
អាជ្ញាធរចុះបិទខ្ទប់ភូមិមួយនៅស្រុកកងមាស ក្រោយមានការផ្ទុះឡើងជំងឺកូវីដ។ រូបថត រដ្ឋបាលស្រុកកងមាស
កំពង់ចាម៖ ភូមិចំនួន ៣ បន្ថែមទៀត ត្រូវបានរដ្ឋបាលខេត្តកំពង់ចាមសម្រេចធ្វើការបិទខ្ទប់ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៣ ខែឧសភា បន្ទាប់ពីមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី ០១ ខែឧសភានេះថា ភូមិចំនួន ៣ ដែលមានភូមិដំបូកក្រោម ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ; ភូមិកោះតាង៉ោល ស្ថិតក្នុងឃុំសូរគង ស្រុកកងមាស និងភូមិពោធិ៍ ក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
លោក អ៊ុន ចាន់ដា បានឱ្យដឹងថា៖ «ភូមិទាំងបីនេះនឹងបិទខ្ទប់រយៈពេល ២ សប្តាហ៍ ដោយកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវអនុវត្តន៍វិធានការដែលត្រូវបានកំណត់»។
លោកថា កងកម្លាំងការពារត្រូវការពារកុំឱ្យមានការចេញ-ចូល ឱ្យបានសមស្របទៅតាមទំហំការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់បិទខ្ទប់ និងត្រូវរៀបចំចងខ្សែហ៊ុមព័ទ្ធ នៅតំបន់បិទខ្ទប់ឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ អាជ្ញាធរត្រូវរៀបចំឱ្យមានការលក់ដូរម្ហូបអាហារចល័តក្នុងឃុំ ដែលត្រូវបិទខ្ទប់ ១ ថ្ងៃ ១ លើក គឺពីម៉ោង ៨៖៣០ នាទី ដល់ម៉ោង ១០ ឬរៀបចំឱ្យមានការលក់ដូរម្ហូបអាហារនៅតាមព្រំប្រទល់ ហើយក្នុងមួយគ្រួសារអនុញ្ញាតឱ្យចេញមកទិញម្ហូបអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗបានតែម្នាក់គត់ ក្នុងមួយសប្តាហ៍បាន ៣ ដង។
លោក អ៊ុន ចាន់ដា ក៏បានស្នើឱ្យមន្ត្រីពាក់ព័ន្ធតាមដានពីសុខភាពប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាប្រចាំ ហើយមន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវស្រាវជ្រាវរកកម្មករ-កម្មការិនី ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ ១៩៕