សៀមរាបៈ មន្ត្រី​ខេត្តសៀមរាប និង​អាជ្ញាធរ​មីន​បាន​អះអាង​ថា ភូមិ​ត្រពាំងថ្ម​ទាំងមូល​ដែល​ស្ថិតក្នុង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ត្រូវ​បាន​រំដោះ​ចេញ​ពី​ហានិភ័យ​នៃ​គ្រាប់មីន និង​គ្រប់​មិនទាន់​ផ្ទុះ​ជា​ស្ថាពរ តាមរយៈ​កិច្ចគាំទ្រ​ពី​អង្គការ​ Peaceland ដោយ​ប្រើពេល​ជាង​ ១០ ​ខែ និង​មាន​គ្រាប់​យុទ្ធភណ្ឌ​ជាង​ ១០០ ​គ្រាប់​ត្រូវបាន​កម្ទេច​។

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ប្រតិបត្តិការ​បោសសម្អាត​គ្រាប់មីន​នេះ គាំទ្រ​ដោយ​អង្គការ​ Peaceland និង​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មីន​ចាប់​តាំងពី​ខែ​សីហា ឆ្នាំ​ ២០១៩ រហូតដល់​ខែ​មិថុនា ឆ្នាំ​ ២០២០ ​ដើម្បី​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​រួច​ផុត​ពី​បញ្ហា​លំបាក​ពី​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ​។

លោក​បន្តថា តាម​ការកំណត់​របស់​ក្រុម​ការងារ​បាន​ជ្រើសរើស​យក​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី​ធ្វើ​ជា​គោលដៅ​ដំបូង ដើម្បី​បន្សាប​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដោយសារ​តំបន់​នេះ​គឺជា​អតីត​សមរភូមិ​ក្តៅ​កាលពី​សម័យ​សង្គ្រាម​ដែល​មាន​ទីតាំង​ខ្លះ​អាច​បន្សល់​នូវ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​ប្រវត្តិ​ទីតាំង​ធ្លាប់​មាន​សង្គ្រាមរ៉ាំរ៉ៃ អ្នកភូមិ​ឧស្សាហ៍​ប្រទះឃើញ​គ្រាប់មីន​ព្រម​ទាំង​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រំដោះ​គ្រាប់​ទាំងនេះ​។ ​ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​មាន​ការបារម្ភ​ខ្លាំង​ពី​បញ្ហា​គ្រាប់មីន​ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​ដោយ​ស្ទើរតែ​មិន​ហ៊ាន​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​នៅ​លើដី​របស់ខ្លួន​»​។

លោក​បញ្ជាក់​បន្ថែម​ថា​៖ «​ចាប់ពី​ពេល​នេះ​ទៅ​អ្នកភូមិ​បាន​រួច​ផុតពី​បញ្ហា​លំបាក​មួយទៀត គាត់​អាច​រស់នៅ​បាន​ដោយ​ធម្មតា​ដូច​តំបន់​ដទៃ​ទៀត​ហើយ​។ ​តំបន់​ដែល​រង​ហានិភ័យ​ពី​គ្រាប់មីន​ ឬ​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ជីវភាព​ប្រចាំថ្ងៃ និង​ការប្រើប្រាស់​ដីធ្លី​របស់​អ្នកភូមិ​»​។

តាម​លោក ឃឹម ហ្វីណង់ ក្នុង​រយៈពេល​ជាង​ ១០ ​ខែ​នេះ​ជា​លទ្ធផល​គ្រាប់មីន​ចំនួន​ ៤០ ​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៦៧ ​គ្រាប់​ត្រូវ​បាន​រកឃើញ និង​កម្ទេចចោល​នៅ​ក្នុង​ភូមិ​ត្រពាំងថ្ម​ទាំងមូល​។ ប៉ុន្តែ​លោក​អះអាង​ថា អាជ្ញាធរ គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ប្រតិបត្តិការ​ដោះមីន​នៅតាម​ឃុំ​ផ្សេងៗ​ទៀត​ក្នុង​ស្រុក​បន្ទាយស្រី​នៅ​ដើម​ឆ្នាំ​ខាងមុខ​។

លោក ហ្វីណង់ បាន​ស្នើឲ្យ​ពលរដ្ឋ​ចូលរួម​សហការ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ពី​តំបន់​មាន​មីន​ ឬ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​អាជ្ញាធរ​អាច​កំណត់​គោលដៅ​អាទិភាព​ចុះ​ទៅ​ធ្វើ​ប្រតិបត្តិការ​មុនគេ​ចៀសវាង​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​អ្នកភូមិ​។

លោក ឈីវ លីម អគ្គលេខាធិការរង​អាជ្ញាធរ​មីន​កម្ពុជា​ដែលជា​អ្នក​សម្រប​សម្រួល​ការងារ​ក្នុង​តំបន់​នេះ​ផ្ទាល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​​ថា ក្នុង​គម្រោង​នេះ​បាន​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ ១៨ ​ម៉ឺន​ដុល្លារ​ដែល​​ទទួល​បាន​ពី​អង្គការ Peaceland​។ លោក​បន្តថា ចំពោះ​ផ្ទៃដី​ដែល​បាន​រំដោះមីន​ក្នុង​ភូមិ​ត្រពាំងថ្ម​ទាំងមូល​គឺ​មាន​ជាង​ ៦០ ​ហិកតា​។

លោក​បញ្ជាក់ថា​៖ «​យើង​ឃើញ​ថា គម្រោង​នេះ​បាន​ផល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​គ្រប់បែប​គ្រប់យ៉ាង ហើយ​ការប្រកប​កសិកម្ម​របស់​ពលរដ្ឋ​ក៏​បាន​ល្អ​ដែរ​។ ការដោះមីន​ទូទាំង​ប្រទេស​របស់​អាជ្ញាធរ​មីន​នៅ​តែ​បន្ត ប៉ុន្តែ​កិច្ចសហការ​ជាមួយ​អង្គការ Peaceland យើង​ឈប់​បណ្តោះ​អាសន្ន​សិន ដោយសារ​តែមាន​បញ្ហា​​កូវីដ​១៩​។ ​យើង​នឹង​ចាប់​ផ្តើ​បន្ត​ជាមួយ​អង្គការ​នេះ​នៅ​ដើម​ឆ្នាំ​ ២០២១»៕