ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​អាជ្ញាធរ​ខេត្ត​ចំនួន ៦ បាន​ធ្វើ​ការ​បិទ​ទីតាំង​ថ្មីៗ​បន្ថែម​ទៀត​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ។

កាល​ពី​ថ្ងៃទី ៥ ខែ​ឧសភា រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្តី​សម្រេច​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ចេញ និង​ចូល​ជា​បណ្តោះអាសន្ន​ទីតាំង​ក្នុង​ភូមិសាស្ត្រ​ភូមិ​ប្រជាធម្មលិច និង​ភូមិ​ប្រជាធម្មកើត នៃ​ក្រុង​ប៉ោយប៉ែត​រយៈពេល ១៤ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា ក្នុង​គោល​បំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រីក​រាលដាល​ទៅ​កាន់​តំបន់​ផ្សេង​ទៀត។

សេចក្តី​សម្រេច​នេះ​បញ្ជាក់​ថា៖ «ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិ​ទាំង​ពីរ​នេះ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន និង​ត្រូវ​បាន​ហាម​ឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ លើកលែង​តែ​ក្នុង​ករណី​ចាំបាច់»។

នៅថ្ងៃទី ៥ ខែ​ឧសភា នេះ​ផង​ដែរ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្តី​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​រយៈពេល ៥ ថ្ងៃ នូវ​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ​ចល័ត ដែល​បើក​ទទួល​អតិថិជន​ចូល​ទទួលទាន​អាហារ ភេសជ្ជៈ នៅ​ចន្លោះ​ម៉ោង ៨ យប់ ដល់​ម៉ោង ៣ ព្រឹក គិត​ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា។ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំង​នោះ​អាច​លក់ ជា​លក្ខណៈ វេច​ខ្ចប់​បាន។

សេចក្តី​សម្រេច​នេះ​បញ្ជាក់​ថា៖ «ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ​ចល័ត ដែល​បើក​ទទួល​អតិថិជន​ចូល​ទទួល​ទាន​អាហារ​មិន​ត្រូវ​លក់​គ្រឿង​ស្រវឹង​ជា​ដាច់​ខាត។ គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​ម៉ាត ហាង​លក់​ភេសជ្ជៈ ត្រូវ​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ»។

សេចក្តី​សម្រេច​បន្ត​ការ​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ត្រូវ​បាន​ផ្អាក ហើយ​រាល់​ការ​ធ្វើ​សកម្មភាព​កីឡា ដែល​មាន​លក្ខណៈ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​លើស​ពី ២ នាក់​ក៏​ត្រូវ​ផ្អាក​ដែរ។

លោក កែវ គុចសី អ្នក​នាំពាក្យ​សាលា​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃ​ទី ៦ ខែ​ឧសភា​ថា រហូត​មក​ដល់​ពេល​នេះ មាន​ភូមិ​មួយ​ចំនួន​ហើយ​ត្រូវ​បាន​បិទ​ខ្ទប់ ដែល​ភូមិ​ខ្លះ​មាន​ការ​បិទ​ខ្ទប់​មួយ​ផ្នែក ហើយ​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កំពង់ស្ពឺ មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នោះ​ទេ​។

លោក​ថ្លែង​ថា៖ «ក្នុង​ករណី​គាត់​មាន​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ បើ​យើង​រក​ឃើញ គឺ​យើង​យក​គាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ដែល​យើង​បាន​រៀបចំ»។

ដោយឡែក​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​នៅថ្ងៃទី ៥ ខែ​ឧសភា​នេះដែរ បាន​ចេញ​សេចក្តី​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ក្នុង​ទីតាំង​ភូមិ​តាកែវ និង​ភូមិ​សេដាសែនជ័យ ឃុំ​សេដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ ១៩ រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃទី ៥ ខែ​ឧសភា។

នៅ​ថ្ងៃទី៦ ខែ​ឧសភា រដ្ឋបាល​ខេត្ត​ក្រចេះ​បាន​ចេញ​សេចក្តី​សម្រេច​បិទ​ការ​ចេញ និង​ចូល​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទាវប៊ូ ឱសថស្ថាន​រង​សុខខេន ហាង​លីកាវ៉ាត ២៥oo, និង​ហាង​មីហឹរ​សេអ៊ូល ៧ កំរិត ស្ថិត​នៅ​សង្កាត់​ក្រចេះ និង​សង្កាត់​អូឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ចាប់​ពី​ថ្ងៃទី ៥ ខែ​ឧសភា រហូត​ដល់​មាន​សេចក្តី​សម្រេច​ជា​ថ្មី​មក​ជំនួស។

ចំណែក​ឯ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី ៥ ខែ​ឧសភា បាន​ចេញ​សេចក្តី​សម្រេច​ផ្អាក​អាជីវកម្ម ៣ ទីតាំង ដែល​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូវីដ ១៩ កាល​ពី​ថ្ងៃទី ២៧ ខែ​មេសា គិត​ចាប់​ពី​ថ្ងៃទី ៥ ខែ​ឧសភា រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។ ទីតាំង​ទាំង​នោះ​រួម​មាន បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ ហែម ភិរឹទ្ធ ស្ថិត​នៅ​ភូមិ​រវៀងត្បូង ឃុំ​រុងរឿង ស្រុក​រវៀង បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ មុំ រឹទ្ធី ស្ថិត​ក្នុង​ភូមិ​ឡអិដ្ឋ សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ និង​ផ្ទះ​សំណាក់ គីម សិរីភា ស្ថិត​ក្នុង​ភូមិងណ្តូងពោធិ សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ។

កាល​ពី​ថ្ងៃទី ៥ ខែ​ឧសភា រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​ចេញ​សេចក្តី​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ឃុំ​កំពង់ចិនត្បូង ឃុំ​កំពង់ចិនជើង ឃុំ​ចំណារលើ និង​ឃុំសំពោច នៃ​ស្រុកស្ទោង ខេត្ត​កំពង់ធំ នៅ​ចន្លោះ​ម៉ោង ៨ យប់​ដល់​ម៉ោង ៣ ព្រឹក ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា ដល់​ថ្ងៃទី ១២ ខែ​ឧសភា៕