បន្ទាយមានជ័យៈ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា នៅ​ភូមិ​អូរស្ងួត ឃុំ​អូរប្រាសាទ ស្រុក​មង្គលបុរី​មាន​ករណី​ផ្ទុះ​ជំងឺ​គ្រុនឈីក​ (Chikunnguya) ​ដែល​ធ្វើឲ្យ​មនុស្ស​ប្រមាណ​ ៥០ ​នាក់ ​មាន​អាការ​ក្តៅខ្លួន ឈឺសន្លាក់​ដៃជើង ឈឺ​សាច់ដុំ ចេញ​កន្ទួល​លើ​ស្បែក ខណៈ​ជំងឺ​នេះ​កំពុង​បន្ត​រាលដាល​ទៅ​ភូមិ​ ៤ ​ទៀត​ដែល​នៅ​ជិត​នោះ​។

លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​យប់​ថ្ងៃទី​ ៧ ​កញ្ញា មាន​ករណី​ផ្ទុះ​ជំងឺ​ឈីក​ជាថ្មី​ទៀត​នៅក្នុង​ខេត្ត​នេះ​ដោយ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​បន្ទាន់ បាន​ឃើញ​ករណី​សង្ស័យ​ចំនួន ៤៩ ​នាក់ ​ស្រី​ ២៧ ​នាក់ ប្រុស​ ២២ ​នាក់​ ក្នុង​នោះ​មាន​កុមារ​ ៣៥ ​នាក់​។

លោក​បន្តថា បន្ទាប់ពី​រកឃើញ​យ៉ាង​ដូច្នេះ​ក្រុម​ការងារ​បាន​បញ្ជូន​អ្នកជំងឺ​ទាំង​នោះ​មក​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​មង្គលបុរី​ចំនួន​ ២៣ ​នាក់ (​កុមារ ១៥ ​នាក់​)​។ ​ពួកគេ​មាន​រោគសញ្ញា​ក្តៅខ្លួន ៣៩ ​ដល់ ៤០ ​អង្សាសេ ឈឺសន្លាក់​ដៃជើង ឈឺ​សាច់ដុំ ចេញ​កន្ទួល​លើ​ស្បែក វិលមុខ ក្អួតចង្អោរ​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​បាន​បញ្ជូន​ក្រុម​ឆ្លើយតប​បន្ទាន់​ (RRT) ​ចុះ​ស្រាវជ្រាវ និង​អន្តរាគមន៍​ព័ត៌មាន​បឋម ក្រុមការងារ​ឃើញ​ករណី​សង្ស័យ ចំនួន​ ៤៩ ​នាក់ ។ តាម​ការចុះពិនិត្យ និង​ការត្រួតពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឃើញ​ថា មិនមាន​សភាព​ធ្ងន់ធ្ងរ​ទេ តែ​នៅ​មាន​ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់​ដៃជើង ហើយ​គ្រូពេទ្យ​បន្ត​ការតាមដាន​សភាព​អ្នកជំងឺ យ៉ាង​យកចិត្ត​ទុកដាក់​»​។

បន្ថែម​ពីនេះ​លោក ឡេ ច័ន្ទសង្វាត បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​បញ្ចប់​ការងារ និង​បន្ត​តាមដាន​ករណី​គ្រុនឈីក​នៅ​ភូមិ​អូរស្ងួត​នេះ ក្រុម​ការងារ​​ក៏​កំពុង​សង្ស័យថា មាន​ការរីករាលដាល​នៃ​ជំងឺ​នេះ​ទៅ​ភូមិ​ដែល​នៅ​ក្បែរៗ​នោះ​ចំនួន​ ៤ ​ភូមិ​ទៀត​ដែរ​។

លោក​ថា ការអន្តរាគមន៍​បន្ទាន់​កំពុង​បន្ត​ស្រាវជ្រាវ​ករណី​សង្ស័យ​បន្ថែម​ទៀត​ដើម្បី​បញ្ជូន​រក​សេវា​ព្យាបាល និង​ថែទាំ និង​បូម​ឈាម​រក​ករណី​សង្ស័យ​ផ្សេងទៀត ដើម្បី​ស្រាវជ្រាវ​មេរោគ​គ្រុនឈីក​។

លោក​បញ្ជាក់​បន្ថែម​ថា​៖ «​មកទល់​ពេល​នេះ​មាន​ករណី​ថ្មី​កើត​មាន​ទៀត តែ​មិន​ច្រើន​ទេ​។ ក្រុមការងារ​យើង​កំពុង​ចុះ​អប់រំ​ផ្សព្វផ្សាយ​នូវ​សារ​សុខភាព ការបង្ការ និង​ការលុបបំបាត់​ជម្រក​មូស​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ ពិសេស​ការចុះ​ដាក់​អាបែត​បន្ថែម និង​ការបាញ់​ថ្នាំ​មូស​តំបន់​គោលដៅ​»​។

កាលពី​ខែ​កក្កដា​ នៅ​ខេត្ត​នេះ​ក៏មាន​ផ្ទុះ​ជំងឺ​គ្រុនឈីក​នេះដែរ ដោយ​មាន​ពលរដ្ឋ​ជិត​ ២០០ ​នាក់​ រស់នៅ​ភូមិ​ក្បាលកោះ ភូមិ​អូរជ្រៅ ភូមិ​ប៉ោយប៉ែត ភូមិ​ព្រៃគប់ ភូមិ​អូរនាង ​និង​អូរឫស្សី​នៃ​សង្កាត់​ប៉ោយប៉ែត បាន​កើត​ជំងឺ​នេះ​។ គិត​ត្រឹម​ខែ​កក្កដា ជំងឺ​គ្រុនឈីក​បាន​ផ្ទុះ​ឡើង​ដល់​ ១៥ ​ខេត្ត​នៅ​កម្ពុជា និង​មាន​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​នេះ​បាន​កើន​ដល់​ជិត ២ ០០០ ​នាក់​។ នេះ​បើ​យោង​តាម​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​កាលពី​ខែ កក្កដា បាន​ប្រកាស​ថា ជំងឺ​គ្រុនឈីក​គឺជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​ឈីក​ដែល​ចម្លង​តាមរយៈ​មូស​ខ្លាញី​ខាំ ជាពិសេស​ខាំ​នៅពេល​ថ្ងៃ​។ រោគសញ្ញា​ជំងឺ​នេះ​ស្រដៀង​នឹង​ជំងឺ​គ្រុនឈាម​ដែរ ដោយ​គ្រាន់តែ​អ្នក​ផ្ទុក​ជំងឺ​គ្រុនឈីក​មាន​អាការ​ក្តៅខ្លួន ឡើង​កន្ទួល​ក្រហម និង​ឈឺសន្លាក់​រាងកាយ​។

តែ​​ជំងឺ​គ្រុនឈីក​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ ដោយ​វា​នឹង​ជា​សះ​វិញ​ក្នុង​​អំឡុង​ពេល​ ១ ​សប្តាហ៍ ឬ​យូរ​ជាង​នេះ​ដោយ​គ្រាន់តែ​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​​អាការ​ឈឺសន្លាក់​ដៃជើង​យូរ​ឆ្នាំ​។ ​ប៉ុន្តែ​ប្រសិន​បើ​អ្នកជំងឺ​ឈីក​កើត​ក្នុង​អំឡុង​​ពេល​មាន​ជំងឺ​ផ្សេង​ទៀត​ដូចជា ជំងឺ​គ្រុនឈាម គ្រុនចាញ់ នឹង​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​បាន​។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​៕