The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភូមិ​វៀតណាម​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់

ភូមិ​វៀតណាម​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់

ភូមិ​បណ្តែត​ទឹក​និគមន៍​ជន​វៀតណាម ដែល​ស្ថិត​នៅ​លើ​បឹង​ទន្លេ​សាប ក្នុង ខេត្ត​កំពង់ឆ្នាំង។
ភូមិ​បណ្តែត​ទឹក​និគមន៍​ជន​វៀតណាម ដែល​ស្ថិត​នៅ​លើ​បឹង​ទន្លេ​សាប ក្នុង ខេត្ត​កំពង់ឆ្នាំង។ រូបថត សំ រិទ្ធ

ភូមិ​វៀតណាម​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់

កំពង់ឆ្នាំងៈ ខណៈ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​វៀតណាម ដង្ហែ​ក្បួន​និង​ដុត​ទង់​ជាតិ​វៀតណាម នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ ភូមិ​កណ្តាល ក្នុង ខេត្ត​កំពង់ឆ្នាំង មាន​សភាព​ស្ងប់​ស្ងាត់។ ប្រជាជន​ក្នុង​ភូមិ​នេះ ដែល​ស្ទើរ​ទាំង​អស់​គឺជា​ប្រជាជន​វៀតណាម។ ពួក​គេ​រស់​នៅ​ផ្ទះ​លើ​ទូក និង​នៅ​តាម​ច្រាំង​ទន្លេ​សាប។

ជនជាតិ​វៀតណាម មាន​ប្រមាណ ១០០០ គ្រួសារ​រស់​នៅ​ទី​នេះ រវាង​ពី ភូមិ​កណ្តាល ទៅ ភូមិ​ចុងកោះ។ ពួក​គេ​ស្ទើរ​ទាំង​អស់ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជន​អន្តោ​ប្រវេសន៍ បើ​ទោះ​បី​ជា​ពួក​គេ​មួយ​ចំនួន បាន​កើត​ក្នុង ប្រទេស​កម្ពុជា ក៏​ដោយ។

ជំរឿន​ទូទាំង​ប្រទេស ដែល​កំពុង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ ដែល​មាន​គោល​បំណង​និរទេស​ជន​អន្តោ​ប្រវេសន៍​គ្រប់​ជាតិ​សាសន៍​ដែល​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​បាន​និរទេស​ជន​បរទេស​យ៉ាង​ហោច​ណាស់ ៥០៧ នាក់ ដែល​ក្នុង​នោះ​មាន ៣៥០ នាក់ ជា​ជនជាតិ​វៀតណាម។ នេះ​បើ​តាម​លោក សុខ ផល អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ។

ខណៈ​ជនជាតិ​វៀតណាម នៅ​ភូមិ​បណ្តែត​ទឹក​ក្នុង ខេត្ត​កំពង់ឆ្នាំង មិន​ទាន់​ទទួល​រង​ផល​ប៉ះពាល់ ជន​ជាតិ​វៀតណាម មួយ​ចំនួន​មាន​ក្តី​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​ណា​មួយ ដែល​អាច​កើត​ឡើង​ចំពោះ​ពួក​គេ។

លោក យូចេន យ៉ុងថុង អាយុ ៥៣​ឆ្នាំ ជា​អ្នក​នេសាទ ដែល​ជា​ជនជាតិ​វៀតណាម ក្នុង ភូមិ​កណ្តាល បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ចង់​ឲ្យ​វៀតណាម រស់​នៅ​ក្នុង ប្រទេស​កម្ពុជា ហើយ​ចង់​និរទេស​ពួក​យើង​ទៅ​វៀតណាម វិញ​ខ្ញុំ​នឹង​ទៅ... ពីព្រោះ​ខ្ញុំ​មិន​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​ទី​នេះ​ទេ»។

លោក យ៉ុងថុង ដែល​និយាយ​ភាសា​ខ្មែរ​បែប វៀតណាម បាន​អះអាង​ថា លោក​បាន​កើត​និង​រស់​នៅ​ក្នុង ប្រទេស​កម្ពុជា ពេញ​មួយ​ជីវិត​របស់​លោក ហើយ​គ្រាន់​តែ​កាល​ពី​សម័យ ប៉ុល ពត បាន​រត់​ភៀស​ខ្លួន​ទៅ វៀតណាម ដើម្បី​គេច​ពី​ការ​សម្លាប់​របស់ ប៉ុល ពត ប៉ុណ្ណោះ។

បើ​ទោះ​បី​ជា​លោក យ៉ុងថុង មាន​កាត​អន្តោ​ប្រវេសន៍​និង​សៀវភៅ​ស្នាក់នៅ​ក្តី ស្ថានភាព​អន្តោ​ប្រវេសន៍​របស់​លោក​អាច​នឹង​មាន​បញ្ហា​នៅ​ពេល​លោក​បដិសេធ​មិន​ព្រម​បង់​ប្រាក់ ២៥ ម៉ឺន​រៀល (ប្រហែល ៦០ ដុល្លារ) ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ម្តង​ដែល​ទាមទារ​ដោយ​អាជ្ញាធរ​អន្តោ​ប្រវេសន៍​មូលដ្ឋាន។

លោក យ៉ុងថុង គូស​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​រស់​នៅ​លើ​ទឹក​អស់​រយៈ​ពេល​ជាច្រើន​ជំនាន់​មក​ហើយ​ហើយ​ខ្ញុំ​ត្រូវ​បង់​ប្រាក់​គ្រប់​ពេល ដើម្បី​ទទួល​បាន​ឯកសារ​ទាំង​នេះ»។

ចំណែក​លោក ផាំ មិនហុង អាយុ ៥៨​ឆ្នាំ ដែល​ជា​អ្នក​រើស​អេដចាយ នៅ​ក្នុង ភូមិ​កណ្តាល បាន​ថ្លែង​ថា លោក​មាន​ឯកសារ​អន្តោ​ប្រវេសន៍​ថ្មី​រួច​ហើយ ប៉ុន្តែ​លោក​នៅ​តែ​បារម្ភ​ថា ការ​បញ្ឆេះ​ភ្លើង​ប្រឆាំង​វៀតណាម នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​លោក។ លោក​បន្ត​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច នៅ​ពេល​ខ្មែរ​ក្រោម ធ្វើ​បាតុកម្ម ប៉ុន្តែ​ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នេះ»។

រលក​នៃ​ការ​តវ៉ា​ប្រឆាំង​វៀតណាម នា​ពេល​ថ្មីៗ​នេះ គឺ​បង្ក​ឡើង​ពី​មូល​ហេតុ​កាល​ពី ខែ​មិថុនា ដែល​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ត្រាន វ៉ាន់ថុង បាន​អធិប្បាយ​កាឡៃ​ប្រវត្តិសាស្ត្រ​ថា ទឹក​ដី​កម្ពុជា​ក្រោម​គឺជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ខណៈ​ដែល​ទឹក​ដី​នេះ ទើប​តែ​ត្រូវ​បាន​អាណា​និគមន៍​បារាំង កាត់​ប្រគល់​ទៅ​ឲ្យ​វៀតណាម ត្រួត​ត្រា នៅ​ថ្ងៃ ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

នៅ​ពេល​សួរ​អំពី​ការ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ លោក យ៉ុងថុង បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដែល​ឮ ឬ​ដឹង​អំពី​ខ្មែរ​ក្រោម​ទេ។ បើ​សូម្បី​នៅ​ពេល​ខ្ញុំ​មើល​ទូរទស្សន៍​ឃើញ​បាតុកម្ម​នេះ ខ្ញុំ​មិន​ដែល​ស្គាល់​ថា​ពួក​គេ​ជា​នរណា​ទេ»។

លោក អាង ចន្ទរិទ្ធ នាយក​ប្រតិបតិ្ត​នៃ​អង្គការ​សិទិ្ធ​ជនជាតិ​ភាគ​តិច (MIRO) បាន​ថ្លែង​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​សហគមន៍​វៀតណាម ប្រសិន​បើ​បាតុកម្ម​ក្លាយ​ជា​អំពើ​ហិង្សា។ អំពើ​ហិង្សា​ប្រឆាំង​វៀតណាម បាន​ផ្ទុះ​ឡើង​យ៉ាង​ហោច​ណាស់ ២ លើក​នៅ​ភ្នំពេញ ក្នុង ឆ្នាំ​២០១៤ ដោយ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ ត្រូវ​បាន​ហ្វូង​មនុស្ស​វាយ​សម្លាប់​នៅ ខណ្ឌ​មាន​ជ័យ កាល​ពី ខែ​កុម្ភៈ និង​ហាង​កាហ្វេ​វៀតណាម​មួយ​កន្លែង​តាម​ផ្លូវ​វេងស្រេង​ត្រូវ​បាន​បំផ្លាញ​កាល​ពី​ខែ​មករា។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​បាតុករ ធ្វើ​បាតុកម្ម បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ត្រូវ​បាន​បន្ទោស​ដោយ​ប្រជាជន​ថា ជា​អាយ៉ង​វៀតណាម»។

លោក​បន្ថែម​ថា ការ​បង្ក្រាប​ហិង្សា​មក​លើ​បាតុករ​ប្រឆាំង​វៀតណាម នឹង​អាច​បញ្ឆេះ​កំហឹង​មក​លើ​ប្រជាជន ដែល​មាន​ដើម​កំណើត​វៀតណាម។ លោក ចន្ទរិទ្ធ ដែល​បាន​ឯកភាព​ជា​គោល​ការណ៍ ចំពោះ​ការ​និរទេស​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​គ្មាន​ឯកសារ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ផ្តល់​សញ្ជាតិ អនុលោម​តាម​ច្បាប់​ស្តីពី​សញ្ជាតិ​របស់​កម្ពុជា។

លោក​បាន​បន្ត​ថា៖ «យើង​តែង​តែ​ចោទ​សួរ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដែល​ចាត់​ទុក [វៀតណាម​កើត​នៅ​កម្ពុជា] មិន​មែន​ជា​ជន​អន្តោ​ប្រវេសន៍។ ...ប្រសិន​បើ​យើង​ពិនិត្យ​មើល​ច្បាប់​ស្តីពី​សញ្ជាតិ ពួក​គេ​មួយ​ចំនួន​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ»។

សញ្ជាតិ​កម្ពុជា គឺ​ពិបាក​ទទួល​បាន​ណាស់​ចំពោះ​ជន​ជាតិ​វៀតណាម ដែល​មាន​ប្រវតិ្ត​រស់​នៅ​ជា​យូរ​មក​ហើយ​នៅ​កម្ពុជា។

លោក ផាម មីនហុង អ្នក​ប្រមូល​អេត​ចាយ​ដែល​និយាយ​ភាសា​ខ្មែរ​ស្ទាត់​និង​មាន​តុង​ខ្មែរ បាន​ថ្លែង​ថា លោក​រស់​នៅ​មួយ​ជីវិត​នៅ ខេត្ត​កំពង់ឆ្នាំង។ ប៉ុន្តែ បើ​ទោះ​បី​ជា​លោក​កើត​នៅ​កម្ពុជា និង​រៀបការ​ជាមួយ​នឹង​នារី​ខ្មែរ​ក៏​ដោយ ក៏​ប៉ុន្តែ លោក​មិន​មែន​ជា​ពលរដ្ឋ​កម្ពុជា ឬ​ក៏​ពលរដ្ឋ​វៀតណាម​ទេ។ ជា​បុគ្គល​គ្មាន​ប្រទេស​លោក​ត្រូវ​តែ​ស្នើ​សុំ​កាត​អន្តោ​ប្រវេសន៍ និង​កាត​ស្នាក់​នៅ​រៀង​រាល់ ២ ឆ្នាំ​ម្តង ដើម្បី​រស់​នៅ​ក្នុង ប្រទេស​កម្ពុជា ដោយ​ស្រប​ច្បាប់។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ច្រណែន​នឹង​អ្នក​ដទៃ​ទៀត ដែល​មាន​សញ្ជាតិ ព្រោះ​ខ្ញុំ​រស់​នៅ​ទីនេះ​ច្រើន​ជំនាន់​ហើយ ប៉ុន្តែ ខ្ញុំ​នៅ​តែ​មិន​អាច​បោះ​ឆ្នោត និង​រស់​នៅ​ដោយ​ស្ថិរភាព​បាន»។

លោក ចន្ទរិទ្ធ បាន​ថ្លែង​ថា វា​កម្រ​ណាស់ ដែល​គ្រួសារ​វៀតណាម កម្ពុជា មាន​ឯកសារ​ផ្លូវ​ច្បាប់​មុន​របប​ខ្មែរ​ក្រហម ដោយ​សារ​តែ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​សហគមន៍​នេះ។ លោក ចន្ទរិទ្ធ បន្ត​ថា៖ «ជន​ជាតិ​វៀតណាម ខ្លះ​មួយ​ជីវិត​មិន​បាន​ស្គាល់​សៀវភៅ​គ្រួសារ សំបុត្រ​កំណើត ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​ទេ»។

លោក ចន្ទរិទ្ធ ជឿ​ជាក់​ថា ពួក​គេ​សម​នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង​ដែល​ថា គណបក្ស​ប្រជាជន អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​ខុស​ច្បាប់ បើ​ទោះ​បី​ជា​លោក​ក៏​បាន​បន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដែល​បាន​ប្រើ​ប្រាស់​អារម្មណ៍​ប្រឆាំង​វៀតណាម ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​គាំទ្រ​គណបក្ស​ខ្លួន។ គណបក្ស​ទាំង​ពីរ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ម្តង​ហើយ​ម្តង​ទៀត។

នៅ ភូមិ​កណ្តាល ក្នុង ខេត្ត​កំពង់ឆ្នាំង ដែល​លោក ចន្ទរិទ្ធ ប៉ាន់​ប្រមាណ​ថា ជន​ជាតិ​វៀតណាម តិច​ជាង ១០ ភាគ​រយ មាន​សញ្ជាតិ​ខ្មែរ​នោះ ការ​បោះ​ឆ្នោត ពុំ​មែន​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ភាគ​ច្រើន​ទេ។

លោក ដូ យ៉ុងអ៊ុន អ្នក​នេសាទ និង​ជា​សមាជិក​គណៈ​កម្មាធិការ​ក្នុង​វត្ត​មួយ បាន​ថ្លែង​ថា ការ​ខិតខំ​លើក​ឋានៈ​របស់​លោក​ទៅ​ជា​សញ្ជាតិ​ខ្មែរ​ត្រូវ​បាន​គេ​បដិសេធ។ លោក​បាន​បន្ត​ថា៖ «ពេល​ខ្ញុំ​ស្នើ​សុំ គេ​ថា ខ្ញុំ​មិន​គ្រប់​លក្ខណៈ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ទេ»។ លោក​អះអាង​ថា បុព្វការីជន​របស់​លោក​នៅ​កម្ពុជា រស់​នៅ​មុន​រជ្ជកាល​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ទៅ​ទៀត ដែល​រជ្ជកាល​នោះ ចាប់​ផ្តើម​នៅ ឆ្នាំ​១៩៤១។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ គំនិត​និរទេស​ហាក់​ដូច​ជា​មិន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ភូមិ​បណ្តែត​ទឹក​នៅ ខេត្ត​កំពង់ឆ្នាំង នេះ​ទេ។ ដោយ​វៀតណាម មាន​ជា​យូរ​មក​ហើយ​នៅ​តំបន់​នោះ អ្នក​រស់​នៅ​ទីនោះ​ដែល​ថ្លែង​ប្រាប់ កម្ពុជា​ចុង​សប្តាហ៍ អាច​រំឭក​ពី​ពេល​វេលា​ដែល​អ្នក​ជិត​ខាង​ត្រូវ​បាន​និរទេស​ដោយ​សារ​តែ​ជា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។

ទោះ​ជា​យ៉ាង​ណា លោក យ៉ុងអ៊ុន និង​អ្នក​ភូមិ​ដទៃ​ទៀត បាន​ថ្លែង​ថា ពួកគេ​ទទួល​យក​ភាព​គ្មាន​អំណាច ហើយ​មិន​តវ៉ា​ទេ ប្រសិន​បើ​គេ​ប្រាប់​ឲ្យ​ចាក​ចេញ។

លោក​បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​គេ​ចង់​និរទេស​យើង​ពី​កន្លែង​នេះ​ខ្ញុំ​នឹង​ទៅ ព្រោះ​អ្នក​រាល់​គ្នា​ចាក​ចេញ ដូច្នេះ ខ្ញុំ​ត្រូវ​ចាក​ចេញ​ជាមួយ​នឹង​ពួក​គេ​ដែរ។ ប៉ុន្តែ ខ្ញុំ​ក៏​ភ័យ​ខ្លាច​នឹង​ការ​ចាក​ចេញ​ពី​ប្រទេស​ដែល​ខ្ញុំ​ចាប់​កំណើត​ផង​ដែរ»។

លោក សុខ ផល ប្រធាន​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​លើក​ឡើង​របស់​ជន​ជាតិ​វៀតណាម​ទាំង​នេះ ព្រោះ​គេ​កំពុង​តែ​ដំណើរ​ការ​ធ្វើ​ជំរឿន៕

អត្ថបទគួរចាប់អារម្មណ៍