់ ក្នុងការដោះស្រាយ រួមមាន ការត្រៀមគ្រឿងចក្រធុនធ្ងន់ ម៉ាស៊ីនប៉ូមទឹកសម្រាប់អន្ដរាគមន៍ ការខួងអណ្ដូង និងមធ្យោបាយដឹកទឹកសម្រាប់ចែកជូនប្រជាពលរដ្ឋជាដើម។
លោកបានបន្ដថា៖ «ចំពោះរថយន្ដដឹកទឹកមកដល់បច្ចុប្បន្ននេះ យើងត្រៀមប្រមាណ ៥០-៦០ គ្រឿង ប៉ុន្ដែយើងទើបតែប្រើអស់ប្រមាណ ៧-៨ គ្រឿងប៉ុណ្ណោះ។ បើសិនជាមានតម្រូវការចាំបាច់អ្វីទៀត យើងនឹងបង្កើននៅពេលក្រោយទៀត»។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញដែរថា ខេត្ដកោះកុងបញ្ហាកង្វះខាតទឹកនេះ បានកើតឡើងតែក្នុងក្រុងខេមរភូមិន្ទប៉ុណ្ណោះ ប៉ុន្ដែមិនមានបញ្ហាប្រឈមធ្ងន់ធ្ងរទេ ព្រោះអាជ្ញាធរខេត្ដបានអន្ដរាគមន៍ យកទឹកទៅចែកជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ហើយខេត្ដក៏មានប្រភពទឹកខ្លួនឯងស្រាប់។
លោកស្រីអភិបាលបន្ដថា៖ «ខេត្ដបានត្រៀមរួចរាល់ហើយក្នុងការដោះស្រាយបញ្ហាកង្វះទឹកនេះ។ យើងបានព្យាយាមទាក់ទងតាមតំបន់ប្រជាពលរដ្ឋដែលខ្វះខាតទឹក និងប្រាប់ទៅមន្ទីរ រដ្ឋបាលក្រុង/ស្រុកនីមួយៗឲ្យត្រៀមរកកន្លែងប្រភពទឹកផ្សេងៗ ដើម្បីរៀបចំជូនប្រជាពលរដ្ឋ»។
លោកស្រីបន្ថែមថា ៖«ក្នុងទីរួមខេត្ដយើង មានប្រភពទឹក ២ ហើយ មួយនៅទឹកជ្រោះតាប៉ន និងនៅផ្លូវ ៤៨ (ទឹកត្រៀមបម្រុងមានបរិមាណប្រមាណ ៨ ម៉ឺនម៉ែត្រគុប)។ ចំណែកតំបន់ដែលនៅឆ្ងាយៗ យើងបានឲ្យរដ្ឋបាលថ្នាក់មូលដ្ឋាននីមួយៗទទួលខុសត្រូវក្នុងការចែកចាយទឹកដល់ប្រជាពលរដ្ឋ»។
លោក ងួត រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងកាលពីម្សិលមិញដែរថា ខេត្ដបាត់ដំបងបានដោះស្រាយជោគជ័យហើយ កន្លែងដែលខ្វះទឹកក្រសួងកសិកម្ម និងអាជ្ញាធរខេត្តបានសហការគ្នាជីកប្រឡាយ និងបូមទឹកបំពេញប្រឡាយទុកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់។
លោកបន្ដថា៖ «យើងបានបូមទឹកបញ្ចូលតាមប្រឡាយ ទៅតាមស្រុកដែលកំពុងខ្វះខាតទឹកនោះរួចហើយ។ យើងបានត្រៀមតាំងពីក្រសួងជូនដំណឹងថានឹងមានការខ្វះខាតទឹកតាំងពីជាង ១ ខែមុនម្ល៉េះ។ តែបើវានៅរាំងយូរនិងមានការប្រែប្រួលកន្លែងណា ចាំយើងតាមដានទៀត»។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានឲ្យពលរដ្ឋត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ នៅក្នុងរដូវប្រាំងឆ្នាំនេះ ដោយកម្ពុជានឹងរងឥទ្ធិពលដោយប្រយោល ពីបាតុភូត អែល នីណូ (El Nino)៕