សៀមរាបៈ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ភូមិវប្បធម៌​កម្ពុជា​នៅ​ទី​រួម​ខេត្តសៀមរាប​ប្រកាស​​បិទ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​ ៧ ខែ​​វិច្ឆិកា​ខាងមុខ​តទៅ ដោយសារ​​មិនអាច​ផ្គត់ផ្គង់​លើ​ការចំណាយ​បាន ប៉ុន្តែ​អះអាង​ថា​នឹង​ទូទាត់​ប្រាក់​សំណង​ជូន​បុគ្គលិក​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ ខណៈ​​សហជីព​បារម្ភ​ពី​ការ​គណនា​ប្រាក់​ឈ្នួល​បញ្ចប់​កិច្ចសន្យា​។

ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​ ១១ ខែតុលា ឆ្នាំ​ ២០២០ ដោយបាន​អះអាងថា មូលហេតុ​នៃ​ការបិទ​ដំណើរការ​អាជីវកម្ម​ទាំងស្រុង​នេះ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ដែល​ធ្វើឱ្យ​ចំនួន​ភ្ញៀវ​ចូលមក​ទស្សនា​មានការ​ថយចុះ​យ៉ាងគំហុក​អស់​ជាច្រើន​ខែ​កន្លង​មក​នេះ​។

សេចក្តី​ជូនដំណឹង​ដដែល​បាន​​បញ្ជាក់ថា​ «​ក្រុមហ៊ុន យើងខ្ញុំ​បាន​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង​ពោល​គឺ​ក្រុមហ៊ុន​មិន​អាច​ផ្គត់ផ្គង់​លើ​ការចំណាយ​នានា​ជុំវិញ​ដំណើរការ​អាជីវកម្ម​បន្តទៀត​បានទេ​។ ដូច្នេះ​ចាប់ពី​ថ្ងៃទី​ ៧ វិច្ឆិកា ឆ្នាំ ២០២០ ​តទៅ ក្រុមហ៊ុន​យើងខ្ញុំ​នឹង​បិទ​ដំណើរការ​អាជីវកម្ម​នៅ​ភូមិ​វប្បធម៌​កម្ពុជា​ទាំងស្រុង​»​។

ជាមួយ​គ្នា​នេះ គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​ក៏​បាន​អះអាង​ដែរ​ថា ការបិទ​អាជីវកម្ម​នេះ​នាំ​ឱ្យ​មាន​ការបញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​បុគ្គលិក​គ្រប់ផ្នែក​ទាំងអស់​ដោយ​មាន​ការទូទាត់​ប្រាក់​សំណង​ជូន​បុគ្គលិក​ស្រប​ទៅ​​តាមច្បាប់​។

តំណាង​និយោជក​នៃ​ភូមិវប្បធម៌​កម្ពុជា​លោកស្រី លឹម សុភ័ក្រ ដែលជា​ប្រធាន​គ្រប់ង​ទូទៅ និង​លោក ទូច សុជាតិ ជា​អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ភូមិ​វប្បធម៌​កម្ពុជា កាលពី​ម្សិលមិញ​មិនអាច​សុំការ​អត្ថាធិប្បាយ​បានទេ​។

អ្នកស្រី មុំ ស្រីភ៌ក្ក បុគ្គលិក​ផ្នែក​បង្ហាត់​ផ្នែក​សិល្បៈ​ដែល​បានធ្វើការ​នៅ​ក្រុមហ៊ុន​នេះ​អស់​ពេល​ប្រមាណ​ ១៧ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការប្រកាស​របស់​ក្រុមហ៊ុន​នេះ​ហាក់​ដូចជា ធ្វើឡើង​​ភ្លាមៗ​ពេក​ដែល​ធ្វើឱ្យ​អ្នកស្រី និង​បុគ្គលិក​ដទៃទៀត​មិនអាច​ទទួល​យក​បាន​ចំពោះ​ការបិទទ្វារ​ទីតាំង​ដែលមាន​ប្រវត្តិ​ល្បីរន្ទឺ​នេះ​។ អ្នកស្រី​នៅ​តែ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​អាច​បន្ត​អាជីវកម្ម​របស់ខ្លួន​បន្តទៀត ខណៈ​បច្ចុប្បន្ន​នៅតែ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​មិន​ដាច់ បើ​ទោះជា​មិន​ច្រើន​ដូច​មុន​ក៏ដោយ​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​យើង​​មិនដឹងថា ទៅរក​ការងារ​កន្លែង​ណា​ធ្វើ​ទេ ឥឡូវ​។ វា​លឿន​ពេក​ហើយ​សម្រាប់​យើង​។ យើង​រំពឹង​ថា ការទូទាត់​ប្រាក់ខែ​ចុងក្រោយ​របស់​យើង​នឹង​ទទួល​បាន​ត្រឹមត្រូវ ព្រោះ​ប្រាក់​កម្មករ​ដូចជា​ពួកយើង​បាន មិន​ច្រើន​ទេ​។ យើង​រំពឹង​ប្រាក់ខែ​ចុងក្រោយ​យក​ទៅ​ធ្វើជា​ដើមទុន​សម្រាប់​ប្រកបរបរ​រកស៊ី​បន្ត​ទៅមុខ​»​។

បើតាម​អ្នកស្រី មុំ ស្រីភ៌ក្ក ចំពោះ​សម្ភារ​នៅក្នុង​ភូមិ​វប្បធម៌​អាច​មិនត្រូវ​ដាក់លក់​ឡាយឡុង​នោះទេ ព្រោះ​ថា​ម្ចាស់​ក្រុមហ៊ុន​នៃ​ភូមិ​វប្បធម៌​មាន​សាខា​ច្រើន ដូច្នេះ​សម្ភារ​ទាំងនេះ​​អាច​នឹងត្រូវ​យកទៅ​ដាក់​នៅ​ទីតាំង​ផ្សេង​។

ជាមួយ​នឹង​ការប្រកាស​បិទ​អាជីវកម្ម​ទាំងស្រុង​នេះ បុគ្គលិក​​ជាង​ ៤០ ​នាក់ ក្នុង​ចំណោម​ ៣០០ ​នាក់​ដែល​បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​តវ៉ា​តាំងពី​ខែសីហា​មក នៅតែ​ប្រកាន់​ជំហរ​ក្នុងការ​តវ៉ា​បន្តទៀត​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​ ២០ ​ភាគរយ និង​ប្រាក់​ថ្លៃ​អាហារ​ប្រចាំខែ ដែល​ភាគី​ក្រុមហ៊ុន​បាន​កាត់​ពី​ពួកគេ​។

លោក លឹម សុផា តំណាង​ឱ្យ​អ្នក​តវ៉ា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិលមិញ​ថា បុគ្គលិក​ទាំង​ជាង​ ៤០ ​នាក់​នៅតែ​ប្រកាន់​​ជំហរ​ក្នុង​ការតវ៉ា​រហូត​ដល់​ថ្ងៃ​ក្រុមហ៊ុន​នេះ​បិទទ្វារ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ដែល​ពួកគាត់​ត្រូវ​តែ​បាន​ស្របតាម​ច្បាប់​។ លោក​សោកស្តាយ​ចំពោះ​បុគ្គលិក​ដទៃទៀត​ដែល​នឹងត្រូវ​បាត់បង់​ការងារ​ក្នុង​ពេល​ឆាប់ៗ ខណៈ​អ្នករងគ្រោះ​មិន​ទាន់​ទទួល​​បាន​ដំណោះស្រាយ​ផង​នោះ​។

លោក​បញ្ជាក់ថា​៖ «​ការបិទ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការតវ៉ា​របស់​យើង​ទេ ព្រោះ​ពួកយើង​ក៏​ជា​ជនរងគ្រោះ​ដែរ​។ ក្រុមហ៊ុន​បានប្រកាស​ហើយ​ថា ការបិទទ្វារ​ក៏​ព្រោះតែ​បញ្ហា​កូវីដ ដូច្នេះ​យើង​សង្ឃឹមថា យើង​នឹង​ទទួលបាន​ដំណោះស្រាយ ដូច​ទៅ​នឹង​បងប្អូន​កម្មករ​ដទៃទៀត​»​។

លោក​ ទូច ​កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ (CTWUF) ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការទូទាត់​ប្រាក់​អត្ថប្រយោជន៍​ដែល​កម្មករនិយោជិត​នឹង​ទទួលបាន​ក្នុងពេល​បញ្ចប់​កិច្ចសន្យា​ខាងមុខនេះ​។ ​

លោក​អះអាង​ថា មកទល់​ពេល​នេះ​មិនទាន់​មាន​ការបង្ហាញ​វិធី​ជាក់លាក់​ណាមួយ​ក្នុងការ​គណនា​ផ្តល់ប្រាក់​ឈ្នួល​បញ្ចប់​កិច្ចសន្យា​របស់​ពួកគេ​ដែល​គ្រោង​បញ្ឈប់​នោះទេ ខណៈ​ ៤០ ​នាក់​​ដែល​កំពុងតែ​នាំគ្នា​តវ៉ា​នៅ​មិនទាន់​ទទួលបាន​នូវ​ដំណោះស្រាយ​នោះ​។

លោក​បន្តថា​៖ «​វា​ជា​រឿង​មួយ​ដែល​គួរឱ្យ​សោកស្តាយ​ណាស់​ដោយសារតែ​គាត់​កន្លង​មក​កម្មករ​ធ្វើ​ការតវ៉ា​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ផង​​ស្រាប់តែ​ទទួលបាន​ព័ត៌មាន​ភូមិ​វប្បធម៌​ប្រកាស​បិទទ្វារ គ្រោង​ទូទាត់​ដល់​កម្មករ​។ ខ្ញុំ​បារម្ភ​ដែរ​ថា ការទូទាត់​ហ្នឹង​បាន​ប៉ុន្មាន​ចំណុច​ដល់​កម្មករ​ហើយ​របៀប​គណនា​ហ្នឹង​របៀប​ម៉េច​? យើង​នឹង​តាមដាន ករណី​នេះ​បន្តទៀត​»៕

វីដេអូ៖